ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយជាមួយគេហទំព័រ ខេមបូណូមីស នាយកប្រតិបត្តិក្រុមហ៊ុន Sabbay Osja និងជាស្ថាបនិកហ្គេម អាស្វា លោក អៀរ អ៊ុយ មានប្រសាសន៍ថា ការផលិតហ្គេមពិតជាត្រូវការពេលវេលាជាការចាំបាច់ ដើម្បីឱ្យមហាជនស្គាល់និងទាញយកលេងកម្សាន្តដែលញ៉ាំងឱ្យអ្នកផលិតមានចំណូល ប៉ុន្តែ ចង់ឱ្យគេស្គាល់មិនមែនជារឿងស្រួលប៉ុន្មាននោះទេ។
លោកបន្តថា របរផលិតហ្គេមរបស់លោក កំពុងប្រឈមឧបសគ្គធំៗចំនួន២ រួមមាន បច្ចេកទេសផលិត និងការផ្សព្វផ្សាយលក់ផលិតផល។
លោក អៀរ អ៊ុយ បញ្ជាក់ថា ឆ្លងកាត់បទពិសោធន៍ការងារនេះរយៈពេល៧ឆ្នាំ ក្រុមការងាររបស់លោកជោគជ័យច្រើនក្នុងការដោះស្រាយបញ្ហាបច្ចេកទេសហ្គេម របៀបទាញចំណូលផ្សេងៗ និងដំណោះស្រាយបញ្ហានានា ការផ្សព្វផ្សាយលក់វិញនៅតែជាចំណុចពិបាកដែលចាំបាច់ត្រូវរៀនសូត្រនិងអនុវត្តបន្ថែមទៀត។
លោកអះអាងដូច្នេះ៖ «យើងធ្វើ ខំធ្វើបន្តទៀត យើងមិនអាចប្រជែងនឹងបរទេសបានទេ តែយើងមានលក្ខណៈពិសេសរបស់យើង។ ប្រទេសក្នុងតំបន់ គេបង្កើតហ្គេម ៣០ ទៅ ៤០ឆ្នាំមកហើយ យើងទើបចេះក្រោយគេ ចាំបាច់ត្រូវរៀន»។
លោក អៀរ អ៊ុយ កាន់កាប់ក្រុមហ៊ុនចំនួន២ ដែលមួយទទួលផលិតហ្គេមលក់ឱ្យគេ និងផលិតលក់ខ្លួនឯង។ ក្រុមហ៊ុនមួយទៀត ទទួលបង្កើតកម្មវិធីកុំព្យួទ័រ កម្មវិធីទូរស័ព្ទ ជូនអតិថិជន។ ម្ចាស់ហ្គេម អាស្វា ទើបតែដាក់ឱ្យបណ្តា ជនសាកល្បងលេងហ្គេមថ្មីមួយទៀត ឈ្មោះថា Osja Village ខណៈដែលហ្គេម អាស្វា មានអ្នកដោនឡូតប្រមាណជាង៦សែននាក់រួចទៅហើយ។
បច្ចុប្បន្ន នៅកម្ពុជាមានក្រុមហ៊ុនផលិតហ្គេមស្តង់ដារចំនួន២ ដែលចេញមុខមាត់ជាសាធារណៈ ទី១ គឺ Sabbay Osja ដែលផលិតហ្គេមស្រួលៗលេង សម្រាប់មហាជនទូទៅ និង ក្រុមហ៊ុន DirectPlay ដែលផលិត ហ្គេមធំៗមានកម្មវិធីច្រើនសម្រាប់លេងកម្សាន្ត៕