លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្ដាលចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការដាក់ឲ្យប្រើប្រាស់ផ្លូវការនូវការជួញដូរប្រាក់រៀលនៅក្នុងទីផ្សារអន្តរធនាគារ តាំងពីដើមខែសីហា កន្លងទៅ ដើម្បីសម្រួលដល់ការទូទាត់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
មិនតែប៉ុណ្ណោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រាក់យ៉ន់ចិនត្រូវបានទទួលស្គាល់កាន់តែទូលំទូលាយលើឆាកអន្តរជាតិ សម្រាប់ការទូទាត់ពាណិជ្ជកម្មជាមួយប្រទេសនានា ហើយការប្រើប្រាស់ប្រាក់យ៉ន់សម្រាប់ទូទាត់ពាណិជ្ជកម្មរវាងចិននិងកម្ពុជានេះ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងជាពិសេស ការវិនិយោគបន្ថែមទៀតពីចិនមកកម្ពុជា។
យ៉ាងណាក៏ដោយ ការទទួលស្គាល់ប្រាក់រៀលខ្មែរនៅប្រទេសចិននៅមិនទាន់ភាពទូលំទូលាយនៅឡើយ ពោលគឺនៅជំហានដំបូងនេះ ការចរាចរប្រតិបត្តិការទូទាត់ជាប្រាក់រៀលនៅប្រទេសចិនទើបតែមាននៅខេត្តណាននីងមួយប៉ុណ្ណោះ ខណៈដែលការទទួលស្គាល់ប្រាក់យ៉ន់ចិន នៅកម្ពុជា ហាក់មានច្រើនពីសំណាក់គ្រឹះស្ថានធនាគារនិងពាណិជ្ជករ។
ជាក់ស្ដែង មកដល់បច្ចុប្បន្ន មានគ្រឹះស្ថានធនាគារចំនួន១៧ហើយ ដែលបាននិងកំពុងធ្វើប្រតិបត្តិការជាប្រាក់យ៉ន់ ហើយក្នុងនោះ មានធនាគារចំនួន៤ បានទទួលស្គាល់ប្រាក់យ៉ន់ជាប្រាក់បញ្ញើ រួមមាន ធនាគារ ICBC ធនាគារចិនសាខាភ្នំពេញ ធនាគារកាណាឌីយ៉ា និងធនាគារពាណិជ្ជទី១។
លើសពីនេះ បើគិតត្រឹមខែសីហាមុននេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារដែលមានជាប្រាក់យ៉ន់ចិន នៅក្នុងតារាងតុល្យការ មានទំហំទឹកប្រាក់សរុបប្រមាណ៦៨លានដុល្លារអាមេរិក។ ក្នុងនោះ ប្រតិបត្តិការផ្ទេរប្រាក់យ៉ន់ចិនចេញចូលក្នុងប្រទេសកម្ពុជាមានទឹកប្រាក់សរុបប្រមានជិត៥៦លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ លោកជំទាវ ជា សិរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានលើកឡើងដែរថា គិតមកទល់ពេលនេះ ការទូទាត់ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាចិនដោយប្រើប្រាស់ប្រាក់យ៉ន់ ទើបតែមានជាង ២,៥ប៊ីលានយ៉ន់ ឬស្មើប្រមាណតែ៧%ប៉ុណ្ណោះ នៃការទូទាត់ពាណិជ្ជកម្មសរុប ខណៈដែលជាង៩០%ទៀត គឺជាការទូទាត់ជាមួយលុយដុល្លារអាមេរិក។
ដូច្នេះ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាខាងភាគីចិន នឹងបន្តជំរុញប្រតិបត្តិការទូទាត់ដោយប្រើរូបិយវត្ថុប្រទេសទាំងពីរនេះ ឲ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគ និងដើម្បីកាត់បន្ថយនូវហានិភ័យនៃអត្រាប្តូរប្រាក់បានមួយចំនួនធំផងដែរ។ លោកជំទាវ ជា សិរី បានគូសបញ្ជាក់ទៀតថា ការដាក់ឲ្យដំណើរការប្រាក់យ៉ន់ និងរៀលសម្រាប់ការទូទាត់ពាណិជ្ជកម្មនេះ នឹងជំរុញឲ្យការប្រើប្រាស់ប្រាក់រៀលកាន់តែមានច្រើនជាងមុន តែយ៉ាងណា ក៏ត្រូវមានការចូលរួមចំណែកពីវិស័យឯកជនផងដែរ។
លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងសាទរចំពោះការជំរុញឲ្យមានប្រតិបត្តិការទូទាត់ពាណិជ្ជកម្ម ជាប្រាក់យ៉ន់បន្ថែមទៀតនៅកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា វានឹងផ្ដល់ជម្រើសបន្ថែម និងភាពងាយស្រួលដល់ពាណិជ្ជករចិននិងកម្ពុជា ក្នុងការដោះដូរទំនិញជាលក្ខណៈទ្វេភាគី។
លោកក៏សង្ឃឹមដែរថា អនាគតនឹងមានការសហការទូទាត់ពាណិជ្ជកម្មជាមួយនឹងរូបិយវត្ថុនៃបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត ដើម្បីឲ្យពាណិជ្ជករ ក៏ដូចជាអ្នកវិនិយោគមានជម្រើសកាន់តែច្រើន។ ទោះយ៉ាងណា លោកក៏បានស្នើឲ្យធនាគារជាតិនៃកម្ពុជា ធ្វើយ៉ាងណាបង្កើតឲ្យមានជាសន្ដិសុខរូបិយប័ណ្ណ ដូចជាការបង្កើតសន្ដិសុខស្បៀង និងសន្ដិសុខថាមពល ដូចដែលមានកន្លងមក ព្រោះវាមានសារសំខាន់ណាស់ក្នុងការផ្ដល់នូវទំនុកចិត្តសម្រាប់អ្នកវិនិយោគជាមួយនឹងបណ្ដាប្រទេសក្នុងសកលលោក។
សូមជម្រាបដែរថា ប្រទេសចិនគឺជាម្ចាស់ជំនួយចំណាត់ថ្នាក់ទី១ របស់កម្ពុជា និងជាដៃគូពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ដ៏សំខាន់ផងដែរ។ តួយ៉ាង កាលពីឆ្នាំ២០១៦ ទំហំទឹកប្រាក់នាំចូលពីចិនសរុបមានប្រមាណជាង៤៥០០លានដុល្លារ កើនឡើង១៥% ឬស្មើប្រមាណជាង៣៦%នៃការនាំចូលសរុប ខណៈដែលការនាំចេញរបស់កម្ពុជាទៅចិនមានទំហំទឹកប្រាក់សរុបប្រមាណជាង៦០០លានដុល្លារ ឬស្មើនឹង៦%នៃការនាំចេញសរុប៕