ក្រុមហ៊ុនផលិតឱសថរបស់ចិន Sinopharm បាននិយាយថា ខ្លួនកំពុងអភិវឌ្ឍនូវវ៉ាក់សាំងកូវីដ-១៩សេរីថ្មី ដែលអាចមានប្រសិទ្ធភាពក្នុងការប្រឆាំងទប់ទល់កូវីដ-១៩បំប្លែងថ្មី ប្រភេទ ឌែលតា និងបេតា ហើយបច្ចុប្បន្នវ៉ាក់សាំងថ្មីនេះកំពុងត្រៀមនឹងធ្វើការចាក់សាកល្បងក្នុងពេលខាងមុខ។
លោក ចាង យ៉ុនតៅ (Zhang Yuntao) អនុប្រធានក្រុមហ៊ុន Sinopharm ដែលជាក្រុមហ៊ុនជីវសាស្ត្រជាតិរបស់ចិន បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការងារផលិតផលវ៉ាក់សាំងសេរីថ្មី ហើយបច្ចុប្បន្នទិន្នន័យត្រូវបានផ្ដល់ទៅឲ្យនិយ័តករឱសថរបស់ចិនរួចហើយ។
មេរោគបំប្លែងថ្មីប្រភេទ ឌែលតា ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយបានក្លាយជាមេរោគបំប្លែងថ្មីដែលមានកម្រិតឆ្លងរាលដាលខ្លាំងជាងគេ ដែលបច្ចុប្បន្នកំពុងវាយលុកនៅក្នុងប្រទេសជាច្រើនពាសពេញពិភពលោក ខណៈដែលមេរោគប្រភេទ បេតាវិញ គឺត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង ហើយវាមានភាពធន់ទៅនឹងថ្នាំវ៉ាក់សាំង ពោលគឺវ៉ាក់សាំងល្មមៗទប់មិនជាប់នឹងសមត្ថភាពចម្លងរបស់មេរោគបំប្លែងថ្មីទាំងនេះឡើយ។
បើតាមអនុប្រធានក្រុមហ៊ុន Sinopharm បានឲ្យដឹងថា វាអាចមានឱកាសក្នុងការចាក់វ៉ាក់សាំងសេរីថ្មី និងចាក់ដូសជំរុញ អាចនឹងត្រូវធ្វើឡើងក្នុងពេលជាមួយគ្នាតែម្ដង ហើយក្នុងករណីនេះ សម្រាប់មនុស្សភាគច្រើន ជម្រើសដំបូងនៅពេលអនាគតគឺគួរតែចាក់ដូសជំរុញ។
នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Sinovac Life Sciences Corp លោក ហ្គោ ឆេង (Gao Qiang) បានប្រាប់ Global Times ថា យ៉ាងយូរក្នុងត្រីមាសទី៣ឆ្នាំនេះ ក្រុមហ៊ុនគ្រោងនឹងនាំយកទិន្នន័យរបស់វ៉ាក់សាំងមួយប្រភេទទៀតរបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នកំពុងស្នើសុំអាជ្ញាធរ ដើម្បីអាចធ្វើតេស្តសាកល្បង ខណៈដែលវ៉ាក់សាំងប្រភេទថ្មីនេះ នឹងមានប្រសិទ្ធភាពជាងមុនក្នុងការទប់ទល់នឹងមេរោគបំប្លែងថ្មីឌែលតា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានចិនជាភាសាអង់គ្លេស Global Times។
អ្នកជំនាញផ្នែកជំងឺឆ្លងរបស់ចិនលោក ចុង ណានសាន (Zhong Nanshan) បាននិយាយនៅក្នុងសារព័ត៌មាន South China Morning Post ថា មកទល់ពេលនេះ ប្រទេសចិនអាចនឹងចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់ចំនួនដូសបានប្រហែល៨០%ហើយ នៃចំនួនពលរដ្ឋសរុប១ពាន់៤រយលាននាក់ ខណៈដែលចិនមកទល់ពេលនេះ បានចាក់វ៉ាក់សាំងសរុបជិត២ពាន់លានដូសរួចហើយ។
មិនមែនតែក្រុមហ៊ុនផលិតវ៉ាក់របស់ចិននោះទេ ដែលកំពុងជំរុញខ្លាំងលើការផលិតវ៉ាក់សាំងកូវីដ-១៩សេរីថ្មី ក្រុមហ៊ុនវ៉ាក់សាំងអាមេរិក Pfizer ថ្មីៗនេះ ក៏បានប្រកាសពីការអភិវឌ្ឍវ៉ាក់សាំងថ្មីដែលមានប្រសិទ្ធភាពខ្លាំងជាងមុនប្រឆាំងនឹងមេរោគបំប្លែងថ្មីផងដែរ។
បើទោះបីជា ការអភិវឌ្ឍន៍វ៉ាក់សាំងសេរីថ្មីមានសមត្ថភាពខ្ពស់ជាងមុនកំពុងត្រូវបានជំរុញការផលិតឡើងយ៉ាងផុសផុលក៏ដោយ ប៉ុន្ដែប្រទេសជាច្រើនមិនរង់ចាំវ៉ាក់សាំងសេរីថ្មីចេញនោះទេ ពោលគឺ ពួកគេបានសម្រុកនាំគ្នាចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញកាន់តែច្រើនឡើង ពិសេសក្រុមប្រទេសអ្នកមានតែម្ដង បើទោះបីជាអង្គការសុខភាពពិភពលោកបានចេញមុខទទូចដដែលៗឲ្យផ្អាកការចាក់វ៉ាក់សាំងដូសជំរុញនេះសិន ដើម្បីឲ្យប្រទេសក្រីក្រអាចមានលទ្ធភាពទទួលបានវ៉ាក់សាំងក៏ដោយ៕