វិស័យសេដ្ឋកិច្ច

វៀតណាមគ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយទៀត ដើម្បីវាយលុកទីផ្សារអឺរ៉ុបឱ្យកាន់តែខ្លាំង


បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសមួយចំនួនក្នុងប្លុកសហភាពអឺរ៉ុប (EU) រួចមកហើយនោះ ប្រទេសវៀតណាមកំពុងត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយទៀត ដើម្បីពង្រីកឥទ្ធិពល និងវត្តមានទំនិញរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុបឱ្យកាន់តែទូលំទូលាយ។
1
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រថ្មីនេះ ធ្វើឡើងរវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលនឹងបើកទ្វារទីផ្សារអឺរ៉ុបចំនួន៤បន្ថែមទៀតរួមមានប្រទេសស្វីស ន័រវែស អ៊ីស្លង់ និងលីចតិនស្តេន។

វៀតណាម និងក្រុមប្រទេស នៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការនៅថ្ងៃអាទិត្យ ខាងមុខនេះ។ ការឈានដល់ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងបន្ទាប់ពីការចរចា ដែលធ្លាប់តែជាប់គាំងអស់រយៈពេលជាយូរ ត្រូវបានចាប់ផ្តើមឡើងវិញកាលពីឆ្នាំមុន ក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្មសកល និងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាម៉េរិក។ វៀតណាម និងសមាជិក នៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប ដែលរួមមានស្វីស ន័រវែស អ៊ីស្លង់ និងលីចតិនស្តេន បានបញ្ចប់ការចរចាទាំងស្រុងកាលពីខែកក្កដា កន្លងទៅ បន្ទាប់ពីចរចាអស់រយៈពេលជាង១០ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១២ មក។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចស្វីស បានលើកឡើងកាលពីថ្ងៃទី១៤ ខែតុលា ថា ពិធីចុះហត្ថលេខាផ្លូវការនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ នៅថ្ងៃអាទិត្យ សប្តាហ៍នេះ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការមកកាន់តំបន់អាស៊ីរបស់លោក ហ្គាយ ផាមេលីន (Guy Parmelin) ប្រធានាធិបតីស្វីស។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីនេះនឹងគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើនរួមមាន វិធានដើមទំនិញ ការវិនិយោគ កម្មសិទ្ធិបញ្ញា ការប្រកួតប្រជែងស្មើភាព បទប្បញ្ញត្តិពាណិជ្ជកម្ម និងលទ្ធកម្មសាធារណៈជាដើម។

យោងតាមទិន្នន័យផ្លូវការរបស់សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប នៅក្នុងឆ្នាំ២០២៥ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងក្រុមប្រទេស EFTA បានកើនឡើងដល់ជាង៥ពាន់លានដុល្លារ ក្នុងនោះ វៀតណាមមានអតិរេកពាណិជ្ជកម្មរហូតដល់ទៅជិត៣ពាន់លានដុល្លារជាមួយបណ្តាប្រទេសទាំងនោះ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Microsoft កាត់បន្ថយបុគ្គលិកមួយចំនួននៅវៀតណាម ប៉ុន្ដែមិនទាន់បង្ហើបពីចំនួនជាក់លាក់

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក Microsoft ដែលបានឈរជើង ៣ទសវត្សរ៍នៅប្រទេសវៀតណាម បានកាត់បន្ថយបុគ្គលិកមួយចំនួន ប៉ុន្តែក្រុមហ៊ុនអះអាងថា ខ្…

តើអាស៊ានត្រូវត្រៀមខ្លួនបែបណា សម្រាប់ការងាកមកប្រើប្រាស់ថាមពលនុយក្លេអ៊ែ?

អ្នកជំនាញថាមពលបានលើកឡើងថា បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនគួររង់ចាំ​រហូតដល់ដំណើរការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចាប់ផ្តើម ទើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ