យោងតាមសារព័ត៌មាន Tuoi Tre News របស់វៀតណាម ចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ការកាត់បន្ថយបុគ្គលិកនេះ ត្រូវបានរាយការណ៍ថា បានប៉ះពាល់ជាចម្បងដល់ក្រុមវិស្វករនៅក្នុងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ក្រុមហ៊ុន Microsoft នៅវៀតណាម។
ព័ត៌មានអំពីការកាត់បន្ថយបុគ្គលិកនេះ បានលេចឡើងនៅលើបណ្ដាញសង្គមក្នុងស្រុកកាលពីថ្ងៃទី១២ ខែតុលា បន្ទាប់ពីមនុស្សមួយចំនួនដែលអះអាងថា ជាបុគ្គលិករបស់ Microsoft បានបង្ហោះថា ពួកគេទទួលបានការជូនដំណឹងឱ្យចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹង «ការធ្វើបច្ចុប្បន្នភាពសំខាន់ៗអំពីអាជីវកម្ម» ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងផ្នែកធនធានមនុស្ស។ បុគ្គលិកម្នាក់ក្នុងចំណោមនោះ បានអះអាងថា កិច្ចប្រជុំនេះពាក់ព័ន្ធនឹងការកាត់បន្ថយបុគ្គលិក។
អ្នកនាំពាក្យរបស់ Microsoft បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកវៀតណាមថា ក្រុមហ៊ុនតែងតែកែសម្រួលរបៀបប្រតិបត្តិការ និងការរៀបចំក្រុមការងាររបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងអាទិភាពនានានាពេលអនាគត។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ការផ្លាស់ប្តូរទាំងនេះត្រូវបានអនុវត្តក្នុងទម្រង់ផ្សេងៗគ្នានៅទូទាំងក្រុមហ៊ុន ហើយក្នុងករណីខ្លះ ក៏រួមមានការសម្រេចចិត្តដ៏លំបាកដែលប៉ះពាល់ដល់មុខតំណែងការងារផងដែរ។
ក្រុមហ៊ុនបានបន្ថែមថា ខ្លួនប្តេជ្ញាផ្តល់ការគាំទ្រដល់បុគ្គលិកដែលរងផលប៉ះពាល់ក្នុងអំឡុងពេលផ្លាស់ប្តូរនេះ ដោយយកចិត្តទុកដាក់ និងគោរពចំពោះពួកគេ។ ទោះជាយ៉ាងណា Microsoft មិនទាន់បង្ហើបចំនួនបុគ្គលិកដែលត្រូវកាត់បន្ថយ ឬមុខតំណែងដែលរងផលប៉ះពាល់ជាក់លាក់នៅឡើយទេ។
នៅឆ្នាំ២០២៤ ក្រុមហ៊ុន Microsoft Vietnam បានបង្កើតក្រុមវិស្វករស្រាវជ្រាវ និងអភិវឌ្ឍន៍នៅការិយាល័យរបស់ខ្លួនក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ វៀតណាមបានក្លាយជាទីផ្សារទី៤នៅអាស៊ី ដែលមានក្រុមការងារបែបនេះរបស់ Microsoft បន្ទាប់ពីប្រទេសចិន ជប៉ុន និងកោះតៃវ៉ាន់។