ឧកញ៉ា ហ៊ុន ឡាក់ នាយកប្រតិបត្តិក្រុមហ៊ុន Longmate Agriculture បានឲ្យដឹងថា រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុន Longmate Agriculture បានពង្រីកផ្ទៃដីដាំចេកអំបូងលឿងបានប្រមាណ ៤០០ហិចតាហើយ ដោយនៅក្នុងរយៈពេលត្រីមាសទី១ក្នុងឆ្នាំនេះ ក្រុមហ៊ុនបាននាំចេញ ចេកអំបូងលឿង បានប្រមាណជាង១០០តោនហើយ ខណៈគម្រោងនាំចេញ គឺនឹងនាំចេញឲ្យបាន ២,២ម៉ឺនតោននៅដំណាច់ឆ្នាំនេះ។
លោក ឧកញ៉ា ហ៊ុន ឡាក់ ជឿជាក់ថា តាមរយៈគំរូរបស់នៃខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន Longmate នេះ នឹងធ្វើឲ្យភាគីចិន កាន់តែជឿជាក់មកលើការផលិតកសិកម្មរបស់កម្ពុជា ដែលវានឹងបើកឱកាសឲ្យកសិផលដទៃទៀត អាចចូលទៅកាន់ទីផ្សារចិនបានកាន់តែប្រសើរ។
លោក លី ជានវៃ ប្រធាននាយកដ្ឋានកិច្ចការនាំចូលកសិផលពីបរទេស នៃអគ្គរដ្ឋបាលគយចិន បានឲ្យដឹងថាក្រោយពីបានទស្សនាក្នុងចម្ការចេក និងរោងចក្រវេចខ្ចប់ចេករបស់ក្រុមហ៊ុន Longmate Agriculture រួចមក រដ្ឋបាលគយចិន ជឿជាក់ទៅលើកម្ពុជា ថាពិតជាអាចនាំកសិផលដែលមានគុណភាពទៅកាន់ទីផ្សារ ប្រទេសចិនកាន់តែច្រើនទៀតនាពេលអនាគត។
លោក លី ជានវៃ បញ្ជាក់ថា រោងចក្រវេចខ្ចប់ចេករបស់ក្រុមហ៊ុន Longmate agriculture គឺពិតជាមានស្ដង់ដារបច្ចេកទេសខ្ពស់គួរឲ្យចាប់អារម្មណ៍។ លោកបន្ត ប្រសិនបើកសិដ្ឋាននៅកម្ពុជាមានស្ដង់ដារបច្ចេកទេសល្អដូចនេះ នោះកម្ពុជា ពិតជាអាចនាំចេញកសិផលជាច្រើនមុខទៀត ដែលមានគុណភាពទៅកាន់ទីផ្សារ ប្រទេសចិន នាពេលអនាគត។
បើតាម ការបញ្ជាក់របស់ មន្ត្រីរដ្ឋបាលគយចិន លោក លី ជានវៃ បានឲ្យដឹងទៀតថា បច្ចុប្បន្ន ប្រទេសចិន មានតម្រូវការចេក នាំចូលពីបរទេសប្រមាណ ១០ លានតោន ក្នុងមួយឆ្នាំៗ ដូច្នេះ លោកសង្ឃឹមថា កម្ពុជានឹងអាចនាំចេញចេកកាន់តែច្រើនថែមទៀតទៅកាន់ប្រទេសចិន។ ក្រៅពីនេះ មន្ត្រីគយចិនរូបនេះ ក៏បានគូសបញ្ជាក់ដែរថា លោកក៏បានជួបជាមួយនឹងមន្ត្រីក្រសួងកសិកម្ម ដើម្បីពិភាក្សាអំពីលទ្ធភាព ក្នុងការនាំចូលផ្លែស្វាយ និងតាង៉ែន ពីប្រទេសកម្ពុជាផងដែរ ដោយភាគីទាំងពីរនឹងបន្ដធ្វើការរួមគ្នាបន្ថែមទៀត ដើម្បីអាចនាំចេញតាង៉ែនពីកម្ពុជាទៅចិន បន្ទាប់មក អាចជាផ្លែស្វាយ។
តាមការបញ្ជាក់ពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន ធ្លាប់បានលើកឡើងថា កម្ពុជាមានគម្រោងលើកជាកញ្ចប់ស្នើដល់ភាគីចិន ដើម្បីនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារប្រទេសចិន ដូចជា ផ្លែស្វាយ តាង៉ែន ស្រការនាគ និងទឹកមាត់ត្រចៀកកាំជាដើម។
ជុំវិញដំណើរទស្សនកិច្ចនៃគណៈប្រតិភូអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិននោះដែរ ត្រូវបាន ឯកឧត្តម សម សេរីរ័ត្ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអះអាងថា ក្រៅពីប្រទេសចិន ក្រសួងនឹងខិតពង្រីកទីផ្សារកសិផលរបស់ខ្លួនបន្ថែមទៀត ដើម្បីអាចនាំចេញផលិតកសិកម្មកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសឲ្យបានជាអតិបរមា។
ក្រសួងកសិកម្មបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារប្រទេសចិន មានដូចជា អង្ករ ដំឡូងមី ស្វាយចន្ទី ចុងអង្ករ និងចេក ខណៈកាលពីឆ្នាំ ២០១៨ កម្ពុជាបាននាំចេញផលិតផលទាំងនេះ ទៅកាន់ប្រទេសចិន ក្នុងចំនួនជាង ៤៥ម៉ឺនតោន ហើយរំពឹងថានៅ ឆ្នាំ២០២០ នឹងកើនឡើង លើស ១លានតោន៕