ថ្មីៗនេះទើបតែបានចេញមុខអះអាងថា បំណុលសាធារណៈរបស់ប្រទេសនេះ ដែលមានកម្រិត៨៨%នៃ GDPនោះ គឺនៅស្ថិតក្នុងកម្រិតគ្រប់គ្រងបានក៏ដោយចុះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។
ប្រជាពលរដ្ឋជាង ១ ពាន់នាក់បានចូលទៅសរសេរនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមពាក់ព័ន្ធនឹងការចេញផ្សាយអត្ថបទនេះ ដោយធ្វើការរិះគន់ថ្នាក់ដឹកនាំប្រទេសឡាវយ៉ាងចាស់ដៃតែម្ដង ក្រោយពេលឃើញមានការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិមួយថា ប្រទេសឡាវកំពុងប្រឈមនឹងការដួលរលំសេដ្ឋកិច្ច។
បើទោះបីជាការឆ្លើយតប ឬការរិះគន់ទាំងនេះ អាចត្រូវបានគេតាមដានយ៉ាងងាយស្រួលក៏ដោយក៏ក្រុមអ្នករិះគន់ទាំងនេះនៅតែហ៊ានបញ្ចេញមតិរបស់ខ្លួន ដោយអ្នកខ្លះបានសរសេរថា «ប្រសិនបើរដ្ឋាភិបាលមិនអាចគ្រប់គ្រងសេដ្ឋកិច្ចបានទេសូមចុះចេញទៅ!។»
អ្នកសង្កេតការណ៍ម្នាក់ដែលសុំលាក់អត្តសញ្ញាណនិយាយប្រាប់អ្នកសារព័ត៌មានថា ពេលនេះប្រជាពលរដ្ឋលែងខ្លាចទៀតហើយ ដោយហ៊ានរិះគន់បើកចំហព្រោះវិបត្តិសេដ្ឋកិច្ចកំពុងតែប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ពួកគាត់។ ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាផ្លូវតែមួយគត់ដែលពួកគាត់អាចធ្វើបាននៅក្នុងបរិយាកាសនយោបាយដ៏គាបសង្កត់នៅប្រទេសឡាវ។
បញ្ហារង្គោះរង្គើនៅក្នុងសេដ្ឋកិច្ចឡាវបាននិងកំពុងកើតឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ សញ្ញាទាំងនោះមានចាប់ពីការតម្រង់ជួរនៃយានជំនិះ ដើម្បីចាក់ប្រេងនៅស្ថានីយ៍ប្រេងឥន្ធនៈក្នុងទីក្រុងវៀងច័ន្ទន៍ ដែលកំពុងមានការខ្វះខាត។ លើសពីនេះទៅទៀត ក៏មានបញ្ហាការកើនឡើងនៃតម្លៃអាហារ និងរបស់របរសំខាន់ៗផ្សេងទៀត ដោយសារប្រាក់គីបជារូបិយបណ្ណក្នុងស្រុកបានធ្លាក់ចុះ បើធៀបនឹងប្រាក់ដុល្លារ រួមទាំងបញ្ហាធ្លាក់ចុះទុនបម្រុងអន្តរជាតិផងដែរ។
ថ្មីៗនេះ សារព័ត៌មាន Bloomberg ក៏បានផ្សាយអំពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសឡាវផងដែរ ដែលវា អាចនឹងមានលំនាំដើរតាមប្រទេសស្រីលង្កានាពេលបច្ចុប្បន្ន ដោយសារតែវិបត្តិបំណុល ខ្វះទុនបម្រុងអន្តរជាតិ និងវិបត្តិអតិផរណាជាដើម។
ជាមួយគ្នានេះ នៅក្នុងខែមិថុនានេះទីភ្នាក់ងារវាយតម្លៃអន្តរជាតិបានបង្កើនការព្រមានថា សេដ្ឋកិច្ចឡាវបានប្រឈមមុខនឹងឱនភាពសារពើពន្ធ និងគណនីចរន្តអស់រយៈពេលជាច្រើនឆ្នាំ ហើយកំពុងតែដោះស្រាយវិបត្តិសាច់ប្រាក់ និងឧស្ម័នដែលងាយនឹងធ្វើឱ្យប្រទេសនេះ ឈានដល់ការខកខានក្នុងការទូទាត់បំណុលដែលមានស្ថានភាពដូចជាវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសស្រីលង្កា ដែលស្រីលង្កានេះ បានប្រកាសពីការបរាជ័យលើការសងបំណុលបរទេសតាំងពីខែមេសាមកម្ល៉េះ។
ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការខកចិត្តជាសាធារណៈនេះ ត្រូវបានលាតត្រដាងដោយមន្ត្រីសំខាន់ៗរួមទាំងនាយករដ្ឋមន្ត្រីឡាវលោក ផានខាម វីផាវ៉ាញ (Phankham Viphavanh) បានទទួលស្គាល់ថា មានបញ្ហាមួយចំនួនពិតជាកំពុងកើតមាននៅក្នុងសេដ្ឋកិច្ចឡាវ ដែលមានតម្លៃប្រមាណ ២០ ពាន់លានដុល្លារពិតមែន ហើយក្នុងសម័យប្រជុំសភាកាលពីសប្ដាហ៍មុនលោក វីផាវ៉ាញ បាននិយាយដែរថា លោកក៏បានដឹងពីការរិះគន់មកលើរដ្ឋាភិបាលនៅតាមបណ្ដាញសង្គមផងដែរ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវលោក Bounchorn Oubonpaseth ក៏បាននិយាយពីសម្ពាធកើនឡើងនៅក្នុងប្រទេសក្រីក្រដែលមានប្រជាជនចំនួន ៧.៥ លាននាក់នេះផងដែរ ដោយលោបាននិយាយក្នុងសភាកាលពីថ្ងៃចន្ទថា ប្រទេសនេះបានជំពាក់បំណុលគេដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានខ្ចីសម្រាប់ការអភិវឌ្ឍជាតិចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៦។
ការសងបំណុលបរទេសប្រចាំឆ្នាំបានកើនឡើងពី ១ពាន់២រយលានដុល្លារក្នុងឆ្នាំ២០១៨ដល់ ១ពាន់៤រយលានដុល្លារក្នុងឆ្នាំ២០២២។
បើតាមធនាគារពិភពលោក គិតត្រឹមចុងឆ្នាំ២០២១ ប្រទេសឡាវ មានបំណូលសាធារណៈសរុបកើនដល់ទៅ ៨៨% នៃផលិតផលក្នុងស្រុកសរុប ក្នុងនោះបំណុលបរទេសមានប្រមាណជាង ១៤ពាន់លានដុល្លារ ដោយក្នុងនោះ ជំពាក់ប្រទេសចិនច្រើនជាងគេបំផុត ពោលគឺមានដល់ទៅ៤៧% នៃបំណុលបរទេសរុប។ ក្នុងនោះដែរ រហូតដល់ឆ្នាំ២០២៥ ក្នុងមួយឆ្នាំៗឡាវត្រូវទូទាត់សងបំណុលប្រមាណ១ពាន់៣រយលានដុល្លារ ដែលវាគឺជាកត្តាប្រឈមខ្លាំងមែនទែនសម្រាប់ប្រទេសនេះ៕