
ដើម្បីទាក់ទាញអ្នកវិនិយោគមកពីជុំវិញពិភពលោក រដ្ឋាភិបាលឡាវ ដែលជាអ្នកក្បែរខាងកម្ពុជា បានផ្ដល់ការលើកលែងពន្ធរយៈពេលរហូតដល់ទៅ៣០ឆ្នាំ សម្រាប់អ្នកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសខ្នាតយក្ស អាម៉ាតា។ តំបន់សេដ្ឋកិច្ចពិសេសខ្នាតយក្សនេះ មានទំហំសរុបដល់ទៅជាង៣,៥០០ហិចតា។ រដ្ឋាភិបាលឡាវ រំពឹងថា តាមរយៈតំបន់សេដ្ឋកិច្ចពិសេសខ្នាតយក្សខាងលើនេះ វានឹងជួយជំរុញការនាំចេញ ជួយបង្កើតការងារ និងជួយលើកទឹកចិត្តដល់ពលករចំណាកស្រុកឡាវ ឱ្យត្រឡប់មកមាតុប្រទេសវិញ។
តំបន់ដែលមានទីតាំងនៅជិតស្ថានីយផ្លូវដែកល្បឿនលឿន ឡាវ-ចិន នៅភាគខាងជើងនៃប្រទេសឡាវនេះ នឹងត្រូវអភិវឌ្ឍជាគំរូសួនឧស្សាហកម្មទំនើបបំពាក់បច្ចេកវិទ្យាឆ្លាតវៃ និងមិនជះផលប៉ះពាល់ដល់បរិស្ថាន ដើម្បីទាក់ទាញអ្នកវិនិយោគមកពីជុំវិញពិភពលោក។
ឧបនាយករដ្ឋមន្ត្រីឡាវ លោក សាឡឹមសៃ កុំម៉ាស៊ីត (Saleumxay Kommasith) បានពន្យល់ថា ការលើកលែងពន្ធខាងលើនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលឡាវ ដែលផ្ដោតសំខាន់លើវិស័យសំខាន់ៗចំនួន៤ រួមមាន ការកែច្នៃកសិកម្ម ដោយប្រើវត្ថុធាតុដើមក្នុងស្រុក, ការផលិតឧបករណ៍ថាមពលកកើតឡើងវិញរួមទាំងបន្ទះសូឡា, ការផលិតរថយន្ត និងគ្រឿងបន្លាស់យានយន្ត និងការផលិតឧបករណ៍គ្រឿងអគ្គិសនី និងអេឡិចត្រូនិក។
បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ អ្នកវិនិយោគនៅក្នុងវិស័យទាំងនេះនឹងទទួលបានអត្ថប្រយោជន៍ពីការលើកលែងពន្ធលើប្រាក់ចំណេញពេញលេញសម្រាប់រយៈពេល៣០ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃចេញវិញ្ញាបនបត្រអនុញ្ញាតឱ្យរោងចក្ររបស់ពួកគេបើកដំណើរការ។
សូមបញ្ជាក់ថា ទន្ទឹមនឹងអ្នកវិនិយោគបើករោងចក្រទទួលបានការលើកលែងពន្ធលើប្រាក់ចំណេញរយៈពេល៣០ឆ្នាំ បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវបានតម្រូវឱ្យកៀរគរដើមទុនឱ្យបានចន្លោះពី៤,៥ ទៅ៥ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេលចន្លោះពី៥ ទៅ៧ឆ្នាំ ដើម្បីមានលក្ខខណ្ឌគ្រប់គ្រាន់ទទួលបានគ្រឿងលើកទឹកចិត្តផ្នែកវិនិយោគ៕
ដោយ: តែម សុខុម