យ៉ាងហោចណាស់ មានមនុស្សប្រហែល១៦ម៉ឺននាក់ បានចេញបាតុកម្មតវ៉ាប្រឆាំងនឹងវិធានការតឹងរឹងរបស់អាជ្ញាធរក្នុងការទប់ស្កាត់កូវីដ-១៩ ដែលបានតម្រូវឲ្យអ្នកដែលអាចចូលទៅទទួលទានអាហារក្នុងភោជនីយដ្ឋាន ជិះរថភ្លើង យន្តហោះ និងកន្លែងសាធារណៈមួយចំនួនផ្សេងទៀតបានទាល់តែមានលិខិតបញ្ជាក់កូវីដ-១៩ ហើយចាំបាច់ត្រូវតែចាក់វ៉ាក់សាំងសម្រាប់អ្នកធ្វើការក្នុងផ្នែកសុខាភិបាល។ ក្រុមអ្នកតវ៉ា បានស្រែកថា “ នេះជាសេរីភាពរបស់ពួកគេ” ហើយរដ្ឋាភិបាលមិនគួរមកប្រាប់ពួកគេឲ្យធ្វើនោះទេ។
លោកប្រធានាធិបតី Emmanuel Macron និងរដ្ឋាភិបាលរបស់លោកបានអំពាវនាវឲ្យ មានការឯកភាពគ្នារវាងក្រុមអ្នកតវ៉ានឹងរដ្ឋាភិបាល និងយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលត្រូវធ្វើបែបនេះជាចាំបាច់ដើម្បីការពារប្រជាជន មន្ទីរពេទ្យដែលងាយរងគ្រោះដោយសារការឆ្លង និងដើម្បីចៀសវាងការបិទខ្ទប់ប្រទេសជាថ្មីម្ដងទៀត។ បើទោះបីជាមានការតវ៉ា ប៉ុន្ដែ វិធានការនេះ ត្រូវបានអាជ្ញាធរបារាំងអះអាងថា អាចនឹងត្រូវបានអនុវត្តរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា អាស្រ័យលើស្ថានភាពកររីករាលដាលជាក់ស្ដែងនៃជម្ងឺនេះ។
គួរឱ្យដឹងដែរថា ក្នុងចំណោមអ្នករៀបចំបាតុកម្មទាំងនោះមានការចូលរួមពីអ្នកនយោបាយស្តាំនិយម និងសមាជិកជ្រុលនិយមនៃចលនាអាវលឿងរបស់បារាំង ដែលប្រការនេះបានធ្វើឱ្យរដ្ឋាភិបាលលោក Macron មានការខឹងយ៉ាងខ្លាំងក្នុងការបង្អាក់យុទ្ធនាការការចាក់វ៉ាក់សាំងទ្រង់ទ្រាយនេះ។
លោក Macron បានលើកឡើងដោយចោទសួរទៅកាន់ក្រុមអ្នកតវ៉ាថា «តើអ្វីទៅជាសិទ្ធិសេរីភាពរបស់អ្នក ប្រសិនបើអ្នកប្រាប់ខ្ញុំថា អ្នកមិនចង់ចាក់វ៉ាក់សាំង ប៉ុន្ដែ នៅថ្ងៃស្អែកអ្នកទៅចម្លងមេរោគដល់ឪពុកម្ដាយរបស់អ្នក ឬក៏ចម្លងមកខ្ញុំ?»
សូមបញ្ជាក់ថា បច្ចុប្បន្ន នៅប្រទេសបារាំងមានអ្នកជម្ងឺកូវីដ-១៩ឆ្លងថ្មីហក់ឡើងកាន់តែខ្ពស់ប្រមាណ ២ម៉ឺននាក់ជារៀងរាល់ថ្ងៃ បើប្រៀបធៀបទៅនឹងអ្នកឆ្លងពីរ ឬបីពាន់នាក់ប៉ុណ្ណោះកាលពីដើមខែនេះ។ រីឯចំនួនអ្នកស្លាប់សរុបវិញមានជាង ១១ម៉ឺននាក់ហើយ៕
អត្ថបទ៖ ស៊ើង និមល់