ទីក្រុងឆ្លាតវៃ​

ទីក្រុងធំៗពីររបស់ចិន បានជាប់ក្នុងបញ្ជីជាទីក្រុងឆ្លាតវៃបំផុតទាំង១០នៅលើពិភពលោក


ការប្រកួតប្រជែងបច្ចេកវិទ្យាសកលលោកកំពុងជំរុញឱ្យទីក្រុងធំៗប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលឆ្លាតវៃ ឬទីក្រុងឆ្លាតវៃ។ ការសិក្សារបស់ក្រុមហ៊ុនប្រឹក្សាយោបល់សកល Boston Consulting Group បានឱ្យដឹងថា ទីក្រុងធំៗពីររបស់ចិន គឺទីក្រុងសៀងហៃ និងប៉េកាំង បានហក់ឡើងទៅឈរក្នុងបញ្ជីទីក្រុងឆ្លាតវៃបំផុតកំពូលទាំង១០លើពិភពលោក ដែលមានការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ទីក្រុងឆ្លាតវៃ​
ដោយ

ផ្អែកលើការវាយតម្លៃ និងអង្កេតយ៉ាងល្អិតល្អន់លើទីក្រុងធំៗចំនួន៦១ នៅក្នុងប្រទេសចំនួន៣៩ ក្រុមហ៊ុនប្រឹក្សាយោបល់សកល Boston Consulting Group បានវាស់វែងពីប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI ក្នុងការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ ក៏ដូចជាការសម្រួលដល់បរិយាកាសអាជីវកម្ម។ ទីក្រុងសៀងហៃរបស់ចិន បានជាប់ចំណាក់ថ្នាក់លេខ៧ ស្មើនឹងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ របស់សហរដ្ឋអាម៉េរិក ខណៈរដ្ឋធានីប៉េកាំង បានឈរនៅលំដាប់ថ្នាក់លេខ៨ ស្មើជាមួយទីក្រុងសេអ៊ូល និងសិង្ហបុរី។ ទីក្រុងទាំងពីរនេះបានក្លាយជាតំណាងដ៏លេចធ្លោនៃទ្វីបអាស៊ីក្នុងចំណោមទីក្រុងអាស៊ីទាំង៤ ដែលបានជាប់ឈ្មោះក្នុងកំពូលតារាងជាទីក្រុងឆ្លាតវៃទាំង១០នៅលើពិភពលោក។
ដោយឡែកទីក្រុងដែលក្តោបក្តាប់ចំណាត់ថ្នាក់កំពូលទាំង៥ រួមមាន ទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស បន្ទាប់មកទីក្រុងឌូបៃ, ញូវយ៉ក, វ៉ាស៊ីនតោនឌីស៊ី និងអាំស្ទែរដាំ ខណៈទីក្រុងប៊ែរឡាំង របស់អាល្លឺម៉ង់ ឈរនៅលំដាប់ថ្នាក់ទី៦។
របាយការណ៍សិក្សារបស់ក្រុមហ៊ុនដដែលនេះ បានគូសបញ្ជាក់ថា បញ្ញាសិប្បនិម្មិត គឺជាគ្រឹះ និងជាសូចនាករវាស់វែងដ៏សំខាន់បំផុតនៅក្នុងការរៀបចំណាត់ថ្នាក់នេះ។ ទីក្រុងណាដែលមានអត្រា នៃការទាញយក និងអនុវត្តបច្ចេកវិទ្យា AI ក្នុងកម្រិតខ្ពស់ ទីក្រុងនោះមានសមត្ថភាពផ្តល់ជូនពលរដ្ឋនូវសេវាសាធារណៈកាន់តែល្អប្រសើរ បង្កើនឱកាសសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពរស់នៅបានកាន់តែមានប្រសិទ្ធភាព។
អ្វីដែលគួរឱ្យកត់សម្គាល់ ការសិក្សានេះក៏បានរំលេចពីរលកនៃការទទួលយកបច្ចេកវិទ្យា AI យ៉ាងសកម្ម និងមានរស់រវើកក្នុងចំណោមប្រជាពលរដ្ឋទូទៅនៅតំបន់អាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា។ ការណ៍នេះបង្ហាញថា ប្រជាជាតិ ដែលបើកចិត្តទទួលយក និងប្រើប្រាស់ AI ក្នុងជីវភាពប្រចាំថ្ងៃ គឺជាកម្លាំងចលករថ្មីមួយ ដែលជួយបង្កើនផលិតភាពការងារ បង្កើតកាលានុវត្តភាពអាជីវកម្ម និងរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលឱ្យស្ទុះឡើងឆាប់រហ័ស៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើក្រុមអ្នកជំនាញសេដ្ឋកិច្ចព្រមានអ្វីខ្លះ​ក្រោយបំណុលជាតិអាម៉េរិកប៉ោងឡើងខ្លាំងឈានដល់៤០ទ្រីលានដុល្លារ?

បំណុលជាតិរបស់សហរដ្ឋអាម៉េរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រឈានដល់៤០ទ្រីលានដុល្លារ ដែលកំពុងបង្កការព្រួយបារម្ភកាន…

ធនាគារ ប្រ៊ីដ និង Little Caesars រួមគ្នាចែករំលែកក្តីស្រឡាញ់ និងលើកទឹកចិត្តកុមារឱ្យខិតខំរៀនសូត្រ ដើម្បីសម្រេចក្តីស្រមៃ

ដោយឈរលើស្មារតីនៃការចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងលើកកម្ពស់ការអប់រំសម្រាប់កុមារ ធនាគារ ប្រ៊ីដ (BRIDGE Bank) ថ្មីៗនេះ បានសហការជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ