ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ក្រុមការងារខេមបូណូមីសថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ គឺត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន ដែលមានឈ្មោះថា Chinese Firm Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចសរុប រាប់ទាំងព្រលានយន្ដហោះ និង ការអភិវឌ្ឍតំបន់ផ្សេងៗទៀតមានដល់ទៅ ៤ម៉ឺន ៥ពាន់ហិកតា នៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រថៃ។
ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ប្រាប់ខេមបូណូមីសទៀតថា សម្រាប់ការសាងសង់ព្រលានយន្ដហោះតារាសាគរនៅដំណាក់កាលទី១ ចំណាយអស់ថវិកាប្រមាណ៣៥០លានដុល្លារនោះ គឺសាងសង់លើផ្ទៃដីជាង ២១៨ហិកតា ។ ដោយឡែក ដំណាក់ទី២និងទី៣ ត្រូវរង់ចាំមើលពី ១០ទៅ១៥ឆ្នាំទៀតសិន ថាតើមានតម្រូវការធំប៉ុនណាដែរ បើមានតម្រូវការបន្ថែម ក្រុមហ៊ុននឹងពង្រីកសបន្ថែមទៀត។ អាកាសយានដ្ឋាននេះមានសមត្ថភាព អាចផ្ទុកយន្តហោះធន Boeing 777 និង Airbus A340 ដែលជាប្រភេទយន្ដហោះខ្នាតធំ។
ជុំវិញទៅនឹងការសាងសង់ព្រលានយន្ដហោះនេះដែរ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា កម្ពុជាក៏កំពុងមានគម្រោងសាងសង់ព្រលានយន្ដហោះថ្មីមួយទៀតតម្លៃ១០០លានដុល្លារនៅឯខេត្តមណ្ឌលគិរី ដោយគម្រោងនេះ ត្រូវបានសិក្សាពីលទ្ធភាពរួចរាល់ហើយ និងកំពុងរង់ចាំការវាយតម្លៃពីស្ថាប័នពាក់ព័ន្ធ ដើម្បីអាចឈានទៅរៀបចំនីតិវិធីសម្រាប់ដំណើរការសាងសង់ ដែលរំពឹងថានឹងអាចធ្វើឡើងនៅចុងឆ្នាំ២០២១នេះ ឬ ដើមឆ្នាំក្រោយនេះតែម្តង។
ទាក់ទងនឹងរឿងរ៉ាវនេះដែរ ឯកឧត្តម តុប សុភក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បានអះអាងដែរថា ការរៀបចំសាងសង់ព្រលានយន្តហោះថ្មី នៅក្នុងខេត្តមណ្ឌលគិរី គឺជាដំណឹងដ៏ល្អ ចំពោះវិស័យទេសចរណ៍នៅក្នុងខេត្តនេះ ដោយនឹងជំរុញកំណើនទេសចរបន្ថែមទៀត។
សូមបញ្ជាក់ថា ក្រៅតែពីព្រលានយន្ដហោះព្រលានយន្ដហោះតារាសាគរខេត្តកោះកុង និងគម្រោងព្រលានយន្ដហោះនៅខេត្តមណ្ឌលគិរីនេះដែរ កម្ពុជាក៏កំពុងសាងសង់បន្ថែមនូវព្រលានយន្ដហោះធំថ្មីៗចំនួន២បន្ថែមទៀត គឺព្រលានយន្ដហោះភ្នំពេញថ្មី និងអាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាប៕