អតិថិជនទាំងអស់ ដែលទិញទឹកដោះគោសុទ្ធពីធម្មជាតិ១០០ ភាគរយ របស់កសិដ្ឋានគិរីសួគ៌មួយដប ចំណុះ២ លីត្រ ឬ ចំណុះ៨៣០មីលីលីត្រ នឹងទទួលបានទឹកដោះគោ ១ដប ទំហំដូចគ្នាបន្ថែមទៀតដោយឥតគិតថ្លៃ ។
ទឹកដោះគោសុទ្ធពីធម្មជាតិ១០០ ភាគរយរបស់កសិដ្ឋានគិរីសួគ៌ អាចរកទិញបានតាម ផ្សារនិងហាងទំនើបធំៗទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដូចជានៅផ្សារអុីអន ផ្សារម៉ាក្រូ ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន និងផ្សារទំនើបជាច្រើនផ្សេងទៀត ។
លោក ឈរ រិទ្ធី នាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក មានប្រសាសន៍ថា ៖ «យើងជាក្រុមហ៊ុនក្នុងស្រុក មានលក្ខណៈស្តង់ដារអន្តរជាតិ ហើយក្រុមហ៊ុនក៏មានមោទនភាពដែលយើងអាចជួយប្រជាពលរដ្ឋរបស់យើងក្នុងដំណាក់កាលដ៏លំបាកនៃសម័យកូវីដនេះ ។»
ក្រុមហ៊ុនជាច្រើនក្នុងស្រុកបានបន្តការជួយដល់ប្រទេសកម្ពុជា តាមរយៈការបញ្ចុះតម្លៃ ឬការបរិច្ចាគដល់បុគ្គលិកជួរមុខរបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។
នាពេលថ្មីៗនេះ ក្រុមហ៊ុនបានបរិច្ចាគទឹកដោះគោស្រស់រាប់រយដប និងយ៉ាអួរាប់រយកំប៉ុងសម្រាប់គ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ ឬហៅកាត់ថា TYDA ដើម្បីអោយក្រុមគ្រូពេទ្យដ៏ក្លាហានវ័យក្មេងដែលកំពុងធ្វើការនៅជួរមុខទំាងអស់នោះទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់ ។
ការផ្ដល់ជូននាពេលនេះ គឺធ្វើឡើងក្នុងខែមេសាពេញតែម្ដង ហើយក្រុមហ៊ុននឹងពិចារណាបន្តការផ្ដល់ជូននេះ អាស្រ័យលើស្ថានភាពជាក់ស្ដែង ។
លោក ឈរ រិទ្ធី បានបន្ថែមទៀតថា ៖ «យើងក៏មានគោលបំណងជួយទ្រទ្រង់នូវសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋយើង ដោយផ្តល់នូវកម្មវិធីដែលទិញ១ថែម១នេះ ប៉ុន្តែយើងក៏លើកទឹកចិត្តអោយប្រជាពលរដ្ឋរបស់យើងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍របស់រដ្ឋាភិបាល គឺ៣ការពារ និង ៣កុំ។ ដូចនេះការប្រូម៉ូត ឬកម្មវិធី ទិញ១ថែម១នេះ គឺយើងអាចជួយគាត់ក្នុងការកាត់បន្ថយនូវចំនួនដែលគាត់ទៅដើរផ្សារ ឧទាហរណ៌ពីមុនគាត់ទៅ៣ដងក្នុង១អាទិត្យ ឥឡូវគាត់អាចទៅម្ដង ឬ ២ដងក្នុង១អាទិត្យ ។»
ផលិតផលទឹកដោះគោសុទ្ធ ១០០ ភាគរយរបស់កសិដ្ឋានគិរីសួគ៌អាចរកទិញបាន តាមរយៈកម្មវិធីដឹកជញ្ជូនតាមទូរស័ព្ទ Nham24 នេះបានន័យថាអតិថិជនអាចកាត់បន្ថយការធ្វើដំណើទៅផ្សារ ក្នុងកំឡុងពេលដ៏លំបាកនេះ ដែលនឹងចូលរួមក្នុងវិធានរក្សាគម្លាតសុវត្ថិភាព ហើយជួយប្រទេសជាតិឱ្យជៀសផុតពីវិបត្ដិនេះផងដែរ ។
ដើម្បីស្វែងយល់បន្ថែមអំពីកសិដ្ឋានផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា សូមចូលមើលទំព័រហ្វេសប៊ុក https://www.facebook.com/kirisufarm ៕