រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសម៉ាឡេស៊ី លោក ហ្សាហ្វ្រុល អាបឌុល អាហ្ស៊ី (Zafrul Abdul Aziz) បាននិយាយថា តម្លៃនៃការនាំចេញម្ហូបអាហារហាឡាល់របស់ម៉ាឡេស៊ីឈានដល់ជាង១១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ឧស្សាហកម្មម្ហូបអាហារហាឡាល់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី ហើយវិស័យនេះមានសក្ដានុពលយ៉ាងខ្លាំងក្នុងការរីកលូតលាស់ ខណៈឧស្សាហកម្មហាឡាលពិភពលោក រួមទាំងផលិតផល និងសេវាកម្មត្រូវបានគេរំពឹងថា នឹងឈានដល់៥ទ្រីលានដុល្លារនៅឆ្នាំ២០៣០ ។
រដ្ឋាភិបាលម៉ាឡេស៊ី មានការប្តេជ្ញាចិត្តក្នុងការបង្កើនចំនួនសហគ្រិនដែលផលិតផលិតផលហាឡាល់ ហើយវិធានការជាច្រើនត្រូវបានរដ្ឋាភិបាលដាក់ចេញ និងកំពុងអនុវត្តដោយទីភ្នាក់ងារនិងស្ថាប័នជំនាញនានារបស់រដ្ឋាភិបាល។ មកដល់ពេលនេះបណ្តាទីភ្នាក់ងារ និងស្ថាប័នជំនាញរបស់រដ្ឋាភិបាលកំពុងដាក់គោលដៅជួយដល់ឧស្សាហកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេស ដើម្បីឲ្យពួកគេទទួលបាននូវឱកាសក្នុងការជ្រៀតចូលទីផ្សារក្នុងស្រុក និងនាំចេញនៅក្នុងឧស្សាហកម្មហាឡាល់៕
ដោយៈ សរ សុជាតិ