ត្បិតថា ទីផ្សារនេះកំពុងមានភាពពេញនិយមខ្លាំង ប៉ុន្ដែ មិនមែនគ្រប់ហាងកាហ្វេសុទ្ធតែអាចជោគជ័យនៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួនឡើយ។
ជាក់ស្ដែង ថ្មីៗនេះ ហាងកាហ្វេយីហោលំដាប់អន្តរជាតិជាច្រើនដែលបានបោះជើងចូលរកស៊ីនៅវៀតណាម ត្រូវបានហាងកាហ្វេយីហោក្នុងស្រុកវាយលុកបាក់ស្បាត រហូតមានយីហោខ្លះសម្រេចដកខ្លួនថយពីទីផ្សារវៀតណាមផងដែរ។
តួយ៉ាង ហាងកាហ្វេយីហោ Franchise ពីអូស្រ្តាលី Gloria Jean’s Coffee បានបិទហាងរបស់ខ្លួនទាំងស្រុងពីប្រទេសវៀតណាម បន្ទាប់ពីមានវត្តមានប្រមាណ១០ឆ្នាំនៅប្រទេសមួយនេះ។ ហាងកាហ្វេ និងភោជនីយដ្ឋានFranchise ពីសិង្ហបុរី NYDC ក៏បានបិទហាងរបស់ខ្លួនបន្ទាប់ពីមានវត្តមាន៧ឆ្នាំនៅវៀតណាម។
ទន្ទឹមនឹងនេះ យីហោហាងកាហ្វេអន្តរជាតិល្បីៗមួយចំនួនផ្សេងទៀត ដែលនៅបន្តមានវត្តមាននៅវៀតណាម ក៏មិនសូវជារកស៊ីកាក់កបប៉ុន្មានដែរ តួយ៉ាង យីហោកាហ្វេ Franchise ពីសហរដ្ឋអាមេរិក Bean & Tea Leaf ដែលបានបើកជាង៨ឆ្នាំនៅវៀតណាម ទើបតែមាន១៥សាខាប៉ុណ្ណោះ ខណៈដែលហាងកាហ្វេយក្ស Starbucks ទើបតែមាន២៤សាខាប៉ុណ្ណោះនៅវៀតណាម បន្ទាប់ពីបានបើកដំណើរការជាង៤ឆ្នាំមកនេះ។
អ្វីដែលធ្វើឲ្យយីហោហាងកាហ្វេលំដាប់អន្តរជាតិទាំងអស់នេះ រកស៊ីមិនសូវសមប្រកបនៅវៀតណាម គឺដោយសារតែប្រជាជនវៀតណាម មានទំនោរនិយមការទទួលទានកាហ្វេក្នុងស្រុកច្រើនជាង ដោយសារតែតម្លៃ និងសេវាកម្ម ជាមួយនឹងការរចនាបថនៃហាង មានភាពទាក់ទាញមិនចាញ់យីហោ Franchise ពីក្រៅប្រទេសនោះឡើយ។
មិនតែប៉ុណ្ណោះ ការនិយមទទួលទានកាហ្វេរបស់ប្រជាជនវៀតណាមបានក្លាយទៅជាផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃ ឬហៅថាផឹកប្រចាំថ្ងៃ ដូច្នេះ ពួកគេត្រូវការជ្រើសរើសយកកាហ្វេដែលមានគុណភាពអាចទទួលយកបាន និងតម្លៃដែលអាចចំណាយជាប្រចាំបាន។
ដូច្នេះហើយ ទើបយីហោកាហ្វេក្នុងស្រុកកំពុងពង្រីកខ្លួនដូចផ្សិត តួយ៉ាង ហាងកាហ្វេ Highlands ដែលជាយីហោប្រចាំត្រកូលនៅវៀតណាម បានពង្រីកសាខារហូតដល់១៣០សាខា។ ហាង The Coffee House បានពង្រីកខ្លួន៣០សាខា ក្នុងរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ។ និងហាងលក់កាហ្វេគ្រាប់កាហ្វេ Trung Nguyen បានពង្រីកសាខាជាង១ពាន់កន្លែងនៅវៀតណាម ខណៈដែលហាងនេះបានបើកតាំងពីឆ្នាំ១៩៩៦។
ងាកមកកម្ពុជាយើងឯណេះវិញ ហាងកាហ្វេមិនថាក្នុងស្រុក ឬមកពីក្រៅស្រុកនោះទេ កំពុងសម្រុកបើកបន្តកន្ទុយគ្នា ខណៈដែលអ្នកផឹកកាហ្វេក៏នាំគ្នាផឹកដូចទឹកបាក់ទំនប់ តែភាគច្រើនផឹកតែហាងល្បីៗ ដែលជាយីហោពីក្រៅស្រុក ឬហៅថាហាងកាហ្វេប្រ៊ែនៗ។
យ៉ាងណាក៏ដោយ នៅពេលដែលប្រជាជន ពិសេស យុវវ័យ ដែលនិយមផឹកកាហ្វេ ចេះផឹកកាហ្វេជាប្រចាំ នោះពួកគេនឹងស្វែងជម្រើសហាងណាមួយដែលស័ក្ដិសមនឹងការចំណាយជាប្រចាំរបស់ពួកគេវិញម្ដង និងមិនខុសពីទីផ្សារនៅវៀតណាមប៉ុន្មានទេ ពោលគឺ កាហ្វេប្រ៊ែនៗដែលដាក់លក់តម្លៃខ្ពស់ៗ អាចនឹងរីកខ្លាំងក្នុងកាលៈទេសៈទឹកឃ្មុំលើកដំបូង តែអាចនឹងរុះរោយទៅវិញបន្តិចម្ដងៗនៅពេលណាមួយ៕