បច្ចេកវិទ្យា​កសិកម្ម

ប្រព័ន្ធ​បច្ចេកវិទ្យា​កសិកម្ម BlocRice ដំបូង​គេ​នៅ​កម្ពុជា នឹង​ដាក់​ឲ្យ​ដំណើរការ​ផ្លូវការ នា​ចុង​ខែ​សីហា


ប្រព័ន្ធ​បច្ចេក​វិទ្យា​កសិកម្ម​លក្ខណៈ​ប្រមូល​ផ្ដុំ​សម្រាប់​វិស័យ​ស្រូវ​អង្ករ ឬ​ហៅ​ថា BlocRice នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី៣១ ខែ​សីហា​ ឆ្នាំ​២០១៨ ក្រោយ​ពី​គម្រោង​នេះ ត្រូវ​បាន​ចូលរួម​សហការ​រវាង​ក្រុមហ៊ុន AmruRice មួយ​អង្គការ Oxfam និង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​សិក្សា​និង​រៀបចំ​អស់​រយៈពេល​កន្លះ​ឆ្នាំ​រួច​មក។
លោក កាន់ គន្ធី នាយករង​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ AmruRice។
ដោយ

បើតាម​ការអះអាង​ពី​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ក្រុមហ៊ុន AmruRice បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​បច្ចេកវិទ្យា​កសិកម្ម​លក្ខណៈ​ប្រមូល​ផ្ដុំ BlocRice គឺ​ជា​គម្រោង​ថ្មី​មិន​ធ្លាប់​មាន​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា ហើយ​ក៏​នឹង​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ផង​ដែរ។

លោក កាន់ គន្ធី នាយករង​ក្រុមហ៊ុន​នាំចេញ​អង្ករ AmruRice បាន​ឲ្យ​ដឹង​ថា គម្រោង BlocRice នេះ គឺ​វា​ស្រដៀង​នឹង​ប្រព័ន្ធ BlockChain ដែល​ពិភពលោក​កំពុង​និយម​ប្រើ​ប្រាស់​យ៉ាង​ដូច្នោះ​ដែរ ដោយ​វា​នឹង​ប្រើប្រាស់​ជា​លក្ខណៈ​បច្ចេកវិទ្យា​ប្រមូល​ផ្ដុំ​ព័ត៌មាន និង​ដំណើរការ​នានា​ក្នុង​ការ​ផលិត​និង​នាំ​ចេញ​អង្ករ ដោយ​វា​មាន​ភាព​ងាយ​ស្រួល សុវត្ថិភាព និង​ផ្ដល់​ព័ត៌មាន​បាន​គ្រប់​ជ្រុង​ជ្រោយ ពិសេស​គឺ​ផ្ដល់​នូវ​ទំនុក​ចិត្ត​ខ្ពស់​ដល់​អ្នក​ទិញ​អង្ករ​ពី​កម្ពុជា​យក​ទៅ​ទទួល​ទាន។

បើ​តាម​នាយករង​ក្រុមហ៊ុន AmruRice រូប​នេះ ប្រព័ន្ធ​បច្ចេកវិទ្យា​កសិកម្ម​លក្ខណៈ​ប្រមូល​ផ្ដុំ​សម្រាប់​វិស័យ​ស្រូវ​អង្ករ BlocRice នេះ គឺ​ផ្ដល់​នូវ​អត្ថប្រយោជន៍ ៤​យ៉ាង៖

ទី១ គឺ​ភាព​អាច​តាមដាន​ដឹង​បាន អំពី​ព័ត៌មាន​នានា​តាំង​ពី​សង្វាក់​ដំបូង​នៃ​ផលិតកម្ម​ស្រូវ​អង្ករ​រហូត​ដល់​ការ​នាំចេញ​លក់​នៅ​លើ​ទីផ្សារ ដោយ​ក្នុង​នោះ កសិករ​និង​អ្នក​បញ្ជា​ទិញ​អាច​តាមដាន​បាន​ដឹង​​ជាមួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ស្កែន QR Code ដែល​ក្រុមហ៊ុន​បាន​រៀបចំ​ឡើង។

ទី២ គឺ​អាច​អភិវឌ្ឍ​គុណភាព​ស្រូវ​អង្ករ ព្រោះ​ខាង​ក្រុមហ៊ុន AmruRice បាន​ធ្វើ​កិច្ចសន្យា​កសិកម្ម (Contract Farming) ជាមួយ​កសិករ រួម​ជាមួយ​នឹង​ការ​បញ្ចូល​បច្ចេកវិទ្យា​ក្នុង​ការ​ធ្វើ​កសិកម្ម​តាម​បែប​ទំនើប និង​មាន​ការ​ទទួល​ខុស​ត្រូវ​ជាង​មុន។

ទី៣ គឺ​ការ​ដឹង​ពី​ពេល​វេលា​ជាក់លាក់ ក្នុង​ការ​ដាំដុះ​ស្រូវ រហូត​ដល់​ការ​នាំចេញ ទម្រាំ​ដល់​ទីផ្សារ​លក់​ឲ្យ​អតិថិជន​យក​អង្ករ​ទៅ​បរិភោគ ប្រកប​ដោយ​តម្លាភាព។

ទី៤ គឺ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ក្រដាស​ប្រាក់​ដើម្បី​ទិញ​លក់​ស្រូវ​អង្ករ ដោយ​កសិករ​នឹង​មាន​គណនី​ធនាគារ​ផ្ទាល់​ខ្លួន ហើយ​ពេល​ក្រុមហ៊ុន​បញ្ជា​ទិញ នឹង​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​តែម្ដង។ ដូច្នេះ វា​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​អ្នក​ទិញ​និង​កសិករ​ផង​ដែរ។ 

លោក កាន់ គន្ធី បន្ថែម​ថា គម្រោង​ប្រព័ន្ធ​បច្ចេកវិទ្យា​លក្ខណៈ​ប្រមូល​ផ្ដុំ​សម្រាប់​វិស័យ​ស្រូវ​អង្ករ BlocRice នៅ​ជំហាន​ដំបូង​នេះ បាន​ធ្វើការ​សាកល្បង​ជាមួយ​នឹង​កសិករ​ជាង ៥០​សមាជិក នៅ​ខេត្ត​ព្រះវិហារ ដែល​មាន​ផ្ទៃ​ដី​ដាំដុះ​ស្រូវ ៥០​ហិកតា ដោយ​មាន​ការ​សហការ​ពី​អង្គការ Oxfam ជាមួយ​នឹង​ការ​ចំណាយ​ដើម​ទុន​អស់​ជាង ៥​ម៉ឺន​ដុល្លារ។

បើតាម​ការ​បញ្ជាក់​ពី​នាយករង​ក្រុមហ៊ុន ArmuRice ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា BlocChain សម្រាប់​វិស័យ​កសិកម្ម​គឺ​មាន​ប្រទេស​ជា​ច្រើន​បាន​ធ្វើ​ជោគជ័យ​រួច​ហើយ តួយ៉ាង នៅ​ប្រទេស​វៀតណាម គឺ​បាន​ប្រើប្រាស់​វា​សម្រាប់​ការ​នាំ​ចេញ​ត្រី​ទៅ​ក្រៅ​ប្រទេស ប៉ុន្ដែ វា​គឺ​ជា​គម្រោង​មួយ​ថ្មី​សម្រាប់​វិស័យ​កសិកម្ម​នៅ​កម្ពុជា។ 

យ៉ាង​ណា​ក៏​ដោយ លោក កាន់ គន្ធី បាន​គូស​បញ្ជាក់​ថា ប្រព័ន្ធ​បច្ចេកវិទ្យា​កសិកម្ម​នេះ គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​ជៀស​រួច​ឡើយ​ទៅ​ថ្ងៃ​អនាគត ប្រសិន​បើ​ចង់​ធ្វើ​កសិកម្ម​ក្នុង​ទីផ្សារ​ដែល​កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។ 

បើតាម​គោលដៅ​របស់​ក្រុមហ៊ុន Amru​Rice ប្រព័ន្ធ​បច្ចេកវិទ្យា​កសិកម្ម​លក្ខណៈ​ប្រមូល​ផ្ដុំ​សម្រាប់​វិស័យ​ស្រូវ​អង្ករ ហៅ​ថា BlocRice នេះ នឹង​អាច​ពង្រីក​ប្រតិបត្តិការ​ដល់ ៥​ពាន់​កសិករ នៅ​៣​ឆ្នាំ​ខាង​មុខ ដោយសារ​តែ​ក្រុមហ៊ុន​នេះ មើល​ឃើ​ថា វា​មាន​សក្ដានុពល​សម្រាប់​វិស័យ​ស្រូវ​អង្ករ ក៏​ដូចជា​ផ្ដល់​នូវ​តម្លៃ​បន្ថែម​ខ្ពស់​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន Amru​Rice ក៏​នឹង​ឈាន​ទៅ​ពង្រីក​ប្រព័ន្ធ​បច្ចេកវិទ្យា​កសិកម្ម​ប្រមូល​ផ្ដុំ​នេះ ជាមួយនឹង​ប្រភេទ​កសិកផល​ផ្សេង​ទៀត​របស់​កម្ពុជា​ផងដែរ ដូចជា ពោត និង​ដំឡូងមី ជាដើម៕

None



អត្ថបទបន្ទាប់


AmruRice នឹង​ទិញ​ស្រូវក្រអូបពីកសិករ​ខេត្ត​កំពង់ធំ កិនជាអង្ករនាំចេញទៅផ្សារអន្តរជាតិ

ក្រុមហ៊ុន Amru Rice បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយកសិករ៩សហគមន៍ស្ថិតនៅខេត្តកំពង់ធំ ដើម្បីឲ្យសហគមន៍ផ្គត់ផ្គង់ស្រូវក្រអូប​៨ពាន់តោនដ…

អបអរកសិករ​ខេត្ត​កំពតនិងកំពង់ស្ពឺ ឧកញ៉ា ហៃ លីអ៊ាង បានចុះកុងត្រាទិញស្វាយ៥00តោននាំចេញទៅអឺរ៉ុប

លោកឧកញ៉ា ហៃ លីអ៊ាង ប្រធានក្រុមហ៊ុន Confirel បានមានប្រសាសន៍ប្រាប់សារព័ត៌មានខេមបូណូមីសថា សម្រាប់ឆ្នាំ ២០១៨-២០១៩ ក្រុមហ៊ុនបានចុះកុងត្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ