ការរៀបចំឥណទានឡើងវិញ

អ្នកជំនាញ៖ សន្ទុះនៃការរៀបចំឥណទានឡើងវិញអាចនឹងកើនខ្លាំងថែមទៀត រហូតដល់ដំណាច់ឆ្នាំនេះ


ដោយសារតែស្ថានភាពវិបត្តិជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាលឆ្លងមិនមានភាពធូរស្រាលសោះនោះ ធនាគារជាតិនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តធ្វើការរៀបចំឥណទានឡើងវិញ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ក្រុមអ្នកជំនាញសេដ្ឋកិច្ច ធនាគារ និង ហិរញ្ញវត្ថុ បានមើលឃើញថា ការបន្ដឲ្យមានការរៀបចំឥណទានឡើងវិញនាអំឡុងពេលនេះ គឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការជួយសម្រួលបន្ទុកបំណុលសម្រាប់ពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ព្រោះតែមេរោគកូវីដ-១៩ ហើយវានឹងក៏នឹងមានការកើនឡើងកាន់តែច្រើនថែមទៀតផងដែរ។
គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
ដោយ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)បានឲ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ២០២១នេះ  សន្ទុះនៃការស្នើសុំរៀបចំឥណទានឡើងវិញ មានការកើនឡើងយ៉ាងខ្លាំង ដោយសម្រេចក្នុងទំហំទឹកប្រាក់ជាង១.៥០០លានដុល្លារ ខណៈដែល​សមាគមធនាគារ​នៃកម្ពុជា(ABC) បានអនុវត្តការរៀបចំឥណទានឡើងវិញសម្រាប់អតិថិជនក្នុងទំហំទឹកប្រាក់ជិត ៥ពាន់លានដុល្លារ។

លោក ផល វណ្ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់ខេមបូណូមីសថា ការអនុញ្ញាតឲ្យបន្តធ្វើឥណទានឡើងវិញពីសំណាក់ធនាគារជាតិនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការកាត់បន្ថយភាពងាយរងគ្រោះទាំងអតិថិជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាវិស័យសេដ្ឋកិច្ចទាំងមូល ដែលបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាពិសេស​ក្រោយកើតមាន​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈនេះ។

បើតាមរបាយការណ៍​ពីសមាគមមីក្រូហិរញ្ញកម្ពុជា បានបង្ហាញថា គិតត្រឹមសប្តាហ៍ទី២នៃឧសភាឆ្នាំ២០២១នេះ ការរៀបចំឥណទានឡើងវិញ សម្រេចបានប្រមាណជិត៣២ម៉ឺនឥណទាន ដែលមានទំហំទឹកប្រាក់ប្រមាណជាង ១.៥០០លានដុល្លារអាមេរិក ។

លោក កាំង តុងងី អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជាបាន​គូសបញ្ជាក់ដែរថា បើមើលទៅលើ​តួលេ​បឋម​នៅក្នុងខែ​ឧសភានេះ ចំនួន​ការរៀបចំឥណទានឡើងវិញ​អាចនឹងមានការកើនឡើង​ដល់ទៅ ១០ ទៅ២០ដង បើធៀបនឹង​ខែមេសា ហើយចំនួន​នេះ អាចនឹងបន្ដកើនឡើងទៀត ក្រោយពេលដែល​​ធនាគារជាតិ​នៃកម្ពុជា​សម្រេច​អនុញ្ញាត​ឲ្យ​​បន្ដ​ការរៀបចំឥណទានឡើងវិញ​រហូតដល់​ដំណាច់ឆ្នាំ២០២១។

ទន្ទឹមគ្នានេះ ចំពោះការរៀបចំឥណទានឡើងវិញ ពីសំណាក់គ្រឹះធនាគារវិញ សម្រេចបានក្នុងទំហំទឹកប្រាក់ជិត៥ពាន់លានដុល្លារ ដែលមានចំនួនឥណទានសរុបប្រមាណជាង៤២ម៉ឺនឥណទាន។ នេះបើតាមតួលេខសមាគមធនាគារ។

លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារនៃកម្ពុជា(ABC) បានប្រាប់ខេមបូណូមីសថា ការរៀបចំឥណទានឡើងវិញនេះ មានការកើនឡើង តែលោកមិនទាន់អាចបញ្ជាក់បានថាកើននៅក្នុងកម្រិតណានោះទេ។ លោកបានបន្ថែមថា ការបន្តធ្វើរៀបចំឥណទានឡើងវិញ គឺជាដំណោះស្រាយមួយដ៏ត្រឹមត្រូវ ដែលគ្រឹះស្ថានធនាគារអាចជួយដល់អតិថិជន ក្នុងគ្រាដ៏លំបាកនេះ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៃកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឲ្យដឹងដែរថា ការបន្តអនុញ្ញាតឲ្យមានការរៀបចំឥណទានឡើងវិញនេះ ពិតជាជួយបានយ៉ាងច្រើនដល់អាជីវកម្មរបស់ប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ដោយសារព្រឹត្តិការណ៍សហគមន៍នេះ។

ជុំវិញនឹងរឿងនេះដែរ លោក ង៉ែត ជូ ជាអ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានយល់ឃើញថា អំឡុងពេលនេះ មិនមានវិធីសាស្រ្តអ្វីដែលប្រសើរជាង ក្រៅតែពីការរៀបចំឥណទានឡើងវិញនេះទេ ព្រោះមធ្យោបាយនេះ បានផ្តល់ប្រយោជន៍ទាំងអតិថិជន និងខាងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។

យ៉ាងណាក៏ដោយចុះ ទាំងខាងសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ រួមទាំងអ្នកជំនាញសេដ្ឋកិច្ចផង មិនបានអាចរំពឹងទុកបានថា ការពន្យារពេលរៀបចំឥណទានឡើងវិញនេះ អាចនឹងមានកំណើនដល់កម្រិតណានោះ ដោយគ្រាន់តែបញ្ជាក់ថា វាអាស្រ័យទៅលើស្ថានភាពនៃកូវីដ-១៩៕

None



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាលនិងក្រសួងការងារ បានជ្រើសរើស វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB) ធ្វើជាទីតាំងចាក់វ៉ាក់សាំង

ក្រោយពីបានពិភាក្សាជាមួយក្រសួងសុខាភិបាល និងក្រសួងការងារ លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានជ្រើសរើសផ្តល់ទីតាំ…

អ្នកជំនាញអះអាងថា សកម្មភាពដឹកជញ្ជូន និងឡូជីស្ទិកដំណើរការឡើងវិញជិត១០០%ហើយ

មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិ និង ក្រុមអ្នកជំនួញរកស៊ីនៅក្នុងវិស័យដឹកជញ្ជូន និង ឡូជីស្ទីក បានបញ្ជាក់ប្រាប់ ខេមបូណូមីសថា ក្រោយពីអាជ្ញាធររ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ