សារព័ត៌មាន VN Express បានចុះផ្សាយអត្ថបទមួយ ដោយដកស្រង់ប្រភពពីសារព័ត៌មាន Bloomberg ថា ក្រុមហ៊ុនគ្រប់គ្រងកាស៊ីណូធំបំផុតនៅម៉ាកាវខាងលើនេះ សហការជាដៃគូជាមួយក្រុមហ៊ុនវិនិយោគ VinaCapital ដែលមានមូលដ្ឋាននៅវៀតណាម និងក្រុមហ៊ុនធំមួយទៀត នៅហុងកុង ដែលមានឈ្មោះថា Chow Tai Fook។
ក្រុមហ៊ុនគ្រាក់ៗទាំងបីនេះ បោះទុនវិនិយោគ ៤ពាន់លានដុល្លារ ដើម្បីកសាងតំបន់រមណីយដ្ឋានចម្រុះមួយ នៅក្នុងទីក្រុង ហូយអាន ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០១៩ខាងមុខនេះ។
ការវិនិយោគនេះ គឺជាផ្នែកមួយនៃផែនការអន្តរជាតិរបស់ក្រុមហ៊ុន Suncity Group ក្នុងការគ្រប់គ្រងហ៊ុនផ្ទាល់ខ្លួននៅក្នុងកាស៊ីណូ និងដេញថ្លៃគ្រប់គ្រងកាស៊ីណូរបស់អ្នកដទៃ។យោងតាមអ្នកវិភាគដែលមានមូលដ្ឋាននៅម៉ាកាវ សព្វថ្ងៃ វៀតណាមមានកាស៊ីណូប្រហែល ៣០ និងអាចរកចំណូលបានប្រមាណ ១ពាន់២០០លានដុល្លារ ក្នុងមួយឆ្នាំៗ។
គួររំលេចថា រដ្ឋាភិបាលវៀតណាម ថ្មីៗនេះ បានផ្ដល់អាជ្ញាប័ណ្ណដល់កាស៊ីណូខ្នាតតូចចំនួន ៨ ដែលបង្កើតចំណូលបានប្រហែល ៣០០លានដុល្លារ ក្នុងមួយឆ្នាំៗ។
វៀតណាមទើបតែលុបចោលការហាមប្រាមពលរដ្ឋរបស់ខ្លួនមិនឲ្យលេងល្បែងនៅកាស៊ីណូ កាលពីដើមឆ្នាំនេះប៉ុណ្ណោះ ហើយបានអនុញ្ញាតឲ្យពលរដ្ឋដែលមានអាយុចាប់ពី២១ឆ្នាំឡើងទៅ និងដែលមានចំណូលប្រចាំខែយ៉ាងហោច ៤៤៥ដុល្លារឡើងទៅ អាចចូលលេងល្បែងនៅក្នុងកាស៊ីណូបាន។
ប៉ុន្តែ ទោះជាយ៉ាងណា ការលើកលែងបំរាមនេះ គឺគ្រាន់តែជាគម្រោងសាកល្បងសម្រាប់រយៈពេល ៣ឆ្នាំប៉ុណ្ណោះ ហើយទៅថ្ងៃមុខ នឹងមានការប្រែប្រួលយ៉ាងណា គឺគេនៅមិនទាន់ដឹងនៅឡើយ៕