ជាមួយគ្នានេះដែរ ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅប្រទេសឡាវដែលកំពុងខ្វះខាតវិញ ក៏ត្រូវបានរដ្ឋមន្ត្រីហិរញ្ញវត្ថុដដែលនេះ អះអាងថាអាចធានាការផ្គត់ផ្គង់បានដល់រយៈពេល ៣ ខែទៀត។ សារព័ត៌មានក្នុងស្រុករបស់ឡាវដដែលនេះបានរាយការណ៍ទៀតថា សមាជិករដ្ឋសភាឡាវ (NA) បានសម្តែងការព្រួយបារម្ភពីការកើនឡើងបំណុលសាធារណៈ បើធៀបនឹងស្ថានភាពនៃការធ្លាក់ចុះយ៉ាងខ្លាំងនៃរូបិយបណ្ណក្នុងស្រុក ការកើនឡើងអតិផរណា និងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន។
នៅពេលនិយាយពាក់ព័ន្ធនឹងបំណុលសាធារណៈ លោក បូនឆំ បានប្រាប់សភាឡាវកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលឡាវអាចធានាចំពោះសមាជិកសភាបានថា ការគ្រប់គ្រងបំណុលមានកម្រិតសុវត្ថិភាពខ្ពស់ ហើយពួកគេនឹងមិនអនុញ្ញាតឱ្យប្រទេសឡាវរអិលធ្លាក់ចូលទៅក្នុងវិបត្តិបំណុលនោះឡើយ។ កម្រិតបំណុលសាធារណៈរបស់ប្រទេសឡាវ បានកើនឡើងគួរឱ្យកត់សម្គាល់ពីកម្រិត ៦៨% នៃ ផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០១៩ មកដល់កម្រិត ៨៨% នៃផលិតផលក្នុងស្រុកសរុបនៅក្នុងឆ្នាំ២០២១ ដោយមានកម្រិតបំណុលសាធារណៈសរុបជាង១៤ពាន់លានដុល្លារ ក្នុងនោះវិស័យថាមពលមានចំណែកដល់ទៅ ៣០% នៃសន្និធិបំណុលសាធារណៈសរុប ហើយក្នុងនោះ បំណុលជំពាក់ប្រទេសចិន គឺមានច្រើនជាងគេ។ នេះបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោក។
ប្រទេសនេះបាននិងកំពុងសង្ឃឹមថា នឹងមានលទ្ធភាពសងបំណុលដ៏ច្រើនរបស់ខ្លួននៅត្រឹមឆ្នាំ២០២៥តាមរយៈប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការរុករករ៉ែ និងការធ្វើកំណែទម្រង់សហគ្រាសរដ្ឋ។ នៅក្នុងសុន្ទរកថាក្នុងសម័យប្រជុំរដ្ឋសភា លោក បូនឆំ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវបាននិយាយថា រដ្ឋាភិបាលឡាវមានថវិកាគ្រប់គ្រាន់ ដើម្បីសងបំណុលរហូតដល់ខែសីហាឆ្នាំនេះ។
រដ្ឋាភិបាលបានលក់មូលបត្របំណុល ដើម្បីជួយទូទាត់កាតព្វកិច្ចសងបំណុលក្នុងស្រុក និងកំពុងចរចាជាមួយម្ចាស់បំណុលបរទេស សុំឱ្យជួយពន្យារពេលលក្ខខណ្ឌសងបំណុលឱ្យលើសពីខែសីហាផងដែរ។ ទីភ្នាក់ងារព័ត៌មានឡាវ KPL បានរាយការណ៍ថា ខណៈដែលថវិកាត្រូវបានអនុម័តដោយរដ្ឋសភាដើម្បីសងបំណុលក្នុងស្រុកចំនួន ៧.១៥៧ ពាន់លានគីបប្រហែល ៤៧៦លានដុល្លារ និងត្រូវសងបំណុលបរទេសប្រមាណ ១ពាន់៦រយលានដុល្លារនៅឆ្នាំនេះ។ ប៉ុន្ដែ បើគិតត្រឹមខែឧសភា ឡាវទើបតែបានសងបំណុលក្នុងស្រុកប្រមាណ ១០០លានដុល្លារប៉ុណ្ណោះ ឬស្មើនឹងប្រមាណជាង២៤%នៃគោលដៅសងបំណុលនៅឆ្នាំនេះ។
ទន្ទឹមនេះដែរ សម្រាប់ការសងបំណុលបរទេសវិញ គិតត្រឹមខែឧសភា ទើបតែបានសងប្រមាណ ១៣៨លានដុល្លារប៉ុណ្ណោះ ឬស្មើនឹងជាង ៨% នៃគោលដៅត្រូវសងបំណុលបរទេសសរុប។រដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវលោក បូនឆំ បាននិយាយថា រដ្ឋាភិបាលកំពុងប្រមូលចំណូលបន្ថែមពីគម្រោងរុករករ៉ែ ការលក់រូបិយបណ្ណ (cryptocurrency) ក៏ដូចជាតម្លៃសេវាកម្មពីការដឹកជញ្ជូនទំនិញតាមរថភ្លើងឡាវ-ចិនផងដែរ។ លោករដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវរូបនេះបានបន្ថែមថា ធនាគាររដ្ឋចំនួន ២ បានទទួលប្រាក់ចំណេញរាប់លានបន្ទាប់ពីការលក់ភាគហ៊ុនចំនួន ៧០% ទៅឱ្យក្រុមអ្នកវិនិយោគក្នុងស្រុកខណៈដែលប្រទេសឡាវគ្រោងនឹងធ្វើកំណែទម្រង់សហគ្រាសរដ្ឋជាច្រើនទៀត ដើម្បីប្រមូលចំណូលពីវិស័យនេះ។ សូមបញ្ជាក់ថា ប្រទេសឡាវបច្ចុប្បន្ន កំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈប្រើប្រាស់ កាន់តែខ្លាំង ដោយសារតែប្រាក់គីបរបស់ប្រទេសនេះធ្លាក់ចុះ និងកង្វះខាតទុនបម្រុងអន្តរជាតិសម្រាប់ការទូទាត់ការនាំចូល។
ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសនេះ អះអាងថា រដ្ឋាភិបាលបានបើកឲ្យមានការផ្ដល់ឥណទាន សម្រាប់សហគ្រាសប្រេងឥន្ធនៈជាតិរបស់ឡាវ ដើម្បីអាចទិញប្រេងបាន២០០លានលីត្រ ដែលអាចនគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់បានរយៈពេល៣ខែ ចាប់ពីខែមិថុនា ដល់ខែសីហាខាងមុខនេះ។ ក្រុមអ្នកជំនាញសេដ្ឋកិច្ច ព្រមានដែរថា ប្រទេសឡាវពេលនេះ កំពុងប្រឈមមុខនឹងបញ្ហាសាច់ប្រាក់ងាយស្រួល និងដំណោះស្រាយ ដោយសារបន្ទុកសេវាបំណុលខ្ពស់ ការប្រមូលប្រាក់ចំណូលមិនល្អ ជម្រើសហិរញ្ញវត្ថុមានកម្រិត និងទុនបម្រុងអន្តរជាតិធ្លាក់ចុះជាដើម។ ទន្ទឹមនឹងនេះ បញ្ហាកើនឡើងអតិផរណាខ្លាំងក៏កំពុងដាក់បន្ទុកកាន់តែខ្លាំងលើអ្នកប្រើប្រាស់នៅក្នុងប្រទេសឡាវផងដែរ តួយ៉ាង នៅខែឧសភាកន្លងទៅ អតិផរណានៅក្នុងប្រទេសនេះ មានដល់ទៅជិត១៣% ឯណោះ ជាកម្រិតមួយខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជិត២០ឆ្នាំមកនេ
អត្ថបទ៖ សុខ ជា