
នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ សហគ្រិនខ្មែរ បានរៀបចំ “ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី” លើកទី២ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ។ ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី ផ្តល់ជាវេទិកាដ៏សំខាន់មួយ ដែលប្រមូលផ្តុំភាគីពាក់ព័ន្ធឱ្យមកជួបជុំគ្នា ចែករំលែកការយល់ដឹង និងសហកាគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចរបស់កម្ពុជា។


ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ីលើកទី២នេះ រួមមានការបង្ហាញលម្អិតអំពីសមិទ្ធផលសំខាន់ៗ រយៈពេល៤ឆ្នាំ របស់សហគ្រិនខ្មែរ ការបង្ហាញគំនិតផ្តួចផ្តើមថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរួម តាមរយៈការចេញផ្សាយសៀវភៅប្រចាំឆ្នាំរបស់ខ្លួន។ លើសពីនេះ កម្មវិធីក៏បានរៀបចំឱ្យមានកិច្ចសន្ទនា រវាងតំណាងក្រសួង-ស្ថាប័ន ស្ថានទូត ដៃគូអភិវឌ្ឍន៍ សមាគមធុរកិច្ច និងភាគីពាក់ព័ន្ធផ្សេងៗ ដោយផ្តោតលើការពង្រឹងភាពជាដៃគូ ដើម្បីគាំទ្រដល់សហគ្រិនក្នុងស្រុកផងដែរ។
គិតមកដល់ពេលនេះ សហគ្រិនខ្មែរ បានផ្តល់ការគាំទ្រដល់អ្នកទទួលផលប្រមាណ៥៧,០០០នាក់ និងបានផ្តល់ ហិរញ្ញប្បទានដល់សហគ្រិនចំនួន៧៦០នាក់នៅទូទាំងប្រទេស។ ក្នុងនាមជាអង្គភាពបរធនបាលរបស់រដ្ឋាភិបាល សហគ្រិនខ្មែរ បាននិងកំពុងអនុវត្តកម្មវិធី និងសហការដោយផ្ទាល់ជាមួយដៃគូ និងអ្នកទទួលផល។






