ការផ្អាកការផ្គត់ផ្គង់ឥន្ទនៈ

ស្រីលង្កា បិទសាលារៀន និងផ្អាកការផ្គត់ផ្គង់ឥន្ទនៈដល់សេវាមិនចាំបាច់ ខណៈដែលវិបត្តិខ្វះប្រេងកាន់តែអាក្រក់ទៅៗ


ប្រទេសស្រីលង្កានឹងបិទសាលារៀនរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះ ហើយអនុញ្ញាតឱ្យផ្គត់ផ្គង់តែប្រេងឥន្ធនៈដល់សេវាកម្មដែលសំខាន់ៗដូចជា សេវាសុខភាព រថភ្លើង និងឡានក្រុងតែប៉ុណ្ណោះ ដើម្បីដោះស្រាយវិបត្តិខ្វះខាតថាមពលយ៉ាងធ្ងន់ធ្ងរ ដែលកំពុងអូសបន្លាយនៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ស្រីលង្កា បិទសាលារៀន និងផ្អាកការផ្គត់ផ្គង់ឥន្ទនៈដល់សេវាមិនចាំបាច់ ខណៈដែលវិបត្តិខ្វះប្រេងកាន់តែអាក្រក់ទៅៗ

ប្រទេស​ដី​កោះ​ស្រី​លង្កា​ដែល​មាន​ប្រជាជន​ជាង ២២ លាន​នាក់​កំពុង​ទទួល​រង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត ដោយសារ​តែ​ការ​ខ្វះខាត​ទុនបម្រុង​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ ខណៈ​ប្រទេស​នេះ​កំពុង​តស៊ូ​ក្នុង​ការ​ចំណាយ​លើ​ការ​នាំ​ចូល​សំខាន់​ៗ​នូវ​ផលិតផល​ដូច​ជា អាហារ ឱសថ និង ប្រេង​ដែល​ជា​តម្រូវការ​ចាំបាច់​បំផុត​។

ប៉ុន្តែ​ការ​នាំ​ចូល​ប្រេង​ឥន្ទ​នៈ​នៅ​តែ​មិន​គ្រប់គ្រាន់​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក​បាន​ទេ ខណៈ​មាន​មនុស្ស​រាប់​ពាន់​នាក់​តែងតែ​ឈរ​តម្រង់​ជូរ​នៅ​តាម​ស្ថានីយ៍​ប្រេងឥន្ធនៈ ដើម្បី​ចាំ​ទិញ​ប្រេង​ឥន្ទ​នៈ​ជា​រៀងរាល់ថ្ងៃ ដោយ​អ្នកខ្លះ​បាន​និយាយ​ថា ពួក​គាត់​បាន​រង់ចាំ​តម្រង់​ជួរ​អស់​រយៈពេល ៤ ថ្ងៃ​ទើប​អាច​ទទួល​បាន​ប្រេងឥន្ធនៈ​។

នាំពាក្យ​របស់​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​ស្រី​លង្កា លោក Gunewardena បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ប្រទេស​ស្រី​លង្កា​នឹង​បញ្ចេញ​ប្រេងឥន្ធនៈ​សម្រាប់​តែ​ការ​ផ្គត់ផ្គង់​ដល់ រថភ្លើង និង ឡានក្រុង សេវា​វេជ្ជសាស្ត្រ និង​យានជំនិះ​ដែល​ដឹក​ជញ្ជូន​ស្បៀងអាហារ​ប៉ុណ្ណោះ ចាប់ពី​ថ្ងៃ​ទី​២៨​មិថុនា រហូត​ដល់ ថ្ងៃ​ទី ១០ ខែកក្កដា ខណៈ​សាលារៀន​នៅ​តាម​ទីក្រុង​នឹង​ត្រូវ​បិទ ហើយ​បុគ្គលិក​ទាំងអស់​ត្រូវ​បាន​ជំរុញ​ឱ្យធ្វើ​ការ​ពី​ផ្ទះ និង សេវា​រថយន្តក្រុង​ទៅ​ខេត្ត​ផ្សេង​ៗ​នឹង​ត្រូវ​បាន​ផ្អាក ដើម្បី​ទប់ទល់​នឹង​ការ​អស់​ប្រេង​ឥន្ទ​នៈ​ប្រើប្រាស់​ក្នុងស្រុក ចំ​ពេល​ដែល​ទុនបម្រុង​គឺ​នៅ​មាន​តិច​តូច​ស្ដួចស្ដើង​បំផុត​។

លោក Gunewardena បាន​និយាយ​ថា ប្រទេស​ស្រី​លង្កា​មិន​ដែល​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បែប​នេះ​ទេ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ពី​មុន​មក​។

គួរ​កត់​សម្គាល់ថា រដ្ឋាភិបាល​ស្រី​លង្កា​កំពុង​ពិភាក្សា​ជាមួយ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) លើ​កញ្ចប់​ថវិកា​សង្គ្រោះ​ថ្មី​បន្ថែម​ទៀត ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មិន​អាច​រង់ចាំ ទាំង​ដែល​កំពុង​រង​ទុក្ខវេទនា​ដូច​សព្វ​ថ្ងៃនេះ​បាន​ទេ ដូច្នេះ​ថា វា​បាន​ជំរុញ​ឲ្យ​មានការ​ឆ្លង​ដែន​ភៀសខ្លួន​ខុសច្បាប់​បាន​កើនឡើង​កាន់តែ​ច្រើន​។ អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​ថា កងទ័ពជើងទឹក​ស្រី​លង្កា​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍​នេះ បាន​ចាប់ខ្លួន​មនុស្ស ៥៤ នាក់​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត ខណៈ​ដែល​ពួក​គេ​ព្យាយាម​ចាកចេញ​ពី​ប្រទេស​តាម​ទូក​។

រដ្ឋមន្ត្រី​ថាមពល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី ២៦ ខែមិថុនា ថា ឃ្លាំង​ស្តុក​ប្រេងឥន្ធនៈ​របស់​រដ្ឋាភិបាល​នៅ​សល់​ប្រេងម៉ាស៊ូត​ប្រហែល ៩ ពាន់​តោន និង ប្រេងសាំង​ចំនួន ៦ ពាន់​តោន​ប៉ុណ្ណោះ ហើយ​មិន​មានការ​ដឹក​ជញ្ជូន​ថ្មី​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នោះ​ទេ​។

ទោះ​យ៉ាងណា ក្រុមហ៊ុន Lanka IOC ដែល​ជា​អង្គភាព​ក្នុងស្រុក​នៃ​សាជីវកម្ម​ប្រេង​ឥណ្ឌា​បាន​ប្រាប់​រ៉​យ​ទ័​រថា ខ្លួន​មាន​ប្រេងម៉ាស៊ូត​ជាង ២ ម៉ឺន​តោន និង​ប្រេងសាំង​ជិត ៨ ពាន់​តោន ហើយ​កំពុង​រំពឹង​ថា នឹង​មានការ​ដឹក​ជញ្ជូន​ប្រេងសាំង និង ម៉ា​ស៊ូ​ត​ចំនួន ៣ ម៉ឺន​តោន​ទៀត ដែល​នឹង​បញ្ជូន​ទៅ​ដល់​ស្រី​លង្កា​នៅ​ថ្ងៃ​ទី ១៣ ខែ កក្កដា​។

យ៉ាងណាមិញ ប្រទេស​ស្រី​លង្កា​ប្រើប្រាស់​ប្រេងម៉ាស៊ូត​ប្រហែល ៥ ពាន់​តោន និង​ប្រេងសាំង ៣ ពាន់ តោន​ក្នុង​មួយ​ថ្ងៃ ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​របស់​ខ្លួន នេះ​បើ​តាម​ប្រធាន​ក្រុមហ៊ុន Lanka IOC បាន​ប្រាប់​រ៉​យ​ទ័​រ​។

និយតករ​ថាមពល​របស់​ប្រទេស​ស្រី​លង្កា​បាន​និយាយ​ថា ប្រទេស​នេះ​កំពុង​ប្រើប្រាស់​ស្តុក​ប្រេង​ចុង​ក្រោយ​របស់​ខ្លួន​ហើយ ដើម្បី​ដំណើរការ​រោងចក្រ​ថាមពល​កំ​ដៅ​ជា​ច្រើន និង​រក្សា​ការ​ដាច់​ចរន្តអគ្គិសនី​ឱ្យ​នៅ​កម្រិត​អប្បបរមា ខណៈ​ការ​ដាច់​ចរន្តអគ្គិសនី ដែល​បាន​គ្រោងទុក​នឹង​កើនឡើង​ដល់ ៣ ម៉ោង​ចាប់ពី​ថ្ងៃ​ច័ន្ទ​។

គួរ​ជម្រាប​ថា មូលនិធិ​រូប​បិ​យ​វត្ថុ​អន្តជាតិ (IMF) កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ស្រី​លង្កា ដើម្បី​ពិភាក្សា​លើ​កញ្ចប់​ថវិកា​សង្គ្រោះ​ថ្មី​ចំនួន ៣ ពាន់​លាន​ដុល្លារ​។ ប្រទេស​នេះ​កំពុង​រំពឹង​ថា នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​ណាមួយ មុន​ពេល​ដំណើរ​ទស្សនកិច្ច​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ពន្លឺ​ន​ការ​ផ្តល់​ថវិកា​ឲ្យ​បាន​ឆាប់រហ័ស​។

ប្រទេស​ស្រី​លង្កា​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ប្រហែល ៤ ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ឥណ្ឌា ហើយ​រដ្ឋាភិបាល​ស្រី​លង្កា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​បាន​យល់ព្រម​ផ្តល់​ជំនួយ​បច្ចេកទេស​សម្រាប់​ការ​គ្រប់គ្រង​សារពើពន្ធ​របស់​ខ្លួន​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យដឹកជញ្ជួនវៀតណាមរងទុក្ខកាន់តែខ្លាំង ខណៈតម្លៃប្រេងឥន្ធនៈបន្ដកើនខ្ពស់

ព័ត៌មាន
ក្រុមហ៊ុនដឹកជញ្ជួនវៀតណាមកំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយសារតម្លៃប្រេងឥន្ធនៈកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសាមក។ នាយកប្រតិបត្តិក្រុមហ…

កំពូលមេដឹកនាំអាមេរិក និងចិន រំពឹងថានឹងជួបគ្នាក្នុងកិច្ចប្រជុំនៅសប្ដាហ៍នេះ ចំពេលណាតូ និង G7 កំពុងរួមគ្នាទប់ទល់ចិន និងរុស្ស៊ី

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោក Joe Biden និង ប្រធានាធិបតីចិនលោក Xi Jinping ត្រូវបានគេរំពឹងថា នឹងបើកកិច្ចពិភាក្សាជាមួយគ្នានៅប៉ុន្មានសប្តាហ៍ខា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ