លោក មហាធៀ បាននិយាយនៅក្នុងកាសែត The Star នៅថ្ងៃចន្ទ ទី១០ កុម្ភៈនេះថា «ខ្ញុំបានស្នើគាត់ (លោកដូណាល់ត្រាំ) ឲ្យចុះចេញពីតំណែង ដើម្បីជួយដល់សហរដ្ឋអាមេរិក»។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ លោក មហាធៀ បាននិយាយថា លោកត្រាំ ត្រូវតែលាលែងពីតំណែង ទាក់ទងនឹងសំណើកិច្ចព្រមព្រៀងសន្ដិភាព អ៊ីស្រាអែល-ប៉ាឡេស្ទីន របស់គាត់ ដែលមេដឹកនាំម៉ាឡេស៊ីរូបនេះចាត់ទុកថាវាជារឿង «មិនអាចទទួលបានជាដាច់ខាត» និងថា «អយុត្តិធម៌បំផុត»។
លោក មហាធៀ និយាយថា «កិច្ចព្រមព្រៀងនេះ នឹងនាំមកនូវជម្លោះកាន់តែច្រើនឡើង នៅក្នុងតំបន់ ហើយនឹងប្រឆាំងមនុស្សរាប់ពាន់លាននាក់នៅជុំវិញពិភពលោក»។
ជាការឆ្លើយតប ស្ថានទូតអាមេរិកប្រចាំប្រទេសម៉ាឡេស៊ី បានិយាយថា ការលើកឡើងរបស់ប្រធានាធិបតីម៉ាឡេស៊ីនេះ មិនមាននៅក្នុងស្មារតីស្ថាបនា ដែលបម្រើជាគ្រឹះយូរអង្វែងរវាងប្រទេសទាំងពីរនោះទេ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន South China Morning Post។
លោកត្រាំ បានបង្ហាញសំណើផែនការសន្ដិភាពនៅមជ្ឈមបូព៌ារបស់គាត់ ដែលមន្ត្រីប៉ាឡេស្ទីនមិនត្រូវបានពិគ្រោះយោបល់ នៅឯសេតវិមាន កាលពីខែមុន រួមជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Ben Jamin Netanyahu។
លោក មហាធៀ បានលើកឡើងថា សេដ្ឋកិច្ចម៉ាឡេស៊ី ត្រូវបានរំពឹងថា នឹងកើនឡើង ៤,៥% នៅឆ្នាំនេះ ដោយបានលើកឡើងពីគ្រាលំបាក ដែលជាហេតុផលធ្វើឲ្យមានការកាត់បន្ថយការប៉ាន់ប្រមាណកំណើនកាលពីមុនដែលរំពឹងថា នឹងមាន ៤,៨%។
លោក មហាធៀ និយាយថា «ដោយមានគោលការណ៍សារពើពន្ធល្អ ឱនភាពថវិការបស់យើងនឹងធ្លាក់ចុះមកនៅត្រឹម៣,២% នៅឆ្នាំនេះ។ យើងប្តេជ្ញាផ្ដល់នូវបរិយាកាសអាជីវកម្មប្រកបដោយ ស្ថិរភាពសម្រាប់វិនិយោគិន យើងនឹងក្លាយជាមិត្តភាពពាណិជ្ជកម្ម។»