កុមារី ថា គន្ធា ជាសិស្សថ្នាក់ទី៦ ដែលកំពុងទទួលកាតាបប្រកបដោយស្នាមញញឹម បានរៀបរាប់ថា៖«ខ្ញុំមានអារម្មណ៍សប្បាយខ្លាំង។ កាតាបនេះ ខ្ញុំនឹងយកទៅដាក់សៀវភៅ ដាក់ប៊ិច និងសម្ភារប្រើប្រាស់ទាំងអស់។ វាមានអត្ថប្រយោជន៍ ដោយសារខ្ញុំមកសិក្សាមានកាតាមស្ពាយដូចគេដូចឯង»។ ដូចគ្នាដែរ កុមារា នីម សុភក្រត្រា ជាសិស្សថ្នាក់ទី៦ បានស្ពាយកាតាប បាននិយាយថា៖ «ខ្ញុំចង់អរគុណដល់បុរី ប៉េង ហួត ដែលបានចុះមកចែកកាតាបដល់សាលារបស់ខ្ញុំ»។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
លោក អ៊ុក វីឡា នាយកផ្នែកធនធានមនុស្សតំណាងឲ្យក្រុមហ៊ុន ប៉េង ហួត គ្រុប បានឲ្យដឹងថា កាតាបនៃក្តីសង្ឃឹម ជាកម្មវិធីសប្បុរសធម៌មួយក្នុងចំណោមសកម្មភាពជាច្រើនរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលតែងតែចូលរួមជួយជំរុញការអភិវឌ្ឍន៍សង្គមជាមួយរដ្ឋាភិបាលកម្ពុជា។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «កាតាបរបស់យើង បានបង្កប់នូវទស្សនវិស័យមួយឲ្យក្មេងៗ កាលណាគាត់ឃើញកាតាបហ្នឹង គាត់នឹកឃើញដល់សម្តីរបស់ប៉េងហួតគ្រុប ដែលផ្តល់ជាអនុសាន៍ថា គាត់នឹងជោគជ័យបើសិនគាត់ខំរៀនសូត្រ។ ម្យ៉ាទៀត ប៉េង ហួត គ្រុប ទាំងមូល ជាគោលការណ៍ យើងមានភារកិច្ចមួយក្នុងការចូលរួមជួយសង្គម។ ដូច្នេះ ក្រៅពីកាតាប មានសកម្មភាពជាច្រើនទៀត ដែលយើងបានធ្វើ ដូចជា ការសង់ផ្លូវ សាលារៀន បរិច្ចាគឈាមដល់គន្ធបុផ្ផា…»។
បើតាម លោក អ៊ុក វីឡា ការធ្វើសកម្មភាពសប្បុរធម៌ជាបន្តបន្ទាប់របស់ក្រុមហ៊ុន គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងជួយដល់សង្គមឲ្យមានការអភិវឌ្ឍន៍ ពីព្រោះ ភាពជោគជ័យរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលចាប់ពីផ្តើមពីគម្រោងមួយនៅក្នុងឆ្នាំ២០០៥ រហូតមានគម្រោងជាង៣០រហូតមកដល់សព្វថ្ងៃនេះ គឺដោយសារសង្គមជាតិមានការរីកចម្រើន៕