ប្រធានបទដែលបានពិភាក្សានេះ គឺផ្តោតសំខាន់លើការពិនិត្យសុខភាពជាប្រចាំរបស់ស្ដ្រី ដូចជា ការការពារជំងឺបេះដូង ឆ្អឹង និងជំងឺមហារីក ដោយលើកឡើងពីរបៀបធ្វើឲ្យមើលទៅមានអារម្មណ៍ថា ខ្លួនឯងស្អាតនៅពេលពួកគេមានអាយុច្រើន តុល្យភាពអ័រម៉ូន អាហារូបត្ថម្ភ និងសុខភាពផ្លូវភេទ។
វេជ្ជបណ្ឌិត Wenus Ho បានមានប្រសាសន៍ថា SGMC បានប្តេជ្ញាចិត្តធ្វើយ៉ាងណាឲ្យមនុស្សគ្រប់គ្នា មិនតែស្ដ្រីទេ អាចទទួលបានការថែទាំងសុខភាពដែលមានគុណភាព។
វេជ្ជបណ្ឌិតថ្លែងថា៖ «ដើម្បីឲ្យស្របតាមតម្រូវការដែលមិនអាចខ្វះបានក្នុងការទទួលបានការថែទាំងសុខភាពស្ដ្រីដែលអាចជឿទុកចិត្តបាននៅក្នុងប្រទេសកម្ពុជា»។
ដូចគ្នាដែរ វេជ្ជបណ្ឌិត Juliana Latif បានអះអាងថា សុខភាពរបស់ស្ដ្រីមានតម្រូវការច្រើនដែលត្រូវយកចិត្តទុកដាក់ និង ថែរក្សាជាពិសេស។
វេជ្ជបណ្ឌិត Juliana Latif ថ្លែងយ៉ាងដូច្នេះថា៖ «ការយកចិត្តទុកដាក់ ពិតជាមានសារសំខាន់ណាស់ ព្រោះ វាជាក្ដីកង្វល់ផ្នែកសុខមាលភាពប្រចាំថ្ងៃ ដែលជួបប្រទះលើបញ្ហាចម្បងៗ ដូចជា បញ្ហាបន្ទុកការងារ អាហារូបត្ថម្ភ និងភាពតានតឹង»។
តាមពិតទៅ វេជ្ជបណ្ឌិត Wenus Ho និង វេជ្ជបណ្ឌិត Juliana Latif ទទួលបានការបណ្ដុះបណ្ដាលក្នុងការព្យាបាលដោយប្ដូរអ័រម៉ូនដូចគ្នា (Bio-identical Hormone Replacement therapy) នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។ អ័រម៉ូនដូចគ្នា ត្រូវបានគេស្គាល់ថា ជាវិធីសាស្រ្តព្យាបាលដែលមានសុវត្ថិភាព និង មានសុខភាពល្អ ដើម្បីបន្ថយភាពទន់ខ្សោយតាមធម្មជាតិរបស់រាងកាយ។
មជ្ឈមណ្ឌលវេជ្ជសាស្ដ្រសិង្ហបុរី មានដំណើរការ និង គ្រប់គ្រងដោយប្រើប្រព័ន្ធ DrMap ដែលអនុវត្តតាមស្ដង់ដារថែទាំសុខភាព និង មានអ្នកជំនាញសិង្ហបុរីគ្រប់គ្រងការព្យាបាល ហើយសេវាកម្មទាំងអស់ នឹងត្រូវផ្តល់ជូនដោយអនុវត្តន៍តាមដំណើរការ និងវិធីដែលមានការទទួលស្គាល់ផ្នែកវេជ្ជសាស្ដ្រ។
មជ្ឈមណ្ឌលនេះ នឹងបម្រើសេវាកម្មជាច្រើន ក្នុងនោះ មានការថែទាំងសុខភាពដំណាក់កាលដំបូង ការតាមដានជំងឺរ៉ៃរ៉ាំ ការថត និង ការត្រួតពិនិត្យធ្វើរោគវិនិច្ឆ័យដោយប្រព័ន្ធរូបភាព ការព្យាបាលសុខភាព និងសុខមាលភាពទូទាំងរាងកាយការវះកាត់កែសម្ផស្ស និងការវះកាត់ទូទៅ។ លើសពីនេះ មជ្ឈមណ្ឌលដ៏ទំនើបមួយនេះ នឹងមានសេវាកម្មធ្វើរោគវិនិច្ឆ័យ ដោយប្រើម៉ាស៊ីនចុងក្រោយបង្អស់ រួមមាន កាំរស្មីអ៊ិច ម៉ាស៊ីនថតរូបភាពសុដន់ដោយកាំរស្មីអ៊ិច ម៉ាស៊ីនស្កែន ថតឆ្អឹងធម្មជាតិ និងអេកូ ការព្យាបាលដោយប្រើកម្អែភ្នំភ្លើង ការព្យាបាលដោយប្រើកាំរស្មីអូហ្សូន ការពង្រឹងសុខភាពផ្លូវភេទ និង ឱសថសម្រាប់កីឡាផងដែរ៕