តំណាងក្រុមហ៊ុន មណីយិ៍ ជនតា ឯ.ក បានអះអាងថា ខ្លួននឹងចូលរួមកសាងកិត្តនាមវិស័យកសិកម្មកម្ពុជាលើឆាកអន្តរជាតិ ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងអភិវឌ្ឍលើគម្រោង “ចម្ការល្ម៉ើបរពត” ដែលកំពុងចូលរួមកសាងប្រភពចំណូលជូនប្រជាជន តាមរយៈការអភិវឌ្ឍកសិកម្មតាមស្តង់ដាបច្ចេកទេសជាមួយប្រភេទដំណាំដែលមានសក្តានុពលខ្ពស់។
លោក ប៉ែន គង់ អ្នកគ្រប់គ្រងគម្រោង “ចម្ការល្ម៉ើបរពត” បានឱ្យដឹងថា ថ្វីដ្បិតតែល្ម៉ើមានសក្តានុពលខ្ពស់ ប៉ុន្តែដំណាំប្រភេទនេះ ទាមទារឲ្យមានបច្ចេកទេសខ្ពស់ រាប់តាំងពីការបន្សុទ្ធពូជ ការដាំដុះ ការការពារ ការបង្កាត់ផ្កា ការថែទាំ និងវិធីធ្វើឱ្យផ្លែមានគុណភាពខ្ពស់ជាដើម។
លោកបានបន្ដទៀតថា «ចំពោះពលរដ្ឋដែលមិនមានបច្ចេកទេសច្បាស់លាស់ មិនមានចំណេះដឹងអំពីដំណាំល្ម៉ើ និងមិនមានពេលវេលាគ្រប់គ្រាន់ គឺអាចទទួលយកកញ្ចប់អភិវឌ្ឍន៍ចម្ការល្ម៉ើ របស់គម្រោង “ចម្ការល្ម៉ើរបពត” នៃក្រុមហ៊ុន មណីយិ៍ ជនតា ឯ.ក ដែលក្រុមហ៊ុនផ្ដល់ជូនការដាំដុះតាមបច្ចេកទេសទំនើប ថែទាំតាមបទដ្ឋានកម្រិតខ្ពស់រហូតដល់បានផល និងគាំទ្រទីផ្សារលក់កសិផលទាំងទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្ដរជាតិ»។
លោកបន្ថែមថា កញ្ចប់អភិវឌ្ឍន៍ចម្ការល្ម៉ើនេះ មិនត្រឹមតែផ្តល់ប្រភពចំណូលគ្រឹះមួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងអាចបន្សល់ទុលឱ្យកូនចៅជំនាន់ក្រោយផងដែរ ដោយក្រុមហ៊ុននេះអះអាងថា នឹងផ្ទេរកម្មសិទ្ធិអចិន្ត្រៃយ៍ “ប្លង់រឹង” ទៅម្ចាស់ចម្ការទាំងអស់។
នាប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ការវិនិយោគដីធ្លីដែលមានដំណាំនៅលើដីនោះស្រាប់ ឬហៅដីចម្ការ កំពុងតែមានការពេញនិយម ព្រោះថា មានក្រុមហ៊ុនជាច្រើនបានរៀបចំជាដីធ្លីដែលមានដំណាំជាច្រើនប្រភេទ ដូចជា ផ្លែល្ម៉ើ ទុរេន ប័រ ស្រកានាគ ជាដើម ខណៈដែលពលរដ្ឋជាច្រើនមានទំនោរវិនិយោគលើដីចំការ ស្របពេលដែលវិស័យកសិកម្មបច្ចុប្បន្ន កំពុងតែមានកាលានុវត្តភាព នៅក្នុងអំឡុងពេលវិបត្តិកូវីដ-១៩នេះ។
សូមជម្រាបថា ល្ម៉ើ ជាប្រភេទដំណាំហូបផ្លែដែលធន់និងអាកាសធាតុបានល្អ ហើយទទួលបានទិន្នផលច្រើន និងមានតម្រូវសកលទាំងក្នុងទីផ្សារជាតិ និងទីផ្សារអន្តរជាតិ ជាមួយអត្ថប្រយោជន៍ដ៏ច្រើនពិសេសសម្រាប់សុខភាព ព្រមទាំងមានអាយុកាលប្រមូលផលវែងរហូតដល់ជាង១០០ឆ្នាំ និងអាចរក្សារផ្លែទុកបានយូរឆ្នាំផងដែរ៕