បើតាមការអះអាងពីអ្នករៀបចំបាតុកម្ម នៅថ្ងៃសៅរ៍សប្តាហ៍មុននេះ មានបាតុករប្រមាណ ១ពាន់នាក់ដែលភាគច្រើននៃពួកគេសុទ្ធសឹងជាយុវជន ជាមួយនឹងសម្លៀកបំពាក់ពណ៌ខ្មៅ ពាក់ម៉ាស់-រក្សាគម្លាត ដៃមានកាន់បដាដែលសរសេរថា «រដ្ឋាភិបាលបរាជ័យ» បានមកប្រមូលផ្តុំគ្នានៅទីលាន មើដេកា (Merdeka Square) ចំកណ្តាលទីក្រុង Kuala Lumpur សម្តែងការមិនពេញចិត្តចំពោះរដ្ឋាភិបាលដែលដឹកនាំដោយ លោក ម៉ូយីឌីន យ៉ាស៊ីន ក្នុងការទប់ស្កាត់និងដោះស្រាយវិបត្តិកូវីដ-១៩។
នៅក្នុងបដារបស់ក្រុមបាតុករបានសរសេរថា «រដ្ឋាភិបាលកំពុងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសយើង លោកត្រូវតែចុះចេញ»។ ការបាតុកម្មរបស់ក្រុមបាតុករនេះ គឺដើម្បីសម្តែងពីការខឹងសម្បារចំពោះរដ្ឋាភិបាល ស្របពេលដែលម៉ាឡេស៊ីកំពុងធ្លាក់ផុងខ្លួនកាន់តែជ្រៅទៅៗ ក្នុងវិបត្តិកូវីដ១៩ ដែលបានអូសបន្លាយអស់រយៈពេលច្រើនខែណាស់មកហើយ។
អស់រយៈពេលជាង ៦ខែមកហើយដែលរដ្ឋាភិបាលម៉ាឡេស៊ី ប្រកាស់ដាក់ប្រទេសក្នុងគ្រាអាសន្ន។ វិធានការនេះ បានផុតកំណត់ត្រឹមថៃអាទិត្យទី១សីហាម្សិលមិញ ប៉ុន្តែវិធានការបិទខ្ទប់ប្រទេសនៅបន្តអូសបន្លាយនៅឡើយ។
ប្រឈមនឹងការរាតត្បាតកូវីដ១៩កាន់តែខ្លាំងឡើងៗ សេដ្ឋកិច្ចម៉ាឡេស៊ីបន្តដាំក្បាលចុះ ខណៈភាពគ្មានការងារធ្វើ ជាពិសេសក្នុងចំណោមយុវជនដែលទើបបញ្ចប់ការសិក្សាក៏មានកាន់តែច្រើនផងដែរ។ អ្នកស្លាប់ដោយសារកូវីដ១៩ក៏មានចំនួនច្រើន ស្របពេលករណីឆ្លងប្រចាំថ្ងៃបន្តកើនឡើងឥតឈប់ឈរ។
គួរជម្រាបថា ម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗប្រចាំថ្ងៃ គិតជាមធ្យមប្រមាណ ១ម៉ឺន៦ពាន់នាក់ក្នុងមួយថ្ងៃៗ ខណៈករណីឆ្លងសរុបបានកើនលើស១លានករណី និងស្លាប់សរុបជិត៩ពាន់ករណី។ នេះបើតាមទិន្នន័យដែលចងក្រងដោយសារព័ត៌មាន រ៉យទ័រ។
សូមបញ្ជាក់ថា ការឡើងកាន់តំណែង នៅខែមីនាឆ្នាំ២០២០ របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបច្ចុប្បន្ន ពុំមែនទទួលតំណែងដោយសារការបោះឆ្នោតត្រឹមត្រូវពីប្រជាពលរដ្ឋទេ។ លោកទទួលតំណែងពីការជ្រើសតាំងតាមការព្រមព្រៀងរបស់ពហុបក្ស ដើម្បីបង្កើតរដ្ឋាភិបាល និងក្រោយពីរដ្ឋាភិបាលចាស់ មានរឿងអាស្រូវពុករលួយ។ រដ្ឋាភិបាលចម្រុះនេះ ក៏កំពុងតែត្រូវដួលរលំដែរ ព្រោះសម្ព័ន្ធភាពបក្ស ត្រូវរង្គោះរង្គើរ និងបក្សខ្លះដកខ្លួនចេញ៕