អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អ៊ិចប្រេស បានចាត់ទុកខេត្តកោះកុង គឺជាខេត្តគោលដៅទេសចរណ៍ដ៏មានសក្ដានុពលជាងគេក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា ដែលអ្នកទេសចរ និងវិនិយោគិនមិនគួរមើលរំលង ដ្បិតថា ខេត្តនេះសម្បូរទៅដោយធនធានធម្មជាតិ តំបន់អេកូទេសចរណ៍ ជីវៈចម្រុះ ប្រជុំកោះ និងមានឆ្នេរសមុទ្រវែងជាងគេ បើធៀបនឹងខេត្តជាប់មាត់សមុទ្រផ្សេងៗទៀត។ អ្នកជំនាញរូបនេះជឿជាក់ថា ខេត្តកោះកុងនឹងក្លាយជាមេដែកដ៏មានសក្តានុពលក្នុងការស្រូបទាញភ្ញៀវទេសចរ ប្រសិនបើខេត្តនេះមានរៀបចំ និងអាចបំពេញតម្រូវការ និងផ្តល់សេវាកម្មជូនភ្ញៀវទេសចរបានល្អ ដ្បិតថា ខេត្តនេះមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រថ្មីជាច្រើន។
ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា ទទួលស្គាល់ថា ខេត្តកោះកុង ជាខេត្តដែលមានសក្តានុពលទេសចរណ៍ធម្មជាតិ ដ៏សម្បូរបែបពិតប្រាកដមែន។ តែលោកអះអាងថា ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះហាក់នៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការកែលម្អ និងពង្រឹងបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ។
បើតាមការគូសបញ្ជាក់របស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង សក្តានុពលទេសចរណ៍របស់ខេត្តកោះកុង មានដូចជា តំបន់ធនធានធម្មជាតិ ឆ្នេរខ្សាច់ តំបន់កោះ តំបន់វប្បធម៌ប្រវត្តិសាស្រ្ត សហគមន៍ និងរមណីយដ្ឋានទេសចរណ៍នានា ដែលជាធនធានដ៏អស្ចារ្យ និងសម្បូរបែប។ លើសពីនេះ ខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលដាក់ជាគោលដៅអេកូទេសចរណ៍តំបន់ឆ្នេរ និងប្រសិទ្ធនាមជាតារារះនាទិសនិរតី។ ខេត្តកោះកុង មានឆ្នេរប្រវែង២៣៧គីឡូម៉ែត្រ កោះចំនួន៣៥ និងសហគមន៍ និងរមណីយដ្ឋានបែបអេកូទេសចរណ៍ចំនួន១០កន្លែង៕
អត្ថបទ សោម ស្រីពេជ្រ