តើឥណ្ឌា អាចប្រជែងឈ្នះអាម៉េរិក និងចិន ឬទេ ខណៈនៅពីក្រោយកំណើនដ៏គួរឱ្យចាប់អារម្មណ៍នេះ ឥណ្ឌា នៅតែប្រឈមឧបសគ្គធំៗដូចជា វិស័យផលិតកម្មមិនទាន់រឹងមាំ ហេដ្ឋារចនាសម្ព័ន្ធ ការងារ វិសមភាពសង្គម និងការពឹងផ្អែកលើចិន។ នេះបើយោងតាមការចុះផ្សាយរបស់ Business Times។
ប្រទេសឥណ្ឌា សម្រេចបានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ដោយចាប់តាំងពីចុងសង្គ្រាមត្រជាក់មក កំណើនសេដ្ឋកិច្ចបានជួយឱ្យប្រជាជនឥណ្ឌារាប់រយលាននាក់ងើបផុតពីភាពក្រីក្រ និងប្រែក្លាយប្រទេសនេះទៅជាកម្លាំងសេដ្ឋកិច្ច និងនយោបាយដ៏សំខាន់មួយរបស់ពិភពលោក។ ឥណ្ឌា គឺជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក ដោយមានប្រជាជនសរុបជាង១,៤ពាន់លាននាក់ ដោយជាង២ភាគ៣មានអាយុចន្លោះពី១៥ដល់៥៩ឆ្នាំ ដែលផ្តល់ឱ្យឥណ្ឌានូវកម្លាំងពលកម្ម និងទីផ្សារអ្នកប្រើប្រាស់ដ៏ធំ។
សេដ្ឋកិច្ចឥណ្ឌា ក៏កំពុងកើនឡើងយ៉ាងលឿនផងដែរ ដោយផលិតផលក្នុងស្រុកសរុប GDP សម្រេចបានកំណើនប្រមាណ៧,៧% ក្នុងឆ្នាំសារពើពន្ធ២០២៦ ខណៈធនាគារ Morgan Stanley ព្យាករថា ឥណ្ឌា នឹងវ៉ាដាច់អាល្លឺម៉ង់ក្លាយជាសេដ្ឋកិច្ចធំបំផុតទី៣របស់ពិភពលោកនៅឆ្នាំ២០២៧។
ប៉ុន្តែទំហំប្រជាជន និងកំណើនសេដ្ឋកិច្ច មិនមែនជាការធានាថា នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចនោះឡើយ។ ឥណ្ឌានៅតែដើរយឺតជាងចិនយ៉ាងខ្លាំងក្នុងវិស័យផលិតកម្ម និងការនាំចេញ ហើយក៏ពឹងផ្អែកលើចិនសម្រាប់វត្ថុធាតុដើម គ្រឿងបន្លាស់ និងវិស័យសំខាន់ៗមួយចំនួន។ បញ្ហាធំមួយទៀត គឺការបង្កើតការងារឱ្យបានគ្រប់គ្រាន់សម្រាប់យុវជន ដោយប្រជាជនឥណ្ឌាប្រមាណ៦០០លាននាក់មានអាយុក្រោម២៥ឆ្នាំ ខណៈការងារ អតិផរណា និងវិសមភាពសង្គមនៅតែជាបញ្ហាដែលរដ្ឋាភិបាលត្រូវដោះស្រាយ។
ធនាគារពិភពលោកបានព្យាករថា ឥណ្ឌាត្រូវរក្សាកំណើនសេដ្ឋកិច្ចពិតប្រាកដឱ្យបានជាមធ្យម៧,៨% ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៤៧ ដើម្បីសម្រេចគោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ដែលជាគោលដៅដ៏លំបាក។ ដូចនេះឥណ្ឌាអាចនឹងមិនសម្រេចបានគ្រប់គោលដៅរបស់លោក ណារិនដ្រា ម៉ូឌី នៅឆ្នាំ២០៤៧ នោះទេ។ ប៉ុន្តែឥណ្ឌានៅតែមានសក្តានុពលខ្ពស់ក្នុងការក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៣ របស់ពិភពលោក បន្ទាប់ពីអាម៉េរិក និងមហាយក្សចិន៕
ដោយ: តែម សុខុម