របាយការណ៍ស្រាវជ្រាវរបស់ធនាគារ Commonwealth Bank of Australia (CBA) ដែលចេញផ្សាយនៅក្នុងខែសីហា នេះ បានបង្ហាញថា តម្លៃផ្ទះជួលនៅប្រទេសអូស្ត្រាលី បានកើនឡើងប្រមាណ៩% ប្រចាំឆ្នាំ ជាអត្រាកំណើនលឿនបំផុតចាប់តាំងពីឆ្នាំ២០០៨ មក។ ការកើនឡើងតម្លៃផ្ទះជួលនេះ បានធ្វើឱ្យពលរដ្ឋតម្រង់ជួរគ្នាចាំសួរព័ត៌មាននៅខាងមុខទីស្នាក់ការរបស់ភ្នាក់ងារសេវាជួលផ្ទះនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដោយអ្នកស្វែងរកជួលផ្ទះភាគច្រើន ជានិស្សិត និងគ្រូបង្រៀនខាងហែលទឹក។
ទន្ទឹមនឹងនេះ តម្លៃផ្ទះដែលដាក់លក់នៅលើទីផ្សារ ក៏បានហក់ឡើងខ្ពស់ដូចគ្នាដែរ។ បើតាមក្រុមហ៊ុនស្រាវជ្រាវ SQM តម្លៃផ្ទះនៅអូស្ត្រាលី បានកើនឡើងប្រមាណ៩០% ក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ។ ជាមួយគ្នានេះ បើតាមភ្នាក់ងារអចលនទ្រព្យ Domain បានឱ្យដឹងថា នៅក្នុងខែមិថុនា កន្លងទៅ តម្លៃផ្ទះនៅអូស្ត្រាលី ត្រូវបានលក់ចេញជាមធ្យមក្នុងរង្វង់៧៤ម៉ឺនដុល្លារអាម៉េរិក ក្នុងមួយយូនីត ដោយក្នុងនោះតម្លៃផ្ទះនៅទីក្រុងស៊ីដនី មានតម្លៃថ្លៃជាងគេរហូតដល់ជាង១លានដុល្លារអាម៉េរិក ក្នុងមួយល្វែង ឬយូនីត។
បើតាមការវាយតម្លៃរបស់ក្រុមអ្នកជំនាញ កត្តាដែលជំរុញឱ្យតម្លៃផ្ទះ និងតម្លៃផ្ទះជួលនៅអូស្ត្រាលីហក់ឡើងខ្ពស់ គឺដោយសារការច្របាច់បញ្ចូលគ្នានៃគោលនយោបាយពន្ធ និងលំនៅឋានរយៈពេលវែង ឧបសគ្គក្នុងការសាងសង់ កង្វះកម្លាំងពលកម្ម កំណើនប្រជាជន បញ្ហាកំណត់តំបន់ និងការផ្លាស់ប្តូរប្រជាសាស្រ្តនៅក្នុងប្រទេសនេះ៕
អត្ថបទ៖ សុខ មង្គល