ដ្រូនអ៊ុយក្រែន

ប្រទេសធំៗមកចែវចូវបច្ចេកទេសពីអ៊ុយក្រែនជាបន្តបន្ទាប់ ក្រោយទីក្រុងគៀវប្រើដ្រូនវាយកម្ទេចគោលដៅនៅចម្ងាយជាង២ពាន់គីឡូម៉ែត្រក្នុងទឹកដីរុស្ស៊ី


បទពិសោធន៍នៅក្នុងសង្រ្គាមដ៏ជូរចត់ជិត៤ឆ្នាំជាមួយរុស្ស៊ី បានធ្វើឱ្យអ៊ុយក្រែនក្លាយជាប្រទេស ដែលមានសមត្ថភាពកាន់តែខ្លាំងក្លាលើការផលិត និងអភិវឌ្ឍសព្វាវុធទំនើបៗ ជាពិសេសបច្ចេកវិទ្យាយន្តហោះដ្រូនវាយប្រហារ។ សមត្ថភាពនេះ បានជំរុញឱ្យបណ្តាប្រទេសធំៗជាច្រើនងាកមកចាប់ដៃគូជាមួយទីក្រុងគៀវ ដើម្បីសហការផលិត និងចែករំលែកបច្ចេកវិទ្យាអាវុធជំនាន់ថ្មីនេះ។
ដ្រូនអ៊ុយក្រែន
ដោយ

ជាក់ស្តែងថ្មីៗនេះយន្តហោះដ្រូនអត្តឃាតរបស់អ៊ុយក្រែនបានបង្ហាញសមត្ថភាពយុទ្ធសាស្ត្រយ៉ាងគួរឱ្យភ្ញាក់ផ្អើល ដោយបានហោះចូលទៅវាយប្រហារចំគោលដៅហេដ្ឋារចនាសម្ព័ន្ធប្រេងសំខាន់ៗរហូតដល់ក្នុងទឹកដីរុស្ស៊ី ដែលធ្វើឱ្យសហគមន៍អន្តរជាតិវាយតម្លៃជាថ្មីពីវឌ្ឍនភាពនៃសមត្ថភាពយោធារបស់អ៊ុយក្រែននៅក្នុងសង្គ្រាមនាពេលបច្ចុប្បន្ន។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា កាលពីថ្ងៃទី៧ ខែកក្កដា លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បានប្រកាសថា អ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបច្ចេកវិទ្យាយន្តហោះដ្រូន បន្ថែមទៀតជាមួយប្រទេសនៅតំបន់អឺរ៉ុបចំនួន៣រួមមានដាណឺម៉ាក អេស្តូនី និងហូឡង់។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍សមរភូមិជាក់ស្តែង និងជំនាញបច្ចេកទេសទំនើបៗ ដែលអ៊ុយក្រែនទទួលបានពីការឆ្លងកាត់សង្គ្រាមការពារជាតិអស់រយៈពេលជាង៤ឆ្នាំកន្លងមកនេះ។
ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសពីជោគជ័យ នៃកិច្ចព្រមព្រៀងទាំងនេះនៅលើបណ្តាញសង្គមក្នុងអំឡុងពេលលោកកំពុងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី។ លោក បានអះអាងថា គិតរហូតមកទល់ពេលនេះ អ៊ុយក្រែនសម្រេចបានកិច្ចព្រមព្រៀងយុទ្ធសាស្ត្រស្រដៀងគ្នានេះជាមួយបណ្តាប្រទេសជាមិត្តសរុបចំនួន៩ប្រទេសហើយ។
អ្វីដែលគួរឱ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយនេះ មេដឹកនាំអ៊ុយក្រែនរូបនេះ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជាច្រើន ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងភាពជាដៃគូបច្ចេកវិទ្យាយោធានេះ ជាពិសេសជាមួយបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ាជាកន្លែង ដែលប្រទេសជុំវិញឈូងសមុទ្រពែក្សកំពុងប្រឈមមុខនឹងការស្វែងរកយន្តការ និងវិធីសាស្ត្រដើម្បីទប់ទល់នឹងការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ីរ៉ង់នៅឆ្នាំនេះ។
គួររំលឹកថា កាលពីពេលថ្មីៗកន្លងទៅយន្តហោះដ្រូនអត្តឃាតរបស់អ៊ុយក្រែនបានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការបើកប្រតិបត្តិការវាយប្រហារបំផ្លាញរោងចក្រចម្រាញ់ប្រេងដ៏ធំមួយនៅក្នុងទីក្រុង អូម (Omsk) ភាគខាងលិចតំបន់ស៊ីបេរីរបស់រុស្ស៊ី។ នេះជាការវាយប្រហារចូលទៅក្នុងទឹកដីរុស្ស៊ី ក្នុងកម្រិតជ្រៅបំផុតមិនធ្លាប់មាន ពោលគឺមានចម្ងាយឆ្ងាយរហូតដល់ទៅជាង២,៥០០គីឡូម៉ែត្រពីព្រំដែនរបស់អ៊ុយក្រែន។ ប្រតិបត្តិការដ៏ជោគជ័យនេះមិនត្រឹមតែជាការវាយប្រហារចំដង្ហើមសេដ្ឋកិច្ចប្រេងរបស់វិមានក្រឹមឡាំងប៉ុណ្ណោះទេ ប៉ុន្តែវាជាសមិទ្ធផលយុទ្ធសាស្ត្រដ៏សំខាន់ និងជាមោទនភាពថ្មីមួយសម្រាប់កងទ័ពអ៊ុយក្រែន។
មេដឹកនាំអ៊ុយក្រែនបានថ្លែងបញ្ជាក់ថា យន្តហោះដ្រូនប្រភេទ Fire Point ដែលត្រូវបានអភិវឌ្ឍ និងកែលម្អសមត្ថភាពឱ្យកាន់តែទំនើបជឿនលឿននេះបានធ្វើឱ្យតំបន់ស៊ីបេរីរបស់រុស្ស៊ី ធ្លាក់ចូលទៅក្នុងដែនកំណត់នៃគម្លាតចម្ងាយ ដែលកងទ័ពអ៊ុយក្រែនអាចបើកការវាយប្រហារកម្ទេចចំគោលដៅបានយ៉ាងត្រឹមត្រូវល្អឥតខ្ចោះ។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិត និងអភិវឌ្ឍយន្តហោះដ្រូន Fire Point នេះ មានមូលដ្ឋានស្ថិតនៅក្នុងរដ្ឋធានីគៀវ ហើយក៏ជាក្រុមហ៊ុនបច្ចេកវិទ្យាយុទ្ធភណ្ឌការពារជាតិឈានមុខគេមួយរបស់អ៊ុយក្រែន ដែលមានឯកទេសខ្ពស់លើប្រព័ន្ធយន្តហោះដ្រូន និងមីស៊ីល សម្រាប់បម្រើឱ្យការធ្វើសង្គ្រាមក្នុងយុគសម័យឌីជីថលទំនើប ដែលទាមទារនូវភាពត្រឹមត្រូវជាក់លាក់ ច្បាស់លាស់ និងមានប្រសិទ្ធភាពបំផ្លិចបំផ្លាញខ្ពស់បំផុត៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ រូបភាពឯកសារ




អត្ថបទបន្ទាប់


តើមានកត្តាប្រឈមធំៗអ្វីខ្លះជំរុញឱ្យ IMF បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម៣%នៅឆ្នាំនេះ?

ទស្សនវិស័យ នៃកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៦ ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បង្ហាញការរំពឹងទុកក្នុងកម្រិតទាបមួយ ក្នុងនោះស្ថ…

លោក ត្រាំ ប្រកាសថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ គឺ «ចប់ហើយ» ខណៈការវាយប្រហារកំពុងបន្ដឡើងវិញយ៉ាងក្ដៅគគុក

​ប្រធានាធិបតី អាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ៨ ខែកក្កដានេះថា អនុស្សារណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ