សារព័ត៌មានធំៗបានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋបាលលោក ចូ បៃដិន កំពុងពិចារណាប្រើប្រាស់ច្បាប់ដ៏ទូលំទូលាយមួយ ដើម្បីទប់ស្កាត់ក្រុមហ៊ុន ដែលនាំចេញឧបករណ៍ផលិតបន្ទះឈីបដ៏សំខាន់របស់ពួកគេទៅកាន់ប្រទេសចិន ស្របពេលដែលលោក ដូណាល់ ត្រាំ បង្ហើបគម្រោងទារថ្លៃការពារពីកោះតៃវ៉ាន់ថែមទៀតនោះ បានធ្វើឲ្យទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបនានាកាន់តែមានការព្រួបារម្ភ។
នៅមុនពេលដែលទីផ្សារភាគហ៊ុនបិទការជូញដូរកាលពីថ្ងៃពុធ កន្លងទៅនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន ASML បានធ្លាក់ចុះដល់ទៅ១១% ខណៈពេលដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tokyo Electron នៅជប៉ុនធ្លាក់ចុះដល់ទៅជិត៧,៥% ហើយភាគហ៊ុនរបស់ក្រុមហ៊ុនផ្សេងៗទៀតដូចជា Arm, AMD និង Marvell ជាដើមធ្លាក់ចុះត្រឹមជាង៧%។
ការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបទាំងនេះកំពុងជះឥទ្ធិពលអវិជ្ជមានដល់ក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាម៉េរិក ជាពិសេស គឺទីផ្សារការងារ ពីព្រោះផលិតកម្មបន្ទះឈីបមួយចំនួនធំ គឺផលិតឡើង ដើម្បីតែបម្រើតម្រូវការទីផ្សានៅក្នុងប្រទេសចិន ប៉ុណ្ណោះ។
តាមរបាយការណ៍ផលិតបន្ទះឈីបរបស់ក្រុមហ៊ុន ASML ស្ទើរតែ៤៩% គឺដើម្បីនាំចេញទៅកាន់ប្រទេសចិន ហើយប្រសិនបើការរឹតបន្តឹងនេះត្រូវបានអនុវត្តមែននោះ វានឹងប៉ះពាល់ដល់ចំណូលរបស់ក្រុមហ៊ុននេះ ដូច្នេះវាក៏នឹងប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពលរដ្ឋអាមេរិកនៅឆមាសទី២នេះ។
កាលពីពេលថ្មីៗកន្លងទៅនេះសម្តីរបស់លោក ត្រាំ តែប៉ុន្មានម៉ាត់សោះ ក៏បានអង្រួនទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបកោះតៃវ៉ាន់ឲ្យធ្លាក់ចុះ២,៤%ផងដែរ បើទោះបីជាលោក ត្រាំ មិនទាន់ជាប់ឆ្នោតក៏ដោយចុះ៕
ដោយៈ សរ សុជាតិ