ការទិញយកភាគហ៊ុននេះ ត្រូវបានគេមើលឃើញថា នឹងជួយឱ្យធនាគារថៃក្រុងស្រ៊ី អាចចាប់យកកំណើនរីកលូតលាស់នៅក្នុងតំបន់ និងនៅទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម។
ធនាគារថៃ ក្រុងស្រ៊ីថៃ ត្រូវបានគេដឹងថា ដែលជាសមាជិកយុទ្ធសាស្ត្ររបស់ស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយរបស់ជប៉ុន Mitsubishi UFJ Financial Group បានសម្រេចទិញយកភាគហ៊ុន៥០% នៃអាជីវកម្មហិរញ្ញវត្ថុអតិថិជន SHB Finance របស់ធនាគារវៀតណាម SHB ហើយនៅ៣ឆ្នាំក្រោយភាគហ៊ុន៥០%ដែលនៅសល់ នឹងបន្ដផ្ទេរទៅឲ្យធនាគារថៃក្រុងស្រ៊ីបន្ថែមទៀត ពោលគឺធនាគារថៃមួយនេះ នឹងទទួលបានភាគហ៊ុន១០០% តែម្ដង ក្នុងតម្លៃសរុបជាង១៥៧លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា ធនាគារក្រុងស្រ៊ី គឺជាធនាគារធំលំដាប់ទី៥នៅក្នុងប្រទេសថៃ ខណៈដែលធនាគារវៀតណាម SHB ក៏ជាធនាគារធំបំផុតទី៥នៅវៀតណាមដូចគ្នាដែរ។
ដូច្នេះ បន្ទាប់ពីកិច្ចព្រមព្រៀងលក់ភាគហ៊ុនរបស់SHB Finance នេះ នឹងធ្វើឲ្យម្ចាស់ភាគហ៊ុនរបស់ធនាគារ SHB របស់វៀតណាម នឹងកើនឡើងដើមទុនកាន់តែច្រើនលើសលុប ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះរបស់ធនាគារ SHB ផងដែរ ព្រោះថាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងធនាគាធំលំដាប់ទី៥ទាំងពីរនេះ នឹងបើកឱកាសសម្រាប់ការអភិវឌ្ឍក្នុងតំបន់ ព្រមទាំងឈានទៅដល់ទូទាំងពិភពលោក។
យ៉ាងណាមិញ លោក ឌូ ខ័ង ហៀន (Do Quang Hien) ប្រធានក្រុមប្រឹក្សាភិបាលរបស់ SHB បានមានប្រសាសន៍ថា ទីផ្សារហិរញ្ញវត្ថុអ្នកប្រើប្រាស់នៅវៀតណាមមានសក្តានុពល និងជាសក្ដានុពលសម្រាប់ការរីកលូតលាស់។
ទន្ទឹមនេះ លោក សេឆារ៉ូ អាឃីតា (Seiichiro Akita) ប្រធាន និងជានាយកប្រតិបត្តិធនាគារអយុធ្យា ឬក្រុងស្រ៊ី បានមានប្រសាសន៍ថា“ កិច្ចព្រមព្រៀងទិញយកភាគហ៊ុន SHB Finance នឹងបំពេញបន្ថែមក្នុងវិស័យហិរញ្ញវត្ថុជូនអតិថិជននៅវៀតណាម។ សូមជម្រាបថា កិច្ចព្រមព្រៀងនេះ ក៏បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារធំទាំងពីរនេះ ចំពោះយុទ្ធសាស្ត្រពង្រីកទីផ្សារនៅអាស៊ានតាមផែនការអាជីវកម្មរយៈពេលមធ្យមឆ្នាំ ២០២១-២០២៣។ ជាក់ស្តែងធនាគារថៃ ក្រុងស្រ៊ី ក៏បានបោះជំហានរួចមកហើយនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅទីផ្សារ ឡាវ កម្ពុជា និងហ្វីលីពីន។ នេះបើយោងតាមការចុះផ្សាះរបស់ទស្សនាវដ្ដី Forbe Asia៕
អត្ថបទ៖ ស៊ើង និមល់