កាលពីថ្ងៃទី៧ ខែវិច្ឆិកា សារព័ត៌មានថ្មីៗ បានរៀបចំសិក្ខាសាលាស្តីពី«សេរីភាពសារព័ត៌មាន៖ សារព័ត៌មានសម្រាប់ការអភិវឌ្ឍ» នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានប្រមាណ ៣០នាក់។
លោក ដែន អយុធ្យា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលសារព័ត៌មានសហគមន៍ (CMTC) នៅខេត្តព្រះសីហនុ និងជាចាងហ្វាងគេហទំព័រ «កម្ពុជាថ្ងៃនេះ » បាននិយាយក្នុងនាមជាវាគ្មិនមួយរូប ក្នុងសិក្ខាសាលានោះ ថា ក្រុមលោក មានការយាយីច្រើន រួមទាំងរូបលោកផ្ទាល់ ដែលត្រូវបានឧកញ៉ាមួយរូបព្រមានចងដុំថ្មទម្លាក់សមុទ្រ។
លោក ដែន អយុធ្យា បាននិយាយដូច្នេះថា «អ្នកនិយាយហ្នឹង នៅរស់រាល់ថ្ងៃ ហើយមានតួនាទី រាល់ថ្ងៃ។»
នៅឯសិក្ខាសាលានោះដែរ លោកភារធារី Michael Newbill នៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បាននិយាយផងដែរថា សព្វថ្ងៃនេះ សារព័ត៌មានកំពុងស្ថិតក្រោមការគំរាមកំហែង -នៅជុំវិញពិភពលោក និងនៅទីនេះ ក្នុងប្រទេសកម្ពុជា ផងដែរ។
លោកអនុទូតបានបន្តថា មានការគំរាមកំហែងផ្សេងទៀត ដែលអ្នកសារព័ត៌មានប្រឈមមុខផងដែរ ដូចជាកង្វះសិទ្ធិអំណាចសម្រេចអំពីដំណឹងដែលត្រូវធ្វើ ការបំភិតបំភ័យដោយអ្នកដែលមិនចង់ឲ្យការពិតចេញក្រៅ និងការកើនឡើងនៃប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋ។
ហើយសម្រាប់ក្រុមអ្នកសារព័ត៌មាននៅខេត្តព្រះសីហនុ ការរួបរួមគ្នាគឺជាជម្រើសដ៏ល្អ។ នេះបើយោងតាមលោក ដែន អយុធ្យា។
លោក ដែន អយុធ្យា បាននិយាយដូច្នេះថា «អ៊ីចឹង ពួកខ្ញុំនៅសហគមន៍នេះ ជួបប្រទះច្រើនអាហ្នឹង គេអាងអី គេយកអាចាប់ជំរិតគេជាថ្នូរនឹងលុបបំបាត់ព័ត៌មានមិនចុះផ្សាយ កន្លងមក គេធ្វើស៊ីតែអាហ្នឹង ពួកខ្ញុំ ប៉ុន្តែ កម្របានទៅដល់តុលាការ ដោយសារ ពួកគាត់ចេះចងក្រងជាចង្កោម តែមានរឿងអីមួយ គាត់ដូចសម្លកំពឹសអ៊ីចឹង។»
លោកបានបន្តថា «នាំគ្នាទៅទាំងហ្វូង ទៅ ១០នាក់ ឡាយ [Live] ទាំង១០នាក់ ចង់ឆ្កួតអាអ្នកពាក់ព័ន្ធ អន់ច្រឡឺមបណ្តោយ ជាពិសោធន៍ អ៊ីចឹងគាត់ទៅទាំងអស់គ្នា កាលហ្នុង ម្នាក់មួយៗ គេហទំព័រម្នាក់មួយៗ ឡាយ [live] ចង់ ២០គេហទំព័រ ហើយរឿងអី មិនឈឺក្បាល ចង់មិនចង់ អត់ហ៊ានប្តឹង ព្រោះគាត់អាក្រក់ដែរ។»
លោក ដែន អយុធ្យា បានអះអាងថា «ដូចពាក្យចាស់លោកថា ចង្កឹះមួយគូ គេកាច់បាក់ ចង្កឹះមួយបាច់ កាច់មិនបាក់ បើយើងដាច់ដោយឡែកមួយ ពីរ គេរករឿងណាស់»៕