កិច្ចប្រជុំលើកទី៤នេះ គឺធ្វើឡើងដើម្បីពិនិត្យ ផ្ដល់យោបល់ និងផ្ដល់គោលការណ៍ឯកភាពលើសេចក្ដីព្រាង «ផែនការមេអភិវឌ្ឍបណ្ដា ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ។ កិច្ចប្រជុំនេះ មានការ អញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្រ្តី, ឯកឧត្តម-លោកជំទាវថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, ឯកឧត្តម-លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកោះកុង, ខេត្តកែប និងក្រុមការងាររៀបចំផែនការមេ ដែលដឹកនាំដោយលោក ស៊ឺម៉ា សែវ (SIMA XIAO) នាយកនៃវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (Urban Planning & Design Institute of Shenzhen - UPDIS) ។
តាមការចង្អុលបង្ហាញដោយផ្ទាល់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ក្នុងការពង្រីកវិសាលភាពនៃ «ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង», «ផែនការ មេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» បានរៀបចំឡើង ដោយបញ្ចូលខេត្តជាប់ឆ្នេរសមុទ្រទាំង ៣ ផ្សេងទៀត តាមរយៈការប្រើប្រាស់ធនធាន និងសក្ដានុពលផ្សេងៗរបស់ខេត្តនីមួយៗ ដែលអាចផ្គុំចូលគ្នាបង្កើតជាផែនការមេដែលប្រទាក់ក្រឡា មានមាត្រដ្ឋាន និងជាកម្លាំងរួមមួយ សំដៅបង្កើនភាពប្រកួតប្រជែងរបស់ខេត្តទាំងបួន និងកម្ពុជាជារួម ។ ជាក់ស្ដែង, សេចក្ដីព្រាង «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ ក្រឡា» មានចក្ខុវិស័យរយៈពេលវែង ដល់ឆ្នាំ ២០៣៨ ដែលមានទិសដៅអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជា៖
ទី១- គោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក៖ ដៃគូប្រកួតប្រជែងទៅកាន់គោលដៅទេសចរណ៍ឆ្នេរ-សមុទ្រអន្តរជាតិ, ផ្ដល់សេវាទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងបង្កើនបរិយាកាសសម្រាប់ទេសចរណ៍បែបកម្សាន្ដ ។
ទី២- ថ្នាលថ្មីសម្រាប់សេដ្ឋកិច្ចបៃតង៖ ប្រកបដោយថាមពលបៃតង, ការប្រើប្រាស់វិធីសាស្រ្តបៃតងសម្រាប់ការធ្វើកសិកម្ម និងការអភិវឌ្ឍឧស្សាហកម្ម និងហិរញ្ញវត្ថុបៃតង ។
សេចក្ដីព្រាង «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និង ប្រទាក់ក្រឡា» បានធ្វើការវាយតម្លៃអំពីការគ្រប់គ្រងរដ្ឋបាល, ស្ថានភាពចរាចរណ៍, កម្ពស់សណ្ឋានដី, ការអភិវឌ្ឍដី, ចំនួនប្រជាជន, ស្ថានភាពធនធាន និងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដើម្បីវិភាគទៅលើគោលដៅ, លក្ខខណ្ឌ និងសក្ដានុពលអភិវឌ្ឍន៍របស់ខេត្តនីមួយៗ ។ បន្ថែមពីលើនេះ, ផែនការមេនេះក៏មានការវិភាគលើសក្ដានុពលអភិវឌ្ឍឧស្សាហកម្មរបស់ខេត្តនីមួយៗ និងផ្តល់អនុសាសន៍ លើការបំពេញឱ្យគ្នាទៅវិញទៅមក និងភាពប្រទាក់ក្រឡារវាងខេត្តទាំង ៤ ព្រមទាំងគម្រោងយុទ្ធសាស្រ្តសម្រាប់ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ផងដែរ ។
ជាលទ្ធផល, អង្គប្រជុំ បានពិភាក្សាដោយយកចិត្តទុកដាក់លើចំណុចសំខាន់ៗ និងបានផ្ដល់មតិ-យោបល់កែសម្រួលលើផ្នែកខ្លះរបស់សេចក្តីព្រាង ដើម្បីឲ្យឯកសារសេចក្តីព្រាង កាន់តែមានភាពពេញលេញ និងមានសង្គតិភាព និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំសេចក្ដីព្រាង «ផែនការមេអភិវឌ្ឍបណ្ដាខេត្ត ជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» នេះ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ និងផ្តល់កិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមការងារបច្ចេកទេសសម្របសម្រួលអន្តរក្រសួង ក៏ដូចជាលេខាធិការដ្ឋានរៀបចំ និងអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា និងក្រុមការងារវិទ្យាស្ថាន UPDIS ដែលបានខិតខំរៀបចំ និងកែសម្រួលសេចក្តីព្រាង «ផែនការមេអភិវឌ្ឍ បណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ស្របតាមមតិយោបល់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យកាន់តែមានភាពច្បាស់លាស់, គ្រប់ជ្រុងជ្រោយ និងបញ្ចប់តាមការគ្រោងទុករបស់រាជរដ្ឋាភិបាល ៕