Advertisement
កិច្ចប្រជុំ​កំពូល​អាស៊ាន

កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤ នៅថៃ ក្នុង​សប្ដាហ៍នេះ នឹងជជែកពីអ្វីខ្លះ?


ប្រទេសថៃ បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅឆ្នាំនេះ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី​២២-២៣ មិថុនា សប្ដាហ៍នេះ។ ប្រធានបទ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ គឺ«ការជំរុញភាពជាដៃគូសម្រាប់និរន្តរភាព» ដោយផ្ដោតលើការកសាងសហគមន៍ប្រជាជនអាស៊ាន។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (ឆ្វេង) ទទួលញញួរ សម្រាប់ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន លើទី ៣៤ ពីនាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡុង (ស្ដាំ) (រូបភាព៖ Roslan Rahman / AFP Photo)
ដោយ
Advertisement

ត្រូវបាន​ស្រង់សម្ដី​ដោយ​ការិយាល័យ​ព័ត៌មានជាតិ​នៃប្រទេសថៃ លោក សូរិយា ចិន្ដាវង្ស មន្ត្រី​នាយកដ្ឋាន​កិច្ចការ​អាស៊ាន បានលើកឡើងថា សម្រាប់​ធ្វើជាប្រធាន​កិច្ចប្រជុំ​អាស៊ាន​នៅឆ្នាំនេះ ដែល​នឹងធ្វើឡើង ក្នុងសប្ដាហ៍នេះ ប្រទេសថៃ បាន​ត្រៀមរៀបចំ​ខ្លួន​រួចរាល់អស់ហើយ សម្រាប់ទទួល​ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន និងអ្នកចូលរួមទាំងអស់។

លោកបន្តថា មេដឹកនាំនៃប្រទេស​អាស៊ានទាំងអស់ នឹងចូលរួម​ជាមួយគ្នា ដើម្បីចែករំលែក​ចក្ខុវិស័យ នៃភាពជាដៃគូ សម្រាប់​និរន្តរភាព កិច្ចសហប្រតិបត្តិការអាស៊ានចំពោះ​ការបង្ការ​និងកាត់បន្ថយ​គ្រោះមហន្ដរាយ និងការចុះ ហត្ថលេខា​លើសេចក្ដីប្រកាស​ និងផែនការ​ប្រតិបត្តិការ ដោះស្រាយ​បញ្ហា​កាកសំណល់​សមុទ្រ ក្របខណ្ឌស្ដីពីវប្បធម៌អាស៊ាន​ឆ្នាំ២០១៩ និងការពិគ្រោះយោបល់​ទាក់ទង​នឹងកិច្ចការ​ក្នុងតំបន់​ឥណ្ឌូចិនជាដើម។ 

បន្ថែមពីនេះទៀត នៅថ្ងៃទី ២១-២២ មិថុនានេះដែរ ក៏មានកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានពិសស​មួយ នឹងត្រូវធ្វើឡើង ដើម្បីកំណត់​ជំហរ​ទៅវិញទៅមក​សម្រាប់អាស៊ាន ទាក់ទងនឹង​​ដំណើរ​ការ​នៃ​ភាពជាដៃគូ​សេដ្ឋកិច្ច​ថ្នាក់តំបន់ ដែលនឹងត្រូវ​បញ្ចប់​នៅក្នុងឆ្នាំនេះ។ មិនតែប៉ុណ្ណោះ ក៏មាន​ការ​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​របស់អាស៊ាន​ក្នុងសម័យ​ឌីជីថល និងការ​លើកកម្ពុស់បច្ចេកវិទ្យា​ឌីជីថល នៅក្នុងអាជីវកម្ម និងការតភ្ជាប់​ប្រព័ន្ធគយអេឡិចត្រូនិក​តែមួយ របស់ប្រទេស​អាស៊ានទាំង១០ផងដែរ។​

កាសែត​បាងកកប៉ុស្ដិ៍ បាន​ស្រង់សម្ដី លោកស្រី Auramon Supthaweethum អគ្គនាយក នៃនាយក​ដ្ឋាន​ចរចា​ពាណិជ្ជកម្ម បានឲ្យដឹងថា ក៏អាចនឹង​មានការចរចា​បន្ថែម ទាក់ទងនឹងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុងតំបន់ (RCEP) ផងដែរ ខណៈមេដឹកនាំប្រទេស​អាស៊ាន រំពឹងថា កិច្ចព្រមព្រៀងនឹង​អាចនឹង​ត្រូវបាន​បញ្ចប់​ការចរចា​នៅចុង​ឆ្នាំនេះ។ 

លោកស្រី Auramon បញ្ជាក់ថា នឹង​មាន​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី ដើម្បីបញ្ជាក់ពីជំហរ​រួមមួយ សម្រាប់អាស៊ាន​នៅក្នុងការចរចា។

កិច្ចព្រមព្រៀង RCEP នេះ គឺដើមឡើយ​គឺមាន​ប្រទេស​ចំនួន ១៦ ដូចជា ចិណ ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងញ៉ូស័រឡែន រួមទាំងប្រទេស​អាស៊ាន ទាំង ១០ ផងដែរ ដែលគេធ្លាប់កំណត់ថា នឹងបញ្ចប់ការចរចា​នៅឆ្នាំ២០១៥។ ប៉ុន្ដែ ការចរចានេះ មិនបានបញ្ចប់​តាមការគ្រោងទុកនោះទេ ដោយវា​បានអូសបន្លាយមកដល់បច្ចុប្បន្ន ដោយសារតែ ខ្វែងគំនិតគ្នា លើការនាំចេញ​នាំចូលទំនិញ​ចូលទីផ្សារ ពិសេស គឺប្រទេស​ឥណ្ឌា និងចិនតែម្ដង។ 

Advertisement

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្ម​របស់ថៃ ជាមួយប្រទេស​អាស៊ាន​កាលពីឆ្នាំ២០១៨ សម្រេចបាន​ទំហំ​ទឹកប្រាក់ ប្រមាណ ១០០ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង​ជាង ១០% ធៀបនឹង​ឆ្នាំ២០១៧។ ក្នុងនោះ ការនាំចេញរបស់ថៃ ទៅប្រទេស​អាស៊ាន​មានតម្លៃទឹកប្រាក់ប្រមាណ ៦០ ពាន់លាន​ដុល្លារអាមេរិក ខណៈដែល​ប្រទេសអាស៊ាន​នាំចូល​ទៅថៃវិញ មាន​ជាង ៤០ ពាន់លានដុល្លារអាមេរិក។

ផលិតផល​ដែលថៃ នាំចេញ​ភាគច្រើន គឺមានដូចជា យានយន្ដ​ និងគ្រឿងបង្គុំយានយន្ដ ប្រេងច្រមាញ់រួច ផលិតគីមី និងគ្រឿង​ម៉ាស៊ីន ខណៈការនាំចូលវិញ មានដូចជា​ប្រេងឆៅ កុំព្យូរទ័រ និងគ្រឿងបង្គុំ​ផ្សេងៗទៀត។ 

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣ កាលពី​ឆ្នាំ​២០១៨ គឺបានធ្វើឡើង​នៅប្រទេស​សិង្ហបុរី។ ដោយឡែក ចំពោះកម្ពុជាវិញ ក៏ធ្លាប់បានធ្វើ​ជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ​កំពូល​អាស៊ាននេះ ពីរលើក​រួចមក ហើយដែរ ដោយ​កាលពីកិច្ចប្រជុំ​លើកទី១​ធ្វើនៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២ ហើយការ កិច្ចប្រជុំកំពូល​អាស៊ាន​ទាំងពីរលើក​ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះនោះ គឺសុទ្ធតែ​ធ្វើឡើង​នៅរាជធានី​ភ្នំពេញ។ ប៉ុន្ដែ នៅឆ្នាំ២០២២ ខាងមុខនេះ កម្ពុជា​នឹងត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះសម្រាប់​កិច្ចប្រជុំ​កំពូលអាស៊ាន ជាថ្មីម្ដងទៀត ដែលត្រៀម​នឹងធ្វើនៅ​ខេត្ត​ព្រះសីហនុ។ 

គួរចាប់អារម្មណ៍ដែរថា រាជរដ្ឋាភិបាល​កម្ពុជា នាពេលថ្មីនេះ ក៏បាន​និងកំពុងជំរុញ​ឲ្យក្រុមហ៊ុន​អាកាស​យានដ្ឋាន​កម្ពុជា ត្រូវធ្វើ​យ៉ាងណា ត្រូវ​បញ្ចប់​គម្រោង​ពង្រីក​ផ្លូវរត់យន្ដហោះ​របស់ខ្លួន​បន្ថែម ឲ្យបាន​ចប់សព្វគ្រប់​នៅ មុន​ឆ្នាំ២០២២ ដើម្បីអាចមានសមត្ថភាព​គ្រប់គ្រាន់ ត្រៀម​ចាំ​ទទួល​យន្ដហោះ​ខ្នាតធំៗ​របស់ថ្នាក់​ដឹកនាំ​កំពូលៗ​ដែលនឹង​អញ្ចើញចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅឆ្នាំ ២០២២ ខាងមុខ​នេះផងដែរ៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Longmate គ្រោងពង្រីកផ្ទៃដីដាំចេកឲ្យបាន១.០០០ ហិកតា នៅត្រឹមឆ្នាំ២០២០

ព័ត៌មាន
ក្រុមហ៊ុន Longmate Agriculture ជាក្រុមហ៊ុនដាំដុះ និងវេចខ្ចប់ចេកនាំចេញទៅចិន មួយក្នុងចំណោមក្រុមហ៊ុន ៥ ផ្សេងទៀត ដែលទើបតែបាននាំចេញចេ...

ស្ថាបនិកធនាគារអេស៊ីលីដា ចែករំលែកគន្លឹះសំខាន់ដើម្បីដឹកនាំស្ថាប័នជោគជ័យ

ព័ត៌មាន
ស្ថាបនិកធនាគារអេស៊ីលីដា លោកបណ្ឌិត អ៊ិន ចាន់នី បានចែករំលែកគន្លឹះសំខាន់ៗ ក្នុងការគ្រប់គ្រង និងដឹកនាំស្ថាប័ន ឲ្យទទួលបានជោគជ័យ ដោយផ្អែក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ