ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានផ្សាយថា លោក ឆូ សុន ហ៊ូ (Choe Son Hui) ដែលជាសមាជិកដ៏សំខាន់មួយរូប នៃក្រុមចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិកនោះ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងហើយ។
ការតែងតាំងនេះធ្វើឡើងស្របពេលដែល សហរដ្ឋអាមេរិកបានព្រមាននៅក្នុងខែនេះថា កូរ៉េខាងជើងកំពុងត្រៀមខ្លួនធ្វើតេស្តនុយក្លេអ៊ែរលើកទី៧របស់ខ្លួន ហើយថា សហរដ្ឋអាមេរិកនឹងជំរុញម្តងទៀត ឱ្យមានការដាក់ទណ្ឌកម្មពីសំណាក់អង្គការសហប្រជាជាតិ ប្រសិនបើរឿងនោះកើតឡើងពិតមែន។
ទោះយ៉ាងណា លោក គីម ជុងអ៊ុន បុរសខ្លាំងកូរ៉េខាងជើង មិនបាននិយាយពីការសាកល្បងនុយក្លេអ៊ែរនោះទេ ហើយក៏មិនបានផ្តល់ព័ត៌មានលម្អិតពីរបៀប ដែលលោកនឹងពង្រឹងអំណាចយោធានោះដែរ ខណៈដែលការព្រួយបារម្ភរបស់អន្តរជាតិបានកើនឡើងកាន់តែខ្លាំងថា មេដឹកនាំកូរ៉េខាងជើងនឹងបញ្ជាឱ្យធ្វើតេស្តនុយក្លេអ៊ែរជាលើកដំបូងឡើងវិញ ក្រោយពីបានខកខានក្នុងរយៈពេល៥ឆ្នាំមកនេះ។
លោក គីម ជុងអ៊ុន បាននិយាយថា សិទ្ធិការពារខ្លួនឯង គឺជាបញ្ហានៃការការពារដែនអធិបតេយ្យភាពដោយបញ្ជាក់ជាថ្មីទៀតពីគោលការណ៍ប្រយុទ្ធ ដែលមិនអាចផ្លាស់ប្តូរបានរបស់បក្សកាន់អំណាចនោះគឺ«ការប្រើអំណាចទល់នឹងអំណាច និងការប្រកួតតទល់គ្នាតែម្ដង»។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក លី ជុង ស៊ុប (Lee Jong-sup) និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីន (Lloyd Austin) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន បានថ្កោលទោសសកម្មភាពយោធាដែលកំពុងតែបន្តមាន និងការត្រៀមលក្ខណៈរបស់កូរ៉េខាងជើងសម្រាប់ការសាកល្បងនុយក្លេអ៊ែរថា «ជាការបង្កហេតុដែលមិនអាចទទួលយកបាននោះឡើយ»។
កិច្ចប្រជុំនៅក្រៅសន្និសិទសន្តិសុខតំបន់អាស៊ី ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី នាចុងសប្ដាហ៍មុននេះ លោក ជុងស៊ុប រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងលោក អូស្ទីនរដ្ឋមន្ត្រីការបរទេសអាមេរិក បានយល់ព្រមពង្រីកវិសាលភាព និងទំហំសមយុទ្ធរួមរវាងកូរ៉េខាងត្បូង និងអាមេរិកដូចបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលនៃប្រទេសទាំង២នេះ ដើម្បីរក្សាការរារាំងយ៉ាងខ្ជាប់ខ្ជួន និងការត្រៀមខ្លួនជានិច្ច ទប់ទល់នឹងកូរ៉េខាងជើង។ នេះបើតាមក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថ្មីៗនេះ។
ក្រសួងការពារជាតិអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋមន្ត្រីការពារជាតិលោក អូស្ទីន បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះវិស័យការពារជាតិរបស់ កូរ៉េខាងត្បូង គឺរឹងមាំដូចដែកថែមអ៊ីចឹង និងហ៊ុមព័ទ្ធជិតដោយសមត្ថភាពរបស់អាមេរិករួមទាំងនុយក្លេអ៊ែរផងដែរ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចេក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយថ្មីៗនេះដែរថា ក្រុងវ៉ាស៊ិនតោនកំពុងតាមដានយ៉ាងដិតដល់ពីលទ្ធភាពបន្តការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
យ៉ាងណាមិញ នៅអំឡុងកិច្ចប្រជុំសន្ដិសុខតំបន់អាស៊ី ដែលធ្វើឡើងប្រទេសសិង្ហបុរីចុងសប្ដាហ៍មុននេះដែរ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក ណូប៊ូ គីស៊ី (Nobuo Kishi) លោក អូស្ទីន និងលោក ជុងស៊ុប បានព្រមព្រៀងគ្នាថា នឹងបន្តធ្វើលំហាត់យោធារួមគ្នាឡើងវិញ ដោយគម្រោងការធ្វើសមយុទ្ធទ្រង់ទ្រាយធំនេះ ធ្វើឡើងឡើង នៅចំពេលដែល ភាពតានតឹងនៃឧបទ្វីបកូរ៉េ កំពុងដុតកម្ដៅកាន់តែខ្លាំងឡើង ពិសេសប្រទេសកូរ៉េខាងជើងបានបង្កើនល្បឿននៃការសាកល្បងមីស៊ីលរបស់ខ្លួនជាបន្ដបន្ទាប់នៅមួយរយៈកន្លងមកនេះ។
កិច្ចប្រជុំសន្ដិសុខតំបន់អាស៊ីនេះ គឺជាជំនួបទល់មុខគ្នាលើកដំបូងរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង៣នេះ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ និងមានរយៈពេល ៤៥ នាទី ប៉ុន្តែមន្ត្រីជាន់ខ្ពស់ទាំង៣រូបនេះ បានមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការធ្វើលំហាត់យោធារួមគ្នានេះនៅឡើយទេ៕
អត្ថបទ៖ សុខ ជា