
មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ សន្និបាត និងពិព័រណ៍ដ៏ធំប្រណីតមួយនេះ វិនិយោគសាងសង់ដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន L.Y.P Group ដែលជាវិនិយោគិនខ្មែរវិនិយោគនៅលើគ្រប់វិស័យនៅកម្ពុជា។
ឧកញ៉ា លី យ៉ុងផាត់ បានមើលឃើញពីតម្រូវការចាំបាច់ក៏ដូចជាការខ្វះខាតនូវទីតាំងសន្និបាត ពិព័រណ៍ និងកន្លែងរៀបមង្គលការប្រណីតៗនៅភ្នំពេញ ទើបធ្វើឲ្យអ្នកឧកញ៉ា លី យ៉ុងផាត់ សម្រេចចិត្តបោះទុនវិនិយោគដោយឥតស្ទាក់ស្ទើរ នៅក្នុងជំនួញវិស័យថ្មីមួយនេះបន្ថែមទៀត។
លោក មាន សំអុល នាយកគ្រប់គ្រងមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ សន្និបាត និងពិព័រណ៍ដ៏ធំប្រណីតមួយនេះ បានឲ្យដឹងថា មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ ដែលផ្ដល់សេវាកម្មរៀបចំកម្មវិធីផ្សេងៗ ពិសេស កម្មវិធីរៀបចំមង្គលការតែម្តង។ រហូតមកដល់បច្ចុប្បន្ននេះ មានការទទួលកក់កន្លែងរៀបចំអាពាហ៍ពិពាហ៍ចំនួន ២៨៥គូ ស្មើនឹង ៥០០អគារ។ ហើយក្នុងនោះមាន ៧គូ នឹងចាប់ផ្តើមសម្ពោធរៀបចំកម្មវិធីអាពាហ៍ពិពាហ៍របស់ពួកគេនៅថ្ងៃទី១១ ខែ១១ ក្នុងខែនេះតែម្តង។ ចំណែកឯកម្មវិធីសន្និបាតនិងសិក្ខាសាលាក៏ទទួលបានការកក់ច្រើនគួរសមដែរ។

ឌឹ ព្រីមៀរ សែនសុខ សេនធ័រ នេះ វិនិយោគទឹកប្រាក់ជាង ១០លានដុល្លារមួយនេះ មានអគារសរុបចំនួន ៧អគារ ហើយក្នុងមួយបន្ទប់ អាចដាក់តុការបានចាប់ពី ៥០តុ ឡើងទៅ ហើយបើរំលាយបន្ទប់នៃអគារទាំង៧នេះ បញ្ចូលគ្នា អាចដាក់បានរហូតដល់ ៥០០តុការ ស្មើនឹងចំនួនមនុស្ស ៥០០០នាក់ ខណៈដែលទីធ្លាចតរថយន្ដមានសមត្ថភាពដាក់រថយន្ដបានរហូតដល់ ១២០០គ្រឿង និងម៉ូតូ ៧០០គ្រឿង។
ឌឹ ព្រីមៀរ សែនសុខ សេនធ័រ ដែលជាមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ សន្និបាត និងពិព័រណ៍ដ៏ធំ ប្រណីតមួយនេះ អាចចាត់ទុកថា គឺជាអគារដ៏ធំពិសេសជាងគេមួយនៅតំបន់ សែនសុខ ជាមួយនឹងការច្របាច់បញ្ចូលគ្នានូវរចនាបថបែបខ្មែរ លាយឡំជាមួយរចនាបថបែបបស្ចិមប្រទេស ដែលមានលក្ខណៈទំនើបប្លែកភ្នែក ខុសពីរោងការដែលមាននៅពេលបច្ចុប្បន្ននេះ ឬអាចនិយាយបានថា ដូចទៅនឹងសណ្ឋាគារលំដាប់ផ្កាយ ៥ដែរ។

សូមជម្រាបថា បច្ចុប្បន្ននេះ មិនមានច្រើនទេ នូវមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ និងពិព័រណ៍ ប្រណីតៗ សម្រាប់ជួលក្នុងការប្រារព្ធកម្មវិធីផ្សេងៗ ពិសេស ពិធីមង្គលការដែលមានទំហំទីតាំងធំទូលាយនៅរាជធានីភ្នំពេញ គឺមានតែនៅកោះពេជ្រមួយប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការវិនិយោគ និងគ្រប់គ្រងដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ។
ទោះយ៉ាងណា នៅពេលដែលមានកម្មវិធីរៀបមង្គលការច្រើនម្ដងៗ ការធ្វើដំណើរទៅមករោងការនៅកោះពេជ្រនេះ ហាក់មានភាពកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ដូច្នេះក្រោយពីមានវត្តមានរបស់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ដ៏ធំមួយទៀតនៅខណ្ឌសែនសុខនេះ នឹងជួយបំពេញតម្រូវការបន្ថែមទៀត ហើយវាក៏ជាការបញ្ជៀសការកកស្ទះចរាចរណ៍នៅតំបន់កណ្ដាលក្រុងផងដែរ៕