ការអះអាងរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនេះ គឺធ្វើឡើយ ក្រោយពេលដែល ក្រសួងទើបតែបានចុះហត្ថលេខាជាមួយនឹងភាគីចិន លើពិធីសារ បើកផ្លូវសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន កាលពីព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២០។ បើតាមការអះអាងរបស់ឯកឧត្តម វេង សាខុន ក្រោយពីចុះហត្ថលេខលើពិធីសារនេះ កម្ពុជាអាចនឹងចាប់ផ្ដើមនាំចេញស្វាយទៅកាន់ទីផ្សារប្រទេសចិនបានហើយ ប៉ុន្ដែមុននឹងអាចនាំចេញទៅបាន ក៏តម្រូវឲ្យគោរពទៅតាមស្ដង់ដារភូមគាមអនាម័យ ដែលកំណត់ដោយភាគីចិនផងដែរ ខណៈដែលក្រុមហ៊ុនទាំង ២០ ដែលបានចុះបញ្ជីស្នើសុំនាំចេញស្វាយទៅចិននោះ គឺមិនទាន់បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អាចឆ្លើយតបទៅនឹងលក្ខខណ្ឌ តម្រូវបាននៅឡើយទេ។ ដូច្នេះហើយ ទើបក្រសួងកសិកម្ម អំពាវនាវឲ្យ ក្រុមហ៊ុនទាំង ២០នោះ រួសរាន់ កសាងនូវហេដ្ឋារចនាសម្ព័ន្ធ បម្រើដល់ការនាំចេញស្វាយរបស់ខ្លួន ឲ្យបានឆាប់រួចរាល់ ដើម្បីឲ្យរដ្ឋបាលគយចិន ចុះមកត្រួតពិនិត្យ និងវាយតម្លៃមុននឹងអាចនាំចេញបាន។
ឯកឧត្តម វេង សាខុន បានឲ្យដឹងថា បើទោះបីជាមានការចុះហត្ថលេខាបើកផ្លូវនាំចេញស្វាយជាមួយភាគីចិនរួចហើយក៏ពិតមែន ប៉ុន្ដែ ដើម្បីអាចនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន ភាគីកម្ពុជា ដែលជាក្រុមហ៊ុនឯកជនត្រូវធ្វើការងារជាច្រើនទៀត តាមរយៈការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ដំណើរការនាំចេញដូចជា ការដំឡើងម៉ាស៊ីនកម្ចាត់មេរោគនៅលើផ្លែស្វាយ និងការវេចខ្ចប់នាំចេញជាដើម។ នៅពេលដែល ក្រុមហ៊ុននាំចេញស្វាយទាំង ២០ ធ្វើការងារទាំងនេះ បានរួចរាល់ពេលណានោះ ខាងក្រសួងកសិកម្ម និងអញ្ជើញខាងរដ្ឋបាលគយនៃប្រទេសចិន ឲ្យមកធ្វើការត្រួតពិនិត្យ និងវាយតម្លៃមុននឹងធ្វើការនាំចេញបាន។
ឯកឧត្តម វេង សាខុន បញ្ជាក់យ៉ាងដូច្នេះថា «ដូចខ្ញុំបានបញ្ជាក់អញ្ចឹង គឺក្រុមហ៊ុននីមួយៗត្រូវរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺគ្រឿងយន្ដដែលត្រូវបញ្ចេញចំហាយទឹកក្ដៅនោះ សម្លាប់សមាសភាពចង្រៃចេញពីផ្លែស្វាយមុននឹងខ្ចប់វិញធ្វើការនាំចេញ។ ដូច្នេះ កន្លងទៅនេះ ក្រោយពីចុះវាយតម្លៃយើងឃើញថា មានក្រុមហ៊ុន Hyundai មួយ ដែលមានលទ្ធភាពធ្វើការនាំចេញ។ ប៉ុន្ដែ ដោយឡែក យើងមិនទាន់ឃើញក្រុមហ៊ុនណាមួយនៅកម្ពុជា ចាប់ផ្ដើមដំណើរការនៃការកសាងហេដ្ឋារចនាសម្ព័ន្ធនោះទេ»។
បើតាមឯកឧត្តម វេង សាខុន សម្រាប់ប្រជាកសិករដាំដុះស្វាយលក្ខណៈគ្រួសារ ឬចម្ការតូចៗវិញ នឹងមិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការនាំចេញស្វាយដោយខ្លួនឯងបានទេ។ ដូច្នេះហើយ វាចាំបាច់ត្រូវការវិស័យឯកជន ក៏ដូចជាក្រុមហ៊ុននាំចេញធំៗ ត្រូវសហការជាមួយនឹងសហគមន៍ជាអ្នកដាំដុះស្វាយ តាមរយៈការធ្វើកិច្ចសន្យាកសិកម្មជាមួយពួកគាត់ ដើម្បីទិញស្វាយបន្ដពីកសិករ យកមកវេចខ្ចប់នាំចេញ។
ឯកឧត្តម វេង សាខុន បានបញ្ជាក់ទៀតថា «កសិករដែលដាំដោយខ្លួនឯង ពុំមានលទ្ធភាពបង្កើតរោងចក្រដោយខ្លួនឯងទេ បើទោះបីជាប្រមុខរាជរដ្ឋាភិបាលកំពុងតែរៀបចំកញ្ចប់ថវិកា ដើម្បីឲ្យវិនិយោគិននៅក្នុងប្រទេសកម្ពុជា ក្នុងការស្រូបយកនូវហេដ្ឋារចនាសម្ព័ន្ធ ដោយខ្ចីធនធាននេះដើម្បីយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ ខ្ញុំគិតថា កសិករកម្ពុជា ពុំទាន់មានលទ្ធភាពទេ។ ដូច្នេះ យើងពឹងអាស្រ័យទៅលើវិស័យឯកជន ដែលចូលរួមធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធនេះ ហើយដូចខ្ញុំបានអំពាវនាវមិញអញ្ចឹង គឺថាឲ្យវិស័យឯកជនហ្នឹង ធ្វើកិច្ចសន្យាក្នុងការប្រមូលទិញ ហើយកិច្ចសន្យាហ្នឹងត្រូវមានលក្ខខណ្ឌជាមួយប្រជាជនថាតើយើងត្រូវធ្វើការដាំដុះយ៉ាងដូចម្តេច ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការ តម្រូវការនៃភូតគាមអនាម័យ នៃការនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន នៅពេលខាងមុខ»។
លោក លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជា បានបញ្ជាក់ដែរថា ជាការកត់សម្គាល់របស់លោក ប្រទេសកម្ពុជា គឺជាប្រទេសដែលសម្បូរទៅដោយធនធានកសិកម្ម ខណៈដែលប្រទេសចិន គឺមានទីផ្សារធំទូលាយសម្រាប់កសិផលកម្ពុជាទាំងនោះ ដូច្នេះ កិច្ចសហការលើវិស័យកសិកម្មនេះ គឺជាកិច្ចសហប្រតិបត្តិការដែលមានសក្ដានុពលធំទូលាយមួយ។ លោក វ៉ាង បន្ថែមទៀតថា ចំពោះផ្លែស្វាយរបស់កម្ពុជា គឺជាផលិតផលផ្លែឈើស្រស់ទី២ហើយ ដែលត្រូវបានអនុញ្ញាតឲ្យនាំចេញដោយផ្ទាល់ពីកម្ពុជាទៅកាន់ប្រទេសចិន បន្ទាប់ពីផ្លែចេក ហើយលោកសង្ឃឹមថា ភាគីទាំងពីរនឹងធ្វើការងារកាន់តែជិតស្និទថែមទៀត ដើម្បី អាចនាំចេញកសិកផលកម្ពុជាជាច្រើនផ្សេងទៀត ទៅកាន់ទីផ្សារចិន។
បើតាមស្ថានទូតចិន ក្រោយពីមានការចុះហត្ថលេខាលើពិធីសារនាំចេញស្វាយទៅចិននេះ កម្ពុជាអាចនឹងផ្គត់ផ្គង់ស្វាយទៅកាន់ទីផ្សារប្រទេសចិនប្រមាណ កន្លះលានតោនជារៀងរាល់ឆ្នាំ។
បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងដែរថា ភាគីទាំងពីរ គឺកម្ពុជា-ចិន បាននិងកំពុងពិភាក្សាអំពីនីតិវិធីនិងលក្ខខណ្ឌតម្រូវ ហើយនិងបច្ចេកទេសមួយចំនួនដើម្បីឈានទៅធ្វើការអនុម័តលើឯកសារសំណើនាំចេញផលិតផលកសិកម្មកម្ពុជាជាច្រើនមុខទៀត រួមមាន ម្រេច មានប៉ៃលិន ក្រូចថ្លុង ទុរេន និងទឹកមាត់ត្រចៀកកាំជដើម។ ក្រសួងកសិកម្ម សង្ឃឹមថាកិច្ចការនេះនឹងអាចចាប់ផ្តើមធ្វើការនាំចេញនាពេលឆាប់ៗខាងមុខនេះ។
បើតាមក្រសួងកសិកម្ម ចំពោះដំណាំស្វាយនេះ នៅកម្ពុជាមានការដាំដុះពូជស្វាយរហូតដល់ទៅ ១៨ពូជ ប៉ុន្ដែ ពូជស្វាយដែលមានការពេញនិយមដាំដុះច្រើនបំផុត គឺពូជស្វាយកែវរមៀត។ បើគិតត្រឹមឆ្នាំ២០១៩ ការដាំដុះស្វាយមានផ្ទៃដីសរុប ជាង ១២ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីដែលអាចប្រមូលផលបានមានចំនួន ជាង ៩ម៉ឺនហិកតា ដែលជាមធ្យមកម្ពុជាអាចមានផលិតផលស្វាយស្រស់ប្រមាណជាង ១លាន ៤សែនតោន ក្នុងមរួយរដូវ៕