សំណើកញ្ចប់ថវិកាចំណាយដ៏សម្បើមនេះជាង ៨០ពាន់លានដុល្លារអាមេរិកនោះ គឺជាសំណើកញ្ចប់ថវិកាលើកដំបូងគេបង្អស់មួយរបស់លោក អ៊ីស្មែល សាប្រ៊ី យ៉ាកុប ចាប់តាំងពីលោកបានចូលមកអង្គុយតំណែងជានាយកមន្ត្រីម៉ាឡេស៊ី កាលពីខែសីហាមក។ ក្នុងសំណើកញ្ចប់ថវិកានោះ រដ្ឋាភិបាលម៉ាឡេស៊ី គ្រោងចំណាយលើការអភិវឌ្ឍដែលពោរពេញដោយមហិច្ឆតាជាង១៨ពាន់លានដុល្លារ កើនឡើងជិត២២% ធៀបនឹងការចំណាយនៅឆ្នាំ២០២១។ ការចំណាយប្រតិបត្តិការវិញ មានជាង ៥៦ពាន់លានដុល្លារ កើនឡើងជាង៦% និងការចំណាយសម្រាប់ការអន្តរាគមន៍ និងទប់ស្កាត់កូវីដ១៩ មានជាង ៥ពាន់៥រយលានដុល្លារអាមេរិក។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីលោក តេង គូ បាននិយាយថា ប្រាក់ចំណូលរបស់រដ្ឋាភិបាលរំពឹងថានឹងកើនឡើងដល់ជាង ៥៦ ពាន់លានដុល្លារ ដូចនេះ រដ្ឋាភិបាលមានផែនការពង្រីកកញ្ចប់ថវិកាចំណាយបន្ថែមសម្រាប់ឆ្នាំ ២០២២ សរុបដល់ជាង ៨០ពាន់លានដុល្លារអាមេរិក ខណៈកាលពីឆ្នាំ២០២១ កញ្ចប់ថវិកាចំណាយនេះមានត្រឹមតែជាង ៧៧ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
សូមបញ្ជាក់ថា បន្ទាប់ពីរយៈពេលពីរឆ្នាំនៃបញ្ហាសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺរាតត្បាត បង្ខំឱ្យអាជីវកម្មរាប់ពាន់កន្លែងនៅម៉ាឡាស៊ីត្រូវបានបិទ និងអត្រាអ្នកគ្មានការងារកាន់តែកើនឡើង។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយថា អត្រាគ្មានការងារធ្វើមានប្រមាណ ៤,៦% ដែលជាកង្វល់សម្រាប់រដ្ឋាភិបាល ហើយក្នុងនោះ រដ្ឋាភិបាលនឹងបែងចែកថវិកាជាង ១ ពាន់លានដុល្លារ ដើម្បីបង្កើតឱកាសការងារចំនួន ៦០ម៉ឺនកន្លែង។
ទន្ទឹមនេះ រដ្ឋាភិបាលក៏បានបែងចែកប្រាក់ជិត ២ ពាន់លានដុល្លារ សម្រាប់ជំនួយជាសាច់ប្រាក់ដល់គ្រួសារដែលមានចំណូលទាប។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារប្រទេសម៉ាឡេស៊ី មិនទាន់ធូរស្បើយពីជំងឺកូវីដ-១៩ នោះ ថវិកា ក៏ត្រូវបានផ្ដល់ឱ្យក្រសួងសុខាភិបាលជិត ៨ពាន់លានដុល្លារ និងសម្រាប់ការគ្រប់គ្រងមេរោគ និងការបង្កើនសមត្ថភាពថែទាំសុខភាពសាធារណៈជិត ១ ពាន់លានដុល្លារផងដែរ។
បើតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី រដ្ឋាភិបាលបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ នឹងកើនឡើងចន្លោះពី ៥,៥% ទៅ ៦,៥% នៅឆ្នាំ២០២២ ដែលកើនឡើងពីកំណើន ចន្លោះ ៣% ទៅ ៤% សម្រាប់ឆ្នាំនេះ។ ទោះយ៉ាងណា ដោយសារការចំណាយក្នុងការប្រយុទ្ធប្រឆាំងកូវីដកើនឡើង រដ្ឋាភិបាលប៉ាន់ស្មានថា ឱនភាពថវិកានឹងកើនដល់ ៦,៥% នៅឆ្នាំនេះ ប៉ុន្តែវានឹងធ្លាក់មកនូវត្រឹម ៦% នៅឆ្នាំ ២០២២៕