យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី The Textiles Observer ប្រចាំខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រទេសចិន នៅតែរក្សាឥទ្ធិពលយ៉ាងរឹងមាំជាអ្នកនាំចេញសម្លៀកបំពាក់ធំជាងគេបង្អស់នៅលើសកលលោក។ យ៉ាងណាមិញ ប្រទេសក្នុងតំបន់អាស៊ីដូចជា បង់ក្លាដែស វៀតណាម និងកម្ពុជា ក៏កំពុងបង្ហាញពីសម្ទុះយ៉ាងខ្លាំងក្នុងវិស័យនេះផងដែរ។ ប្រទេសបង់ក្លាដែស បានធ្វើទំនើបកម្ម និងពង្រីកខ្សែច្រវាក់ផលិតកម្មសម្លៀកបំពាក់របស់ខ្លួនយ៉ាងឆាប់រហ័ស ដោយបានរំកិលខ្លួនពីចំណាត់ថ្នាក់ទី១៤ កាលពីឆ្នាំ២០០៦ មកឈរនៅលេខ២ លើពិភពលោកនៅឆ្នាំ២០២៥។ ចំណែកឯវៀតណាមវិញ ក៏បានហក់ឡើងពីលេខ២១ មកកាន់ចំណាត់ថ្នាក់ទី៣ ផងដែរ។
ដោយឡែកសម្រាប់កម្ពុជា តាមរយៈការកែទម្រង់ និងបង្កើនសមត្ថភាពផលិតកម្មវាយនភណ្ឌ បានរំកិលចំណាត់ពីលេខ៣៧ មកឈរនៅលំដាប់ទី១៦។ ជាមួយគ្នានេះប្រទេសមីយ៉ាន់ម៉ា ក៏បានស្ទុះឡើងពីលេខ៧៥ មកកាន់ចំណាត់ថ្នាក់ទី២៤ ផងដែរ។
គិតមកទល់ពេលនេះ ការនាំចេញសម្លៀកបំពាក់រួមគ្នារវាងចិន បង់ក្លាដែស និងវៀតណាមមានទំហំរហូតដល់ទៅប្រមាណ៤៤% នៃទំហំនាំចេញផលិតផលវាយនភណ្ឌសរុបនៅលើពិភពលោកក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះ ទំហំនាំចេញផលិតផលវាយនភណ្ឌសរុបទូទាំងសកលលោកបានកើនឡើងពី៥៦០ពាន់លានដុល្លារកាលពីឆ្នាំ២០០៦ រហូតដល់៩១៤ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដែលក្នុងនោះផលិតផលសម្លៀកបំពាក់ និងតម្បាញគ្របដណ្តប់ជិត៦០% នៃទំហំនាំចេញសរុប៕
ដោយៈ សរ សុជាតិ