ក្រុមហ៊ុន Lamborghini Cambodia សូមណែនាំនូវរថយន្តជំនាន់ថ្មីប្រភេទ Urus Pearl Capsule Design Edition ជាមួយនឹងការដឹកជញ្ជូនដំបូងគេបង្អស់សម្រាប់អតិថិជន ដោយបានធ្វើឡើងនាខែមីនា ឆ្នាំ ២០២១ កន្លងទៅ។ ការរចនាម៉ូតរបស់ Pearl Capsule Design Edition ជំនាន់ថ្មីនេះគឺជាជម្រើសដ៏ល្អឯកសម្រាប់ផ្តល់ជូនអតិថិជនក្រោមស្នាដៃរបស់ផ្នែកឌីហ្សាញម៉ូដ Centro Stile របស់ Lamborghini នៅប្រទេសអ៊ីតាលី ដើម្បីបង្ហាញពីការរចនាម៉ូត និងការឌីហ្សាញយ៉ាងល្អប្រណិត ដែលឆ្លុះបញ្ចាំងពីសមត្ថភាពដំណើរការដ៏រំជើបរំជួលនៃរថយន្ត Lamborghini Super SUV ។
The Urus Pearl Capsule គឺមាននៅលើម៉ូដែល Urus ស៊េរីឆ្នាំ ២០២១ ដែលឥឡូវនេះធ្វើឱ្យម្ចាស់រថយន្ត Lamborghini Urus បង្ហាញចេញនូវបុគ្គលិកលក្ខណៈដ៏វិសេសវិសាលនិងប្រណិតបន្ថែមទៀតជាមួយនឹងការបំពាក់គ្រឿងបរិក្ខារដែលមានលក្ខណៈស្តង់ដារ និងមានជម្រើសបន្ថែមនូវពណ៌ស្តង់ដារដ៏សម្បូរបែបព្រមទាំងទំនើបហើយទាន់សម័យបំផុត និងមាននូវជម្រើសពណ៌ពិសេសបន្ថែមទៀតយ៉ាងច្រើនរាប់មិនអស់ ក៏ដូចជាការតុបតែងលម្អផ្នែកខាងក្នុងនៃរថយន្តបន្ថែមទៀតដើម្បីបំពេញទៅតាមសេចក្តីត្រូវការរបស់អតិថិជនដែលផ្តល់ជូនដោយផ្នែកសេវាអតិថិជនពិសេស - Lamborghini Ad Personam ។
ការតុបតែងផ្នែកខាងក្រៅនៃរថយន្តដែលមានពីរពណ៌លាយបញ្ចូលគ្នារំលេចឡើងនូវ វត្ថុធាតុដ៏ភ្លឺរលើបរលោងចំនួនបួន ស្រទាប់ ប្រៀបបានទៅនឹងគុជដ៏ប្រណិតមួយ ដែលជាអត្តសញ្ញាណរបស់ Lamborghini ដោយមានដូចជា៖ Giallo Inti, Arancio Borealis និង Verde Mantis ជាមួយនឹងដំបូលពណ៌ខ្មៅដ៏រលើបរលោង (Diffuser) នៅផ្នែកខាងក្រោយ និងកាងផ្នែកខាងមុខ (Spoiler lip) និងមានលក្ខណៈពិសេសផ្សេងទៀត ។
បន្ថែមលើ សឺមុំាងពណ៌ប្រផេះគ្រើមប្រភេទស្ព័រ មានយ៉ាន់កង់ពណ៌ខ្មៅរលោងថែមទាំងមានរង្វង់ពណ៍ព័ទ្ធជុំវិញយ៉ាន់កង់ទំហំ ២៣ អ៊ីញ រួមជាមួយនឹងពណ៌តួរថយន្តដ៏ស្រស់ឆើតឆាយ។ ការតុបតែងនៅផ្នែកខាងក្នុងគឺជាបន្សំនៃពណ៌ពីរយ៉ាងល្អឥតខ្ចោះដែលមានទ្រនាប់ពូកដេររាងដូចឆកោនជាអក្សរ Q-Citura ជាមួយនឹងការរចនាឡូហ្គោនៅលើកៅអី រួមទាំងកាបូន(Carbon Fibre) និងលម្អិតនូវគ្រឿងអាលុយមីញ៉ូមពណ៌ខ្មៅ(Black anodized aluminum details)។ មានតែ Pearl Capsule តែមួយគត់ដែលបំពាក់ទៅដោយកៅអីប្រើថាមពលអគ្គីសនីដែលជាជម្រើសពេញលេញ មានលំហូរខ្យល់ចេញចូល មានប្រព័ន្ធកង្ហារ ជាមួយនឹងស្បែក Alcantara ដែលផ្តល់នូវផាសុកភាពយ៉ាងពិសេស។
Sharad Agarwal ប្រធានផ្នែកអាជីវកម្មរបស់ Lamborghini ប្រចាំប្រទេសឥណ្ឌា និងទីផ្សារថ្មីៗ បានមានប្រសាសន៍ថា “រថយន្ត Urus Pearl Capsule បានផ្តល់នូវជម្រើសពណ៌ដ៏ល្អឯកទាំងផ្នែកខាងក្រៅ និងខាងក្នុងដែលបង្ហាញពីបុគ្គលិកលក្ខណៈដ៏វិសេសវិសាល ជឿនលឿន និងស្ទាយនៃការរស់នៅដែលខុសប្លែកអស្ចារ្យពីគេរបស់ម្ចាស់រថយន្ត” ។
លោកបានបន្ថែមទៀតថា “រថយន្ដ Lamborghini Super SUV Urus បាននាំមកនូវការផ្លាស់ប្តូរថ្មីៗ ដោយបានផ្តល់នូវភាពបត់បែននៃរថយន្តប្រភេទ SUV រួមជាមួយនឹងថាមពលដ៏ខ្លាំងក្លានៃការបើកបរ និងអារម្មណ៍ដ៏អស្ចារ្យនៃរថយន្តស្ព័រទំនើបមួយនេះ។ យើងរង់ចាំស្វាគមន៍ម៉ូដែលជាច្រើនទៀតបន្ទាប់ពីម៉ូដែលស៊េរីថ្មីនេះដែលផ្តល់ជូនអតិថិជននូវរថយន្ត Lamborghini ជាមួយនឹងមធ្យោបាយយ៉ាងល្អឥតខ្ចោះ និងកាន់តែមានភាពទាក់ទាញសម្រាប់ដំណើរផ្សងព្រេងបែបថ្មី ។"
ក្រុមហ៊ុន Lamborghini បានបើកសម្ពោធហាងលក់ថ្នាំបាញ់ពណ៍ឯកទេសរបស់ខ្លួននៅនឹងកន្លែងផ្ទាល់នៅក្នុងឆ្នាំ ២០១៩ ដោយរួមបញ្ចូលនូវកម្មវិធីគំរូសិប្បនិម្មិតដែលមានលក្ខណៈស្តង់ដាររួមជាមួយទេពកោសល្យ និងបច្ចេកវិទ្យារួមផ្សំ ដើម្បីពង្រីកសក្តានុពលនៃជម្រើសពណ៌ដ៏ល្អក្នុងបរិមាណកាន់តែច្រើនឡើង។ យុទ្ធសាស្រ្តវិនិយោគដូចជាហាងថ្នាំបាញ់ពណ៍ថ្មីឆ្លុះបញ្ចាំងពីការឆ្លើយតបយ៉ាងសកម្មរបស់ Lamborghini ចំពោះតម្រូវការរបស់អតិថិជនដែលចង់បានរួមទាំងការតុបតែងលម្អផ្នែកខាងក្រៅដ៏ស្រស់ឆើតឆាយ និងមានភាពរស់រវើកជាមួយនឹងជម្រើសពណ៌គុជភ្លឺរលោង លោហៈ និងពណ៌ផ្សេងៗគ្នាដែលអាចរកបានតាមរយៈការរចនាពិសេស Ad Personam ។
ម៉ូដែល Urus ស៊េរី ២០២១ បានផ្តល់ជូននូវឧបករណ៍ស្តង់ដារកម្រិតខ្ពស់បំផុតទាំងផ្នែកបច្ចេកវិទ្យា និងសុវត្ថិភាព ដូចជាមុខងារ អាចមើលឃើញកុងត័របើកបរនៅកញ្ចក់ផ្នែកខាងមុខ Heads Up Display (HUD) និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ (ADAS) រួមទាំងលក្ខណៈពិសេស ស្តង់ដាររហូតដល់ ១២ មុខខុសៗគ្នា ដែលមានផ្តល់ជូនហើយឥឡូវនេះ។
គួរកត់សម្គាល់ដែរថា មានការកែលម្អជាច្រើនទៅលើផលិតផល Urus MY21 រួមបញ្ចូលទាំងការរចនាម៉ូតថ្មីដ៏ល្អឯក និងមុខងារជម្រើសពេញលេញ ជំនួយការចតរថយន្តដ៏ទំនើប រួមទាំងមុខងារជំនួយការចតឆ្លាតវៃដ៏ទំនើប។ ប្រព័ន្ធនេះអនុញ្ញាតឱ្យរថយន្តចតដោយខ្លួនឯងដោយគ្រាន់តែគ្រប់គ្រងចង្កូត ហ្គែរ និងហ្វ្រាំងសម្រាប់ការចតរថយន្តតាមខ្សែស្រប និងចតតាមរង្វាស់មុំកែងដោយស្វ័យប្រវត្តិដោយគ្រាន់តែចុចប៊ូតុងប៉ុណ្ណោះ។
គ្រឿងបរិក្ខារជម្រើសដ៏ពេញលេញ រួមមាន ប្រព័ន្ធសម្លេង Sensonum ថ្មីល្អដាច់គេ ដែលបំពាក់ដោយឧបករណ៍បំពងសម្លេង ៧៣០W និងអូប៉ាល័រ ១៧ គ្រឿងដែលមានការគាំទ្រខ្លាំងបំផុតពីសំណាក់អតិថិជនដែលនិយមចូលចិត្តរថយន្ត Lamborghini និងឱ្យតម្លៃទៅលើប្រព័ន្ធសម្លេងដែលមានគុណភាពសម្លេងល្អនិងខ្លាំង។
វាពិតជាគួរឱ្យរំភើបនៅពេលដែលយើងបានឃើញនូវម៉ាកយីហោមួយដែលបានឆ្លើយតបទៅនឹងតម្រូវការប្រកបដោយភាពច្នៃប្រឌិតរបស់អតិថិជនដែលតែងតែស្រលាញ់និង និយមចូលចិត្តបំផុត។
Urus Pearl Capsule គឺជាការតំណាងដ៏ល្អឥតខ្ចោះនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Lamborghini ក្នុងការផ្តល់ជូនអតិថិជនដែលស្រលាញ់ចូលចិត្តម៉ាកនេះ នូវកាដូដ៏ល្អឯកគ្មានផ្ទឹមមួយនេះ។ Urus Pearl Capsule តំណាងឱ្យស្នាដៃដ៏ប៉ិនប្រសប់អស្ចារ្យ នោះគឺ Urus ដែលបង្ហាញយ៉ាងច្បាស់ពីបុគ្គលិកលក្ខណៈដ៏វិសេសវិសាល និងចក្ខុវិស័យតែមួយគត់របស់ម្ចាស់រថយន្ត។
លោក David Reunert នាយកគ្រប់គ្រងក្រុមហ៊ុន HGB Luxury Group និង Lamborghini Cambodia បានមានប្រសាសន៍ថា “នេះគឺជាពេលវេលាដ៏ពិសេសបំផុតសម្រាប់យើងក្នុងការស្វាគមន៍នូវកំពូលប្រភេទរថយន្ត Super SUV មកកាន់ប្រទេសកម្ពុជា និងប្រគល់កូនសោជូនម្ចាស់ថ្មីរបស់រថយន្ត” ។
Lamborghini Cambodia គឺជាត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន HGB Group Co. Ltd. និងធ្វើប្រតិបត្តិការក្នុងនាមជាក្រុមហ៊ុននាំចូលចែកចាយលក់ផ្តាច់មុខ និងជាមជ្ឈមណ្ឌលសេវាកម្មរបស់ក្រុមហ៊ុន Lamborghini នៅក្នុងប្រទេសកម្ពុជា ៕
សម្រាប់ព័ត៌មានបន្ថែមអំពី Lamborghini Cambodia សូមចូលមើល៖
>> គេហទំព័រផ្លូវការរបស់ Lamborghini Cambodia ៖
www.lamborghini.com/en-en/ownership/dealer-locator/lamborghini-phnom-penh
>> ហ្វេសប៊ុកផេក (Facebook Page) របស់ Lamborghini Cambodia ៖
www.facebook.com/LamborghiniCambodiaOfficial
>> Instagram របស់ Lamborghini Cambodia៖www.instagram.com/lamborghinicambodia/