បញ្ហា​ដីធ្លី

ទីបំផុត ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ខេត្ត​កោះកុង ត្រូវ​បានដោះស្រាយ​ដោយ​រដ្ឋមន្ត្រី​«មុខដែក»


នៅទីបំផុត សង្គ្រាម​ដីធ្លី​ដ៏​ជូរ​ចត់ដែល​អូស​បន្លាយ​ពេល​រាប់​ឆ្នាំ រវាង​ប្រជាពលរដ្ឋ ៣៧៥​គ្រួសារ ​​នៅ​ស្រុក​ស្រែ​អំបិល និងស្រុក​បទុម​សាគរ ខេត្ត​កោះកុង និង​ក្រុមហ៊ុន​ចម្ការអំពៅ​របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ដោយ​សន្តិ​វិធី នៅ​ថ្ងៃ​ទី២២ មីនា ២០១៨​ ក្រោម​ស្នាដៃ​របស់​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ ឯកឧត្ដម ជា សុផារ៉ា។
ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់។ រូបភាព៖ ហេង ភារម្យ
ដោយ

យោង​តាម​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​រៀបចំដែនដី​​ ការដោះស្រាយ​​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី២២ មីនា ២០១៨ នៅទីស្ដីការ​ក្រសួង​រៀបចំ​ដែនដី ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា និង​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​បរិស្ថាន សាយ សំអាល់ រដ្ឋមន្ត្រី​កសិកម្ម វេង សាខុន រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ប៉ាន សូរស័ក្តិ អភិបាល​ខេត្ត​កោះកុង ជំទាវ មិថុនា ភូថង អ្នក​ឧកញ៉ា លី យ៉ុងផាត់ តំណាង​ក្រុមហ៊ុន​វិនិយោគ​ដំណាំអំពៅ និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ។

ក្នុង​ជំនួប​នោះ​ដែរ គេ​កត់​សម្គាល់​ឃើញ​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ឯកឧត្តម George Edgar និង​តំណាង​អង្គការ​សង្គមស៊ីវិល​ជាច្រើន​ចូលរួមផងដែរ។ វត្តមាន​​លោក​ទូត​សហភាព​អឺរ៉ុប គឺជាសាក្សី​សំខាន់ ព្រោះ​ថា កន្លង​មក ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​កោះកុង​នេះត្រូវ​បាន​ប្រជាពលរដ្ឋ​ប្ដឹងផ្ដល់​ទៅ​ដល់​សហគមន៍​អឺរ៉ុប ដូច្នេះ នៅ​ពេល​ដោះស្រាយ​បាន​ជោគជ័យ ក៏​ត្រូវ​មាន​ការដឹង​ឮ​ពី​តំណាង​ភាគី​សហគមន៍អឺរ៉ុប។ 

ជាដំណោះស្រាយ ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​ព្រមព្រៀង​គ្នា​បញ្ចប់​វិវាទ​នេះ​ជា​ស្ថាពរ ដោយ​ប្រជាពលរដ្ឋ ១៧៥​គ្រួសារ យល់​ព្រម​ទទួល​យក​ដំណោះស្រាយ​ជា​ដី​ធ្លី​ទំហំ ៣​ហិកតា និង​ថវិកា ២៥០០​ដុល្លារ ក្នុង​មួយ​គ្រួសារ ប៉ុន្តែ មិនដោះស្រាយ​ចំពោះ​ពលរដ្ឋ​ដែល​បាន​ដោះស្រាយ​រួច​ហើយ​នោះ​ទេ រីឯ​ប្រជាពលរដ្ឋ​ ២០០​គ្រួសារ​ផ្សេង​ទៀត យល់ព្រម​ទទួល​យក​ដំណោះស្រាយ​ជាដី​ទំហំ ១ហិកតា​កន្លះ ក្នុង​មួយ​គ្រួសារ។ 

ភាគី​ក្រុមហ៊ុន​យល់​ព្រម​ឲ្យ​រដ្ឋ​កាត់​ដី​ទំហំ ៨២៥​ហិកតា ស្ថិត​ក្នុង​ឃុំ​ជីខលើ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​បាន​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋ ដើម្បី​រដ្ឋ​ផ្ដល់​ជា​កម្មសិទ្ធិ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ ហើយ​ក្រុមហ៊ុន​ព្រម​ផ្ដល់​ថវិកា​តាម​ចំនួន​ខាង​លើ ទៅ​ឲ្យ​ពលរដ្ឋ​ក្នុង​ចំណោម ១៧៥​គ្រួសារ តាម​សំណូមពរ។ 

ប្រកាស​ព័ត៌មាន​ពី​ក្រសួង​រៀបចំ​ដែនដី បាន​លើក​ឡើង​ថា ស្ថានទូត​សហភាព​អឺរ៉ុប​សម្ដែង​ការសាទរ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដោះស្រាយ​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។ 

គួរ​កត់​សម្គាល់​ថា តាំង​ពី​ការចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​រៀបចំដែន​ដី នគរូបនីយកម្ម និង​សំណង់ របស់​ឯកឧត្តម ជា សុផារ៉ា គេ​សង្កេត​ឃើញ​ជម្លោះ​ដីធ្លី​ជាច្រើន​ត្រូវ​បាន​រដ្ឋមន្ត្រី​«មុខ​ដែក» រូប​នេះ ដោះស្រាយ​បាន​ដោយ​ជោគជ័យ។ ជា​រដ្ឋមន្ត្រី​មុខ​ដែក ដោយសារ​តែ​​ឯកឧត្តម​ ជា សុផារ៉ា ត្រូវ​គេ​មើលឃើញ​ថា ហ៊ាន​អារកាត់​សម្រេច​សេចក្ដី​ផ្ដល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​ឧកញ៉ា​មហាសេដ្ឋី​នៅ​ស្រុកខ្មែរ។ 

ករណី​មួយ​ទៀត ដែល​គេ​មើលឃើញ​និងកោត​សរសើរ​ដល់​រដ្ឋមន្ត្រី​ ជា សុផារ៉ា ផង​ដែរ​នោះ គឺ​​អគារ​ ស ឬ ប៊ូឌីង ក្នុង​សង្កាត់​ទន្លេ​បាសាក់ ដែល​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​រៀបចំ​ដោះស្រាយ​ឲ្យ​មាន​សំណង​ដល់​ប្រជាជន​ដែល​ត្រូវ​រើ​ចេញ​ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ​ទីនោះ ហើយ​សំណង​នោះ​ទៀត បាន​ទទួល​ការពេញ​ចិត្ត​និង​សាទរ​ពី​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ហើយ​ករណី​នេះ​បាន​ធ្វើ​ទៅ​ដោយ​រលូន គ្មាន​ការ​តវ៉ា​ប្រឆាំងជំទាស់​ពី​ប្រជាជន៕

None



អត្ថបទបន្ទាប់


ក្រសួងប្រៃសណីយ៍ប្រកាសទទួលពាក្យប្រកួតពានរង្វាន់ ICT 2018

ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានប្រកាសចុះឈ្មោះបេក្ខជនក្នុងការប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យា គមនាគមន៍ និង ព័ត៌មាន (Cambodia ICT …

ធនាគារ​ពិភពលោក៖ គ្រួសារ​កម្ពុជា​ជិត​៩០%​មាន​អគ្គិសនី​ប្រើ​​​តិច​បំផុត​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ

យ៉ាង​​ហោច​​ណាស់ គ្រួសារ​​នៃ​​ប្រជាជន​កម្ពុជា​ប្រមាណ​ជិត​ជាង ៩០% មាន​លទ្ធភាព​ទទួល​បាន​ការ​ផ្គត់ផ្គង់​អគ្គិសនី​ប្រើប្រាស់ តិច​បំផុត​រយៈព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ