
ជាមួយគ្នានេះក្រុមហ៊ុន លី ហួរ គ្រុប ស្នើឲ្យបុគ្គលគ្រប់រូប ដែលកំពុងប្រើប្រាស់ម៉ាក និមិត្តសញ្ញា ឬស្លាកយីហោ ដែលមានលក្ខណៈប្រហាក់ប្រហែល ឬដូចនឹងក្រុមហ៊ុន លី ហួរ រួសរាន់ប្តូរឈ្មោះ និងបញ្ឈប់ការប្រើឈ្មោះនេះផងដែរ។
មេធាវី ឡុង សុធា ជាសមាជិកនៃក្រុមមេធាវីហ្គ្រេនដ៍ និងជាមេធាវីតំណាងដោយអាណត្តិឲ្យក្រុមហ៊ុន លី ហួរ គ្រុប នៅថ្ងៃទី ៨ខែកក្កដា បានប្រកាសតាមរយៈសេចក្ដីជូនដំណឹងមួយ ដោយបានស្នើឲ្យបុគ្គលគ្រប់រូប ដែលកំពុងប្រើប្រាស់ម៉ាក និមិត្តសញ្ញា ឬស្លាកយីហោដែលមានលក្ខណៈប្រហាក់ប្រហែល ឬដូចនឹង ក្រុមហ៊ុន លី ហួរ គ្រុប រួសរាន់ប្តូរឈ្មោះជាបន្ទាន់ បើពុំនោះទេ ក្រុមហ៊ុន លី ហួរ គ្រុប នឹងចាត់វិធានការតាមផ្លូវច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។ ការព្រមានចាត់វិធានការផ្លូវច្បាប់នេះធ្វើឡើងក្រោយក្រុមហ៊ុនសង្កេតឃើញថា កន្លងមកមានបុគ្គលមួយចំនួនបានយកឈ្មោះ លី ហួរ ទៅធ្វើជាម៉ាកយីហោ និងនិមិត្តសញ្ញា ដើម្បីផ្សព្វផ្សាយលក់ផលិតផ្សេងៗ។

បើតាមមេធាវីរូបនេះ កន្លងមកមានមនុស្សមួយក្រុម បានធ្វើអាជីវកម្មលើកស្លាកក្រុមហ៊ុន អចលនទ្រព្យ លក់ផលិតផលសាប៊ូ ថ្នាំលាបសក់ ព្រមទាំងអាជីវកម្មផ្សេងៗទៀត ដោយបើ ប្រាស់និមិត្តសញ្ញា និងស្លាកយីហោ មានឈ្មោះថា “ ក្រុមហ៊ុន លី ហួរ អចលនទ្រព្យ ក្រុមហ៊ុន លី ហួរ Co.,Ltd, តំណាងធំក្រុមហ៊ុន លី ហួរ Co.,Ltd និងឈ្មោះប្រហាក់ប្រហែលផ្សេងៗទៀត ដែលអាជីវកម្មទាំងនេះ មិនមែនជាអាជីវកម្មរបស់ ក្រុមហ៊ុន លី ហួរ គ្រុប ឬរបស់ក្រុមគ្រូសារអ្នកឧកញ៉ា លី ហួរ ឡើយ។
ហេតុដូច្នេះករណីមានការបើប្រាស់ផលិតផល ឬទទួលសេវាកម្មផ្សេងៗ ដែលបង្កឡើងដោយក្រុមខាងលើ គឺមិនមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន លី ហួរ គ្រុប ឬក្រុមគ្រួសាររបស់អ្នកឧកញ៉ា លី ហួរ នោះទេ ដែលករណីខាងលើ ក្រុមហ៊ុន លី ហូរ ក៏បានចាត់ការតាមផ្លូវច្បាប់ផងដែរ ដោយសារតែនេះ ជាអំពើល្មើសកម្មសិទ្ធិបញ្ញាលើក្រុមហ៊ុន លី ហួរ គ្រុប៕

