
កម្មវិធីទូរស័ព្ទថ្មីនេះជាត្រូវបានសម្រាំងឡើងជាមួយនឹងមុខងារថ្មីៗ និងការសម្រួលបទពិសោធប្រើប្រាស់ឲ្យកាន់តែប្រសើរ ក្នុងគោលបំណងដើម្បីឲ្យប្រតិបត្តិការធនាគារកាន់តែមានភាពងាយស្រួល ព្រមទាំងផ្តល់នូវសុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការជាពិសេសផ្តល់ជូននូវរង្វាន់ និងប្រូម៉ូសិនជាច្រើនដល់អតិថិជន។
កម្មវិធីធនាគារចល័ត M2U ត្រូវបានរចនាឡើងជាមួយរូបរាងថ្មី ផ្ទាំងអេក្រង់ថ្មី និងបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អតិថិជន ខណៈបន្ថែមនូវមុខងារថ្មីមួយទៀតក្នុងចំណោមមុខងារជាច្រើន ដែលអាចឲ្យអតិថិជនធនាគារ មេយប៊ែង ទាំងថ្មី និងចាស់អាចផ្លាស់ប្តូរភាសាបានរហូតទៅដល់ពីរភាសា មានទាំងភាសាខ្មែរ និងភាសាអង់គ្លេស ទៅតាមតម្រូវការរបស់ពួកគាត់។ អតិថិជនក៏អាចធ្វើប្រតិបត្តិការយ៉ាងងាយស្រួល បូករួមការផ្ទេរប្រាក់យ៉ាងឆាប់រហ័សទៅកាន់បណ្តាធនាគារជាង៥០ ដែលជាសមាជិករបស់បាគង និងធ្វើការទូទាត់ប្រាក់ទៅកាន់ជាង២០០ក្រុមហ៊ុន ឫស្ថាប័ន នៅក្នុងប្រទេសតាមរយៈកម្មវិធីថ្មីមួយនេះ។ កាន់តែពិសេសនោះ អតិថិជនក៏អាចធ្វើការទាញយករបាយការណ៍គណនីបានយ៉ាងងាយស្រួលផងដែរ។

មុខងារថ្មីមួយទៀតដែលគួរឲ្យកត់សម្គាល់របស់កម្មវិធី M2U KH គឺការដាក់បញ្ចូលមុខងារដ៏ថ្មីសន្លាងមួយ គឺគណនី iSAVE ដែលផ្តល់ឱ្យអតិថិជននូវឱកាសទទួលបានការប្រាក់បន្ថែមពីលើគណនីសន្សំរបស់ពួកគាត់។ ជាមួយគណនី i-Save អតិថិជនអាចបើកគណនីរបស់ខ្លួនបានពីគ្រប់ទិសទី ហើយចាប់ផ្តើមធ្វើការសន្សំប្រាក់ជាលើកដំបូងជាមួយធនាគារ មេយប៊ែងដោយពុំត្រូវការប្រាក់តម្កល់។ រាល់ការដាក់ប្រាក់ដំបូងចំនួន ៥ដុល្លារ ឬ ២០,០០០ រៀល អតិថិជនអាចទទួលបានអត្រាការប្រាក់រហូតដល់ ៣.៥% សម្រាប់គណនីប្រាក់រៀល និង ៣% សម្រាប់គណនីដុល្លារ ដែលអនុញ្ញាតឱ្យលោកអ្នកអាចបង្កើននូវសក្តានុពលនៃការសន្សំរបស់ខ្លួនផងដែរ។ បន្ថែមពីនេះទៅទៀត អតិថិជនមានជម្រើសក្នុងការតម្លើងគណនីរបស់លោកអ្នកទៅជាគណនីពេញលេញ ដើម្បីទទួលបានសិទ្ធិ និងរង្វាន់បន្ថែម ដូចជាការទទួលបានប្រាក់ត្រឡប់មកវិញភ្លាមៗ និងឱកាសឈ្នះទូរស័ព្ទ iPhone ក៏ដូចជាសាច់ប្រាក់ត្រឡប់មកវិញប្រចាំខែរាល់ពេលដែលលោកអ្នកធ្វើប្រតិបត្តិការជាមួយកម្មវិធីធនាគារចល័ត M2U ថ្មី អំឡុងពេលប្រូម៉ូសិននេះ។

លោក រ័ត្ន សោភ័ណ្ឌ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង ខេមបូឌា មានប្រសាសន៍ថា៖ “ការដាក់ដំណើរការកម្មវិធីធនាគារចល័ត M2U ថ្មីនេះ គឺជាផ្នែកមួយនៃដំណើរការផ្លាស់ប្តូរនូវយុទ្ធសាស្រ្តរបស់ ធនាគារ មេយប៊ែង ស្របទៅតាមយុទ្ធសាស្ត្រ M25+ របស់យើង ដែលផ្តោតសំខាន់លើឌីជីថល និងនវានុវត្តន៍ជាចំណុចស្នូល ក្នុងចំណោមយុទ្ធសាស្ត្រសំខាន់ៗរបស់យើង។”
លោកបានបន្តទៀតថា “ធនាគារ មេយប៊ែង បានដាក់ដំណើរការកម្មវិធីទូរស័ព្ទចល័ត MAE ជាលើកដំបូងក្នុងប្រទេសម៉ាឡេស៊ី និងទទួលបាននូវភាពជោគជ័យគួរឲ្យកត់សម្គាល់។ យើងជឿជាក់ថាកម្មវិធីធនាគារចល័ត M2UK KH ដែលមានមុខងារ និងរូបរាងដូចទៅនឹងកម្មវិធីខាងដើមនឹងទទួលបានភាពជោគជ័យស្រដៀងគ្នា។ ជាមួយនិងការរចនាដ៏ប្រសើរ រួមផ្សំជាមួយមុខងារដែលកាន់តែទំនើប កម្មវិធីរបស់យើងធានា ផ្តល់ជូនអតិថិជននៅបទពិសោធធនាគារកាន់តែងាយស្រួល ខណៈគាំទ្រដល់ចក្ខុវិស័យរបស់ធនាគារ មេយប៊ែងក្នុងការក្លាយជាធនាគារឈានមុខលើនវានុវត្តន៍ឌីជីថល និងការក្លាយជាធនាគារអាស៊ានដ៏ល្អបំផុតត្រឹមឆ្នាំ២០២៥នេះ។”

លោក ឡាំង មាំ នាយក នៃនាយកដ្ឋានឌីជីថល នៃធនាគារ មេយប៊ែង ខេមបូឌា បានបន្ថែមផងដែរថា "នវានុវត្តន៍លើផ្នែកឌីជីថល គឺជាស្នូលនៃយុទ្ធសាស្ត្ររបស់ធនាគារ មេយប៊ែង ខេមបូឌា ហើយការបើកដំណើរការឲ្យប្រើប្រាស់កម្មវិធីធនាគារចល័ត M2U ថ្មីនេះ គឺគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវសេវាធនាគារឌីជីថលដ៏ល្អបំផុត។ ការផ្តល់នូវដំណោះស្រាយផ្នែកធនាគារដល់អតិថិជនរបស់យើង រួមជាមួយនឹងមុខងារដែលបានកែលម្អឲ្យកាន់តែប្រសើរជាងមុន ហើយអេបថ្មីនេះ យើងសង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើសុវត្ថិភាព និងភាពងាយស្រួល ដោយផ្តល់សិទ្ធអាទិភាពដល់អតិថិជនដែលមានបំណងក្នុងការស្វែងរកដៃគូដ៏ល្អ និងជំនាញលើការគ្រប់គ្រងហិរញ្ញវត្ថុ និងសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់ពេលអនាគត។”
ធនាគារ មេយប៊ែង គឺជាធនាគារដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលណែនាំនូវមុខងារ Secure2u ដែលជាវិធីសាស្ត្រផ្ទៀងផ្ទាត់សុវត្ថិភាព ដោយគ្រាន់តែចុចប៉ូតុងយល់ព្រមក្នុងអេបកម្មវិធី នៅពេលធ្វើប្រតិបត្តិការទូទាត់ ដែលជាមុខងារសុវត្ថិភាពមួយនៅលើអេប M2U ចាស់។ ជាមួយនឹងមុខងារពិសេសមួយនេះ អតិថិជនពុំចាំបាច់រង់ចាំទទួលបានសារលេខកូដ (SMS TAC) ដែលផ្តល់នូវកម្រិតសុវត្ថិភាពបន្ថែម ព្រោះប្រតិបត្តិការទាំងអស់ អាចត្រូវបានអនុញ្ញាតតែលើឧបករណ៍ដែលបានចុះឈ្មោះប៉ុណ្ណោះ។ មុខងារនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយរហូតដល់ ៨៨%នៃអ្នកប្រើប្រាស់កម្មវិធីចល័ត M2U Classic នៅក្នុងប្រទេស។

ជាមួយនឹងបច្ចុប្បន្នភាពនៃមុខងារប្រព័ន្ធសុវត្ថិភាពកាន់តែប្រសើរជាងមុនដែលរួមមានមុខងារស្កេនផ្ទៃមុខ ឫក្រយៅដៃដើម្បីចូលកម្មវិធី មុខងារកម្មវិធីមួយទូរស័ព្ទមួយ មុខងារលាក់សមតុល្យទឹកប្រាក់ និងមុខងារជូនដំណឹងភ្លាមៗ កម្មវិធីM2U KH ថ្មីនេះ នឹងផ្តល់ឲ្យអ្នកប្រើប្រាស់នូវទំនុកចិត្តលើសុវត្ថិភាពសមតុល្យ និងទិន្នន័យប្រតិបត្តិការធនាគាររបស់ខ្លួន។
លោកឡាំង មាំ ក៏បានបន្តទៀតថា៖ “ដោយឃើញថាសព្វថ្ងៃនេះមានការកើនឡើងលើការឆបោកតាមប្រព័ន្ធឌីជីថលច្រើន ហេតុនេះហើយធនាគារ មេយប៊ែង យើងផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើការអនុវត្តវិធានការសុវត្ថិភាពជូនដល់អតិថិជន។ តាមរយៈប្រព័ន្ធសុវត្ថិភាពដែលកំណត់នូវស្តង់ដារសុវត្ថិភាពជាចំបងរបស់អេបថ្មីនេះ យើងមានគោលបំណងបង្កើនការជឿជាក់ និងទំនុកចិត្តដល់អតិថិជនរបស់យើង និងលើកកម្ពស់ការយកចិត្តទុកដាក់លើទិន្នន័យអតិថិជន និងសុវត្ថិភាពគណនីក្នុងវិស័យធនាគារបែបឌីជីថលក្នុងប្រទេស។”
ទទួលយកបទពិសោធជាមួយនឹងបច្ចេកវិទ្យាទំនើបរបស់កម្មវិធី M2U KH ដ៏ថ្មីសន្លាង និងធ្វើការទាញយកកម្មវិធី M2U KH ថ្មីឥឡូវនេះលើ App Store និង Google Play Store។
***





