លោក នេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បាននិយាយបា្រប់អ្នកសារព័ត៌មានតាមតេឡេក្រាម ដូច្នេះថា ៖ «យើងអាចបញ្ជាក់បានថា ជនជាប់ចោទ នួន ជា អាយុ ៩៣ឆ្នាំ បានទទួលមរណភាពហើយ នៅល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។»
លោក នេត្រ ភក្រ្តា បាននិយាយបន្ថែមថា លោក នួន ជា ដែលជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា ត្រូវបានគេដឹកពីមន្ទីរឃុំឃាំងសាលាក្តីខ្មែរក្រហម មកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត តាំងពីថ្ងៃទី២ ខែកក្កដា មកម្ល៉េះ។
លោក នេត្រ ភក្ត្រា បន្តដូច្នេះថា ៖ «ក្រុមគ្រួសាររបស់ នួន ជា ត្រូវបានគេជូនដំណឹងរួចហើយ។»
លោក នួន ជា កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦ នៅខេត្តបាត់ដំបង ហើយក៏ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍និងគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនីស្តកម្ពុជា និងជាប្រធានសភាប្រជាជនកម្ពុជាប្រជាធិបតេយ្យ។
លោក នួន ជា ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ ដើម្បីជំនុំជម្រះនៅចំពោះមុខតុលាការកូនកាត់ដែលមានសមាសភាពតំណាងភាគីកម្ពុជានិងអង្គការសហប្រជាជាតិ ពីបទប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
លោក នួន ជា ត្រូវបានតុលាការរកឃើញថា មានពិរុទ្ធភាពពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤។
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក នួន ជា ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពីបទប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្នុងសំណុំរឿង ០០២/០២ ដោយរួមមានទាំង លោក ខៀវ សំផន ដែលជាប្រមុខរដ្ឋរបស់ខ្មែរក្រហម ផងដែរ។
បច្ចុប្បន្ននេះ នៅសល់តែលោក ខៀវ សំផន និងលោក កាំង ហ្គេកអ៊ាវ ហៅ ឌុច ប៉ុណ្ណោះ ដែលកំពុងជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីត្រូវបានតុលាការរកឃើញថា មានទោសពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ៕