ធនាគារ ANZ ដែលជាធនាគារមួយក្នុងចំណោមធនាគារធំៗទាំងបួនរបស់អូស្ត្រាលី បានប្រើប្រាស់ប្រតិបត្តិការតាមរយៈក្រុមហ៊ុនធានារ៉ាប់រង AIA ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដើម្បីផ្ទេរប្រាក់ទៅគណនីក្រោមប្រតិបត្តិការគ្រប់គ្រងដោយធនាគារ Innwa Bank ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសាជីវកម្មសេដ្ឋកិច្ចមីយ៉ាន់ម៉ា ហៅកាត់ថា MEC កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមការលើកឡើងរបស់អង្គការ Justice for Myanmar ដោយយោងទៅលើឯកសាររបស់ធនាគារ ដែលបានបែកធ្លាយ។
ក្រៅពីនោះក៏មានដែរ ក្រុមហ៊ុនរបស់ម៉ាឡេស៊ីឈ្មោះ អ៊ីដុតខូ(edotco) ដែលបានជួលបង្គោលអង់តែនរបស់ខ្លួន ទៅឱ្យប្រតិបត្តិករទូរសព្ទចល័តមីយ៉ាន់ម៉ា Mytel ក៏បានប្រើប្រាស់គណនី ANZ ដើម្បីអនុវត្តប្រតិបត្តិការទូទាត់ជាមួយគណនីធនាគារ Innwa ក្នុងខែមេសា និងមិថុនា ឆ្នាំ២០២១ផងដែរ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមសកម្មជនកាលពីថ្ងៃពុធសប្តាហ៍។
របាយការណ៍ដដែលបានបន្តថា ធនាគារ UOB របស់សិង្ហបុរី ដែលជាធនាគារធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ បានសម្របសម្រួលប្រតិបត្តិការរវាងក្រុមហ៊ុនដឹកជញ្ជូនរបស់ចិន និងក្រុមហ៊ុនសាជីវកម្មសេដ្ឋកិច្ចមីយ៉ាន់ម៉ា (MEC) ក្នុងខែមិថុនា និងខែកក្កដាឆ្នាំមុន។ ធនាគារនៅសិង្ហបុរីក៏បានផ្តល់ប្រាក់កម្ចីទៅឱ្យក្រុមហ៊ុនផលិតម៉្សៅទឹកដោះគោឈ្មោះ Lamintayar ដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ាផងដែរ។
ទន្ទឹមនឹងនេះធនាគារ BIDV ដែលជាធនាគាររដ្ឋវៀតណាម និងធនាគារ KEB Hana របស់កូរ៉េខាងត្បូង បានអនុវត្តប្រតិបត្តិការយ៉ាងហោចណាស់១៨ដង ជាមួយក្រុមហ៊ុនទូរគមនាគមន៍អន្តរជាតិមីយ៉ាន់ម៉ា (Telecom International Myanmar) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនសាជីវកម្មសេដ្ឋកិច្ចមីយ៉ាន់ម៉ា (MEC) នេះបើយោងតាមអង្គការយុត្តិធម៌សម្រាប់មីយ៉ាន់ម៉ា។
គួរជម្រាបថា ឯកសារធនាគារមីយ៉ាន់ម៉ា Innwa Bank ដែលបានបែកធ្លាយទាំងនេះ ត្រូវបានលួចយក និងបញ្ចេញមកលើបណ្តាញអ៊ីធឺណែតដោយ ក្រុមមួយមានឈ្មោះថា Distributed Denial of Secrets ដែលចាត់ទុកខ្លួនឯងថា ជាក្រុមមានតម្លាភាព ហើយតែងតែចេញផ្សាយជារឿយៗនូវឯកសារព័ត៌មានដែលខ្លួនចូលទៅលួចបានពីទិន្នន័យអ៊ីធឺណែតរបស់រដ្ឋាភិបាល និងអាជីវកម្មក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រោយមានការបែកធ្លាយឯកសារខាងលើ អ្នកនាំពាក្យធនាគារ ANZ នៅអូស្រ្តាលី បាននិយាយថាធនាគារមិនមានទំនាក់ទំនងពាណិជ្ជកម្មណាមួយ នឹងមួយធនាគារ Innwa របស់មីយ៉ាន់ម៉ាទេ។ អ្នកនាំពាក្យរូបនោះបានប្រាប់សារព័ត៌មាន Al Jazzera ថាប្រតិបត្តិការរបស់ធនាគារ ANZ ទាំងអស់ គឺអនុវត្តទៅតាមច្បាប់ដែលបានកំណត់។ សារព័ត៌មាន Al Jazeera បានទាក់ទងធនាគារផ្សេងទៀតដូចជា BIDV, AIA និងធនាគារ KEB Hana ប៉ុន្ដែ គ្មានការឆ្លើយតបនោះឡើយ។
សូមជម្រាបថា ធនាគារ Innwa បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រតិបត្តិការអាជីវកម្ម ដែលគ្រប់គ្រងដោយយោធារបស់ប្រទេសមីយ៉ាន់ម៉ា ដែលធនាគារនេះអាចរក្សាការចូលទៅកាន់ប្រព័ន្ធធនាគារអន្តរជាតិ ទោះមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ។ ខណៈពេលដែលសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនសាជីវកម្មសេដ្ឋកិច្ចមីយ៉ាន់ម៉ា (MEC) ជុំវិញរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១មក ប្រទេសដែលមានការរកស៊ីច្រើននៅមីយ៉ាន់ម៉ាដូចជា អូស្ត្រាលី ជប៉ុន សិង្ហបុរី និងកូរ៉េខាងត្បូង មិនបានចាត់វិធានការប្រឆាំងនោះទេ៕