ពលករ​ចំណាក​ស្រុក

«ពលករ​ចំណាក​ស្រុក» ជា​រឿង​គួរ​កើត​ទុក្ខ ឬ​គួរ​រីក​រាយ? មក​ស្ដាប់​អ្នក​ជំនាញ!


រឿង​ចំណាក​ស្រុក​​របស់​ប្រជាពលរដ្ឋ​កម្ពុជា ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ដូចជា ថៃ និង​កូរ៉េ ជាដើម ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​រឿង​ក្ដៅ​មួយ ក្នុង​ចំណោម​រឿង​ក្ដៅ​ផ្សេងៗ​ទៀត ដែល​អ្នកតាមដាន​សង្គម ក៏​ដូចជា អ្នក​នយោបាយ​មួយ​ចំនួន​ផង​ដែរ តែងតែ​យក​មក​ជជែក​យ៉ាង​ផុសផុល និង​យក​ទៅ​រិះគន់​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល។
ពី​ឆ្វេង​ទៅស្ដាំ៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group លោកបណ្ឌិត អ៊ិន ចាន់នី អគ្គនាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា និង​លោក​បណ្ឌិត ម៉ី កល្យាណ។
ដោយ

ទោះ​យ៉ាង​ណា បើ​តាម​អ្នក​ជំនួញ​ធំៗ ក៏​ដូចជា​អ្នក​ជំនាញ​សេដ្ឋកិច្ច​ល្បីៗ បាន​អះអាង​យ៉ាង​ជាក់​លាក់ ដោយ​ផ្អែក​តាម​ការសិក្សា​និង​បទ​ពិសោធន៍​ថា ការ​ចំណាក​ស្រុក​គឺ​ជា​ចរន្ដ​និន្នាការ​សេដ្ឋកិច្ច ដែល​មិន​អាច​ហាមឃាត់​បាន​ឡើយ ហើយ​ប្រទេស​ណា​ក៏​មាន​ចំណាក​ស្រុក​ដែរ មិនមែន​មាន​តែ​កម្ពុជា​មួយ​តែ​ឯកឯង​នោះ​ឡើយ។

តាមរយៈ ខេមបូណូមីស ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​និង​ធុរ​ជន​ល្បីៗ​ជាច្រើន បាន​ចេញ​មុខ​អះអាង​ថា ការ​ចំណាក​ស្រុក​ពី​សំណាក់​ជនជាតិ​ខ្មែរ​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស គឺ​ជា​និន្នាការ​វិជ្ជមាន សម្រាប់​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​រយៈពេល​យូរ​អង្វែង។

ការ​អះអាង​របស់​ក្រុម​អ្នក​ជំនួញ​និង​អ្នក​ជំនាញ​ដ៏​លេច​ធ្លោ​ទាំង​អស់​នេះ ស្របពេល​ដែល​កម្ពុជា​មាន​ពលករ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ប្រមាណ​ជាង ១,២​លាន​នាក់ និង​បាន​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ កាល​ពី​ឆ្នាំ​២០១៧។

មាន​ប្រទេស​ចំនួន ៧ ដែល​កម្ពុជា បាន​បញ្ជូន​ពលករ​ឲ្យ​ទៅ​ធ្វើការ មាន​ដូចជា ប្រទេសថៃ កូរ៉េ​ខាង​ត្បូង ជប៉ុន សាំងហ្គាពួរ ម៉ាឡេស៊ី អារ៉ាប់ប៊ី សាអូឌីត និង​ទីក្រុង​ហុងកុង ប្រទេស​ចិន។ 

ថ្វី​ត្បិត​តែ​ការ​ចំណាក​ស្រុក​មាន​ច្រើន​ក៏​ពិត​មែន ក៏​ប៉ុន្តែ​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​លើក​ឡើង​ថា ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​នេះ កុំថា ជា​រឿង​បញ្ហា​សេដ្ឋកិច្ច​ធំ​ដុំ​ឲ្យ​សោះ ផ្ទុយ​ទៅ​វិញ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​គាំទ្រ​សម្រួល​ការងារ និង​ការពារ​សិទ្ធិ​ពួកគាត់ ជា​ប្រយោជន៍​បង្កើន​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។

សំណួរ​សួរ​ថា តើ​ហេតុអ្វី​បាន​មាន​ពលករ​ចំណាក​ស្រុក? 

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ បាន​មាន​ប្រសាសន៍​ថា ការ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយសារតែ​ហេតុផល​សេដ្ឋកិច្ច ហេតុផល​សង្គម និង​គម្លាត​ប្រាក់​ឈ្នួល​ពលកម្ម ដែល​នៅ​ប្រទេស​ថៃ កូរ៉េ និង​ជប៉ុន គឺ​មាន​ប្រាក់​ឈ្នួល​ខ្ពស់ ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេង​ទៀត​នោះ ដូច្នេះ យើងត្រូវ​តែ​លើក​ទឹកចិត្ត និង​គាំទ្រ​ដល់​ពួកគាត់។ ពិសេស គឺ​ការ​ធានា​នូវ​សុខ​សុវត្ថិភាព​ជូន​ពួកគាត់ ពេល​បំពេញ​ការងារ​តែ​ម្ដង។

ពាក់ព័ន្ធ​ទៅនឹង​ចំណាក​ស្រុក​នេះ​ដែរ លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន WorldBridge Group ដែល​ជា​វិនិយោគិន​លេច​ធ្លោ​មួយ​រូប​នៅ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា ការធ្វើ​ចំណាក​ស្រុក​របស់​ពលករ មិនមែន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ គ្រប់​ប្រទេស​លើ​ពិភពលោក ក៏​មាន​ចំណាក​ស្រុក​ដូច​គ្នា​ដែរ ហើយ​ប្រទេស​ខ្លះ​មាន​ចំណាក​ស្រុក​ច្រើន​ជាង​កម្ពុជា​ទៀត​ផង ដូចជា ថៃ និង ហ្វីលីពីន ជាដើម ហើយ​បើ​និយាយ​ក្នុង​ន័យ​សេដ្ឋកិច្ច វា​គឺ​ជា​កត្តា​បំពេញ​បន្ថែម​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក។

បន្ថែម​ពី​លើ​នេះ​ដែរ លោក ឧកញ៉ា សៀ ឫទ្ធី បាន​គូស​បញ្ជាក់​ទៀត​ថា ចំណាកស្រុក​គឺ​ជា​រឿង​ល្អ​នោះ​ទេ ឲ្យ​តែ​ការ​ចំណាក​ស្រុក​នោះ ធ្វើឡើងដោយ​ស្រប​ច្បាប់ ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ខិតខំ​ជួយ​ជ្រោមជ្រែង​សម្បើម​ណាស់​ចំពោះ​ការងារ​នេះ ដើម្បី​ឲ្យ​ពលករ​កម្ពុជា​អាច​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​បាន​សុវត្ថិភាព និង​ទទួល​បាន​ប្រាក់​ខែ​ល្អ និង​ចំណេះ​ជំនាញ ដើម្បី​យក​មក​អភិវឌ្ឍ​ប្រទេស​កំណើត​វិញ។

លោក​ឧកញ៉ា បាន​គូស​បញ្ជាក់​ថា ការ​ចំណាក​ស្រុក នឹង​នាំ​មក​នូវ​ផល​ចំណេញ ទាំង​ចំណូល ចំណេះ និង​ជំនាញ​សម្រាប់​ពលករ ដែល​ទាំង​អស់​នេះ​ហើយ គឺ​ជា​អ្វី​ដែល​រាជ​រដ្ឋាភិបាល​ចង់​បាន ព្រោះ​នៅ​ពេល​ដែល​ពលករ​ទាំងនោះ​ត្រឡប់​មក​វិញ ជីវភាព​ពួកគេ​ក៏​ប្រសើរ ហើយ​មាន​ទាំង​ចំណេះ​ជំនាញ ដែល​ជា​តម្រូវការ​សម្រាប់​ការ​អភិវឌ្ឍ​ស្រុក​ទេស​ទៅ​ថ្ងៃ​អនាគត។

សំណួរ​មួយ​ទៀត ដែល​គួរ​ចោទ​សួរ តើ​នៅ​កម្ពុជា គ្មាន​ការងារ​ធ្វើ ឬ​ប្រជាជន​ជំពាក់​បំណុល​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ បាន​ជា​ពួកគេ​ធ្វើ​ចំណាក​ស្រុក? 

បើនិយាយ​ថា អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ កម្ពុជា​គឺ​មាន​ក្នុង​កម្រិត​មួយ​ទាប​បំផុត ដែល​មាន ០,៣% ប៉ុណ្ណោះ ហើយ​បើធៀប​នឹង​ប្រទេស​ក្នុង​តំបន់ អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា គឺ​មាន​តិច​ជាង​គេ​បំផុត។ នេះ​បើតាម​ការ​សិក្សា​មួយ​របស់ សភា​អន្តរអាស៊ាន (AIPA) ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨។

បើ​និយាយ​ថា ការ​ធ្វើ​ចំណាក​ស្រុក ព្រោះ​តែ​មក​ពី​ការ​ជាប់​បំណុល​វ័ណ្ឌ​ក ក៏​ដូចជា​មិន​សម​ហេតុផល​ដែរ។ ជាក់ស្ដែង បើ​តាម​ប្រសាសន៍​លោក​បណ្ឌិត អ៊ិន ចាន់នី អគ្គនាយក​ប្រតិបត្តិ​ធនាគារ ​អេស៊ីលីដា ដែល​មាន​បទ​ពិសោធន៍​ចាស់​វស្សា​ក្នុង​វិស័យ​នេះ បាន​អះអាង​ថា វា​មិនមែន​ជា​រឿង​ត្រឹម​ត្រូវ​ទេ ដែល​ថា ពលរដ្ឋ​ចំណាក​ស្រុក ព្រោះ​បំណុល​វ័ណ្ឌ​ក។ លោក អ៊ិន ចាន់នី បាន​គូស​បញ្ជាក់​ថា រឿង​ចំណាក​ស្រុក​នេះ គឺ​ជា​និន្នាការ​សេដ្ឋកិច្ច​មួយ ដែល​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជម្រើស និង​ឱកា​សស្វែង​រក​ការងារ មិនមែន​មក​ពី​ការ​ជំពាក់​បំណុល​គ្រឹះស្ថាន​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នោះ​ឡើយ។ 

អគ្គនាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា រូប​នេះ បាន​បន្ថែម​ទៀត​ថា ការងារ​ក្នុង​ស្រុក​មាន​មិន​ខ្វះ​ទេ ប៉ុន្ដែ ជា​ទូទៅ ពលករ​ចំណាក​ស្រុក គាត់​មើល​ឃើញ​ឱ​កាស​ទៅ​ធ្វើការងារ​នៅ​ក្រៅ​ប្រទេស ដោយ​ចង់​បាន​ទៅ​ស្គាល់​ស្រុក​​គេ​ផង និង​ចំណូល​ខ្ពស់​ជាង​មុន​ផង។ ទោះយ៉ាងណា លោកថា ការងារ​នៅ​ក្នុង​ស្រុក​នា​ពេល​បច្ចុប្បន្ន​នេះ ក៏មាន​ប្រាក់ខែ​ខ្ពស់​គួរសម​ដែរ ហើយ​បើ​ធ្វើការងារ​ក្នុង​ស្រុក ក៏​មាន​ការ​ផ្ដល់​ជូន​អត្ថប្រយោជន៍​ច្រើន​ណាស់​ដែរ ពោល​គឺ​មិន​សូវ​ចំណាយ​ច្រើន និង​បាន​រស់នៅ​ជិត​ក្រុម​គ្រួសារ ជាដើម។

តើ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​នឹង​ប្រឈម​ដែរ​ទេ ពេល​មាន​ការ​ចំណាក​ស្រុក? 

ទាក់ទង​នឹង​សំណួរ​ខាង​លើ​នេះ ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់ ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​គូស​បញ្ជាក់​ដែរ​ថា ដ្បិតថា កម្ពុជា​មាន​លំហូរ​កម្លាំង​ពលកម្ម​ទៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ក៏​ដោយ ប៉ុន្ដែ រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​មាន​គោល​នយោបាយ​ក្នុង​ការ​បំពាក់​បំប៉ន​ជំនាញ​សម្រាប់​កម្លាំង​ពលកម្ម​ក្នុង​ស្រុក បន្ថែម​ផង​ដែរ ដូចជា ការ​បង្កើត​នូវ​ជំនាញ​បន្ថែម​សម្រាប់​កម្មករ កម្មការិនី សំដៅ​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​ពិពិធកម្ម​ទីផ្សារ ដើម្បី​បង្កើន​តម្លៃ​បន្ថែម​កាន់តែ​ខ្ពស់​នៅ​ក្នុង​វិស័យ​កាត់ដេរ។ បន្ថែ​ម​ពីនេះ ការជំរុញ​និង​លើក​ស្ទួយ​នូវ​ជំនាញ​ថ្មីៗ ទាក់ទង​នឹង​វិស័យ​ព័ត៌មានវិទ្យា បច្ចេកវិទ្យា ក៏​ជា​ទិសដៅ​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។ 

ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ បាន​គូស​បញ្ជាក់​ទៀត​ថា វិស័យ​ធនធាន​មនុស្ស​ផ្នែក​ជំនាញ​ព័ត៌មាន​វិទ្យា​នេះ គឺ​ជា​វិស័យ​មួយ​សំខាន់​ណាស់ ដោយ​ឯកឧត្តម​បាន​ចាត់​ទុក​ថា វា​គឺ​ជា​វិស័យ​នាំ​ចេញ​ដោយ​មិន​​ដាក់​តាម​កប៉ាល់​របស់​កម្ពុជា ហើយ​បច្ចុប្បន្ន កម្ពុជា​កំពុង​ចាប់​ផ្ដើម​មាន​ពន្លក​លូត​លាស់​ជា​បណ្ដើរៗ​ហើយ។ 

ទាក់ទិននឹង​រឿង​ចំណាក​ស្រុក​នេះ​ដែរ សេដ្ឋ​វិទូ​ធនាគារ​ពិភព​លោក Miguel Eduardo Sanchez Martin ក៏​ធ្លាប់​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ខែ​មេសា ដើម​ឆ្នាំ​២០១៨​នេះ​ថា ប្រសិន​បើ​ប្រជាជន​កម្ពុជា​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ពួកគាត់​អាច​ទទួល​បាន​ជំនាញ ហើយ​ត្រឡប់​មក​វិញ​ជាមួយ​នឹង​ជំនាញ​ទាំង​នោះ​ប្រហែល​ជា​អាច​បើក​អាជីវកម្ម ឬ​អាច​ធ្វើ​អ្វី​ផ្សេង​ទៀត​នៅ​កម្ពុជា​ដែល​វា​ជា​ភាព​វិជ្ជមាន។

សេដ្ឋ​វិទូ​របស់​ធនាគារ​ពិភពលោក​រូប​នេះ​បាន​បញ្ជាក់​ថា ការ​ធ្វើ​ចំណាក​ស្រុក​ពី​ជនបទ​ទៅ​កាន់​ទីក្រុង​ដែល​មាន​ឱកាស​ការងារ​ជាច្រើន​ក្នុង​វិស័យ​ផលិតកម្ម និង​ទេសចរណ៍​ក៏​អាច​ជា​និន្នាការ​វិជ្ជមាន​និង​ជា មូលដ្ឋាន​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​នា​ពេល​អនាគត។

សូម​ជម្រាប​ថា បើ​តាម​ប្រសាសន៍​របស់​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ធ្លាប់​បាន​លើក​ឡើង កាល​ពី​ខែ​មីនា ឆ្នាំ​២០១៨ កន្លង​ទៅ នៅ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ពលករ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស មាន​ចំនួន​ជាង ១លាន ២​សែន​នាក់ ហើយ​ពួកគេ​បាន​ផ្ញើ​ប្រាក់​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ប្រមាណ ជិត ២ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ។ 

តាម​របាយការណ៍​ពី​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ គិត​ត្រឹម​ដើម​ឆ្នាំ​២០១៨ កន្លង​ទៅ ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់ ក្នុង​ការ​បញ្ជូន​ពលករ​ឲ្យ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន រហូត​ដល់​ជាង ៩០​ក្រុមហ៊ុន៕




អត្ថបទបន្ទាប់


សណ្ឋាគារអណ្តែតទឹកដ៏​ល្បី​ឈ្មោះ​នៅ​ខេត្តកោះកុងរង​ការ​ខូចខាត បន្ទាប់ពីទំនប់វារីអគ្គិសនីស្ទឹងតាតៃបើកទ្វារទឹក

សណ្ឋាគារអណ្តែតទឹក 4 Riversនៅខេត្តកោះកុង បានរងខូចខាតធ្ងន់ធ្ងរ បន្ទាប់ក្រុមហ៊ុនវារីអគ្គិសនីស្ទឹងតាតៃបើកទ្វារទឹកនៃអាងស្តុកទឹករបស់ខ្លួន ដោយព…

នៅពីក្រោយជ័យលាភី ម្ចាស់ពាន​អ្នកវាយតម្លៃអចលនទ្រព្យឆ្នើម​ឆ្នាំ២០១៨ របស់​ឧកញ៉ា នួន រិទ្ធី

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនសេវាអចលនទ្រព្យ KFA នាពេលថ្មីៗនេះ បានទទួលពានចំនួនពីរនៅក្នុងកម្មវិធី Cambodia Real Estate Awards …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ