
ដើម្បីបង្ការ និងការពារការរាតត្បាតនៃជម្ងឺដ៏កាចសាហាវ កូរ៉ូណានេះ ទីក្រុងម៉ាកាវ ក៏បានរឹតបន្តឹងលើ ការចេញចូលទឹកដីរបស់ខ្លួន ហើយប្រជាជន ត្រូវបានណែនាំឲ្យ ពាក់ម៉ាស់ជាប់ជានិច្ចរាល់ពេលដែលធ្វើដំណើរជុំវិញទីក្រុងនេះ ហើយបើសិនជាអាច គួរស្នាក់នៅផ្ទះឲ្យបានច្រើនបំផុត។
យ៉ាងណាមិញ ព័ត៌មានច្បាស់ការណ៍ ទាក់ទងនឹងការចាប់ផ្តើមបិទកាស៊ីណូនេះ មិនទាន់ប្រកាសនៅឡើយទេ តែគេសន្និដ្ឋានបានថា វានឹងជះឥទ្ធិពលអវិជ្ជមានមួយផ្នែកដល់ សេដ្ឋកិច្ចទីក្រុងម៉ាកាវ ដែលជាបណ្តុំនៃកន្លែងកម្សាន្ត និងភ្នាល់ល្បែង ធំជាងគេបង្អស់នៅលើសកលលោក។
លើសពីនេះទៅទៀត សូម្បីតែ រោងកុន បារកម្សាន្ត កន្លែងម៉ាស្សា កន្លែងហាត់ប្រាណ និងកន្លែងកម្សាន្តជាច្រើនមុខទៀត ក៏ត្រូវបិទជាបណ្តោះអាសន្នដូចគ្នាដែរ។
មិនត្រឹមតែប៉ុណ្ណោះ ចំនួនភ្ញៀវទេសចរណ៍ ដែលចូលទៅកម្សាន្តនៅក្នុងទីក្រុងមួយនេះ ក៏មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ ភោជនីយដ្ឋានហាងអាជីវកម្មតូចៗ ក៏បាត់បង់ភ្ញៀវ ហើយចំពោះជនណា ដែលធ្លាប់បានទៅខេត្តហ៊ូប៉ី ក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយ ក៏ត្រូវបានហាមឃាត់មិនឲ្យចូល កាស៊ីណូផងដែរ។យោងតាមការិយាល័យត្រួតពិនិត្យ និងសម្របសម្រួលល្បែង បានបញ្ជាក់ថា ក្នុងឆ្នាំ ២០១៩ វិស័យល្បែងនៅទីក្រុងម៉ាកាវរកប្រាក់ចំណូលបានប្រមាណ ៣៦ពាន់លានដុល្លារអាមេរិក ដែលមានការធ្លាក់ចុះប្រមាណ ៣%។