សេដ្ឋកិច្ចវៀតណាម

វៀតណាម ត្រូវការកញ្ចប់ថវិកា ២៩ពាន់លានដុល្លារដើម្បីស្ដារសេដ្ឋកិច្ច ក្រោយរងការខាតបង់ខ្ទេចខ្ទាំដោយសារកូវីដ១៩


ក្រោយរងព្យុះភ្លៀងដោយសារជំងឺរាតត្បាតកូវីដ ១៩ ប្រទេសវៀតណាមបានទទួលរងការខាតបង់សេដ្ឋកិច្ចក្នុងតម្លៃប្រមាណ ៣៧ ពាន់លានដុល្លារ។ ហើយប្រទេសនេះនឹងត្រូវការកញ្ចប់ស្ដារសេដ្ឋកិច្ចដែលមានតម្លៃ ៥,៥ ទៅ ៨ ភាគរយនៃទំហំផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ឬស្មើនឹង ១៩ពាន់លាន ទៅជិត ២៩ពាន់លានដុល្លារអាមេរិក សម្រាប់ការស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
រូបភាព កម្មករវៀតណាម

បើតាម ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាម កញ្ចប់ថវិកាស្តារសេដ្ឋកិច្ចឡើងវិញ​ត្រូវតែមានទំហំធំ និងរឹងមាំ ដោយផ្តោតលើ ការគាំទ្រ និងជំរុញការផ្គត់ផ្គង់ និងតម្រូវការ ដែលត្រូវបាន​ចុះខ្សោយ​ដោយកូវីដ ១៩ ពោល គឺផ្តោត​លើ​ឧស្សាហកម្ម និងវិស័យដែលអាចងើប​ឡើងវិញ​បាន​យ៉ាងឆាប់រហ័ស និងដោយ​សុវត្ថិភាព។

គួរបញ្ជាក់ដែថា បើគ្មានកម្មវិធី​ជំនួយសេដ្ឋកិច្ចពិសេស ឬគ្មានកញ្ចប់ជំរុញសារពើពន្ធ និងរូបិយវត្ថុទេ នោះវៀតណាមនឹងបាត់បង់ឱកាស ហើយមិនបានសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំរបស់ខ្លួនថែមទៀតផង។ ទោះយ៉ាងណា ឱនភាពថវិការដ្ឋ និងបំណុលសាធារណៈរបស់វៀតណាម ឥឡូវនេះត្រូវបានគ្រប់គ្រងបានល្អប្រសើរ ហើយស្ថិត​នៅ​ក្នុងស្ថានភាព​សុវត្ថិភាព។ 

កម្មវិធីស្តារសេដ្ឋកិច្ចទាំងមូលរបស់វៀតណាមដែលនឹងត្រូវអនុវត្តពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ អាចត្រូវការ​ថវិកា​ប្រហែលជិត ២៩ ពាន់លានដុល្លារ ឬ ៨ ភាគរយនៃ GDP ឆ្នាំ ២០២០របស់វៀតណាម។ ហើយថវិកាទាំងនេះ នឹងត្រូវចែងចែកទៅកាន់វិស័យថែទាំសុខភាព, សន្តិសុខសង្គម, អាជីវកម្ម និង ការវិនិយោគសាធារណៈ ព្រោះកម្លាំងជំរុញ​ចម្បងសម្រាប់​កំណើន​សេដ្ឋកិច្ចវៀតណាម គឺការវិនិយោគដើម្បី​បង្កើនតម្រូវការ និងការផ្គត់ផ្គង់​ដោយការលើកទឹកចិត្តដល់ការប្រើប្រាស់ក្នុងស្រុក។ 

សូមរំឭកថា វៀតណាមជាប្រទេសមួយក្នុងចំណោម​តំបន់អាស៊ានដែលរងគ្រោះដោយវិបត្តិកូវីដ១៩ ធ្ងន់ធ្ងរ។ ជាក់ស្ដែង អត្រាកំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២០ បានកើនឡើង ជិត៣% ភាគរយ ប៉ុន្ដែ សម្រាប់ឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើង ២,៥ ភាគរយប៉ុណ្ណោះ៕  

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងទស្សនកិច្ចនៅប្រទេសអាស៊ានចំនួន២នៅសប្ដាហ៍ក្រោយ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងត្រូវធ្វើដំណើរទស្សនកិច្ចនៅប្រទេសអាស៊ានចំនួន២នៅសប្ដាហ៍ក្រោយនេះ រួមមានឥណ្ឌូនេស៊ី និងម៉ាឡ…

ថៃក្លាយជាប្រទេសទី២ នៅអាស៊ាន ដែលបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី អូមីក្រុង

ព័ត៌មាន
ប្រទេសថៃ បានក្លាយជាប្រទេសទី២ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសម៉ាឡេស៊ី ដែលបានរកឃើញករណីមេរោគបំប្លែងថ្មីអូមីក្រុង។ ករណីវិជ្ជមានកូវីដ១៩ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ