យ៉ាងណាក៏ដោយចុះ ជុំវិញនឹងបញ្ហានេះ ប្រទេសកម្ពុជា យើងវិញបានប្រកាសជំហររបស់ខ្លួនថានឹងចូលរួមជាមួយអាស៊ានដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់។
ការថ្កោលទោសរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនៅមិនអាចធ្វើទៅរួច ក៏ដោយសារតែ សេចក្តីព្រៀងលិខិតថ្កោលទោសនោះត្រូវបានប្រទេសចំនួន៤ រួមមាន ចិន រុស្សី ឥណ្ឌា និង វៀតណាម ទាមទារឲ្យមានការកែប្រែ និងពិនិត្យមើលឡើងវិញត្រង់ចំណុចមួយចំនួន។
លើសពីនេះទៀត មុននឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចចេញសេចក្តីថ្កោលទោសរួមណាមួយបាន លុះត្រាណាសមាជិកអចិន្ត្រែយ៍ និងមិនអចិន្ត្រែយ៍ទាំង១៥ប្រទេសយល់ស្របទាំងអស់។
ចុងក្រោយអ្វីដែលអន្តរជាតិអាចធ្វើបាន គឺត្រឹមតែអំពាវនាវឱ្យមានការអត់ធ្មត់ពីសំណាក់យោធា និងបានព្រមានពិចារណាលើវិធានការបន្ថែមទៀត សម្រាប់ដាក់សម្ពាធលើរបបសឹក។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងវិបត្តិនយោបាយ និងសង្គម ចាប់តាំងពីរបបសឹកបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១កុម្ភៈ គិតមកដល់ពេលនេះមនុស្សយ៉ាងហោចណាស់ ៦០នាក់បានស្លាប់និងជាង១.៨០០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនដោយការបង្រ្កាបរបស់ប៉ូលីសលើបាតុករប្រឆាំងនឹងរដ្ឋប្រហារ។
ជុំវិញនឹងស្ថានការណ៍ដ៏ក្ដៅនៅមីយ៉ាន់ម៉ានេះដែរ ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃ អង្គារសប្ដាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញពីការសោកសៅ ព្រមទាំងជំហររបស់ខ្លួនក្នុងការចូលរួមជាមួយអាស៊ានឈានទៅរកដំណោះស្រាយសមស្របមួយ សម្រាប់ប្រទេសភូមា ដែលបាននិងកំពុងស្ថិតក្នុងភាពវឹកវរ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាដូចគ្នានឹងសមាជិកឯទៀតរបស់អាស៊ាន បាននិងកំពុងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍ដែលកំពុងវិវត្តទៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ទោះបីកម្ពុជាមិនមែនជាប្រទេសមានភូមិផង របងជាមួយមីយ៉ាន់ម៉ាក៏ពិតមែន ប៉ុន្តែកម្ពុជាតាមរយៈសេចក្តីថ្លែងការណ៍ដដែលនេះបាន បង្ហាញពីភាពសោកស្តាយដោយឃើញពីអំពើហឹង្សាដែលបានឆក់យកជិវិតពលរដ្ឋភូមាអស់ជាច្រើននាក់។
ទោះបីជា កម្ពុជាប្រកាសត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ក្តី ប៉ុន្តែកម្ពុជាបានប្រកាសប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលនៃការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ាននោះទេ៕