លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយយល់ឃើញថា បរិយាកាសក្នុងសង្គម គឺជាចំណែកមួយបានធ្វើឱ្យមានក្មេងទំនើងកើតឡើង។ តែយ៉ាងណាអ្នកជំនាញរូបនេះ គាំទ្រចំពោះអនុសាសន៍របស់រាជរដ្ឋាភិបាល ក្នុងការគិតគូរយកក្មេងទំនើងឱ្យទៅបម្រើសកម្មភាពជាប្រយោជន៍ដល់កងកម្លាំងនៅតាមព្រំដែន ព្រោះវាអាចនឹងផ្ដល់ឱកាសដល់ពួកគេឱ្យកែប្រែចិត្តគំនិត ហើយចូលរួមជួយសង្គមជាតិ និងការពារទឹកដី។ ទន្ទឹមនេះ ដើម្បីឱ្យការងារនេះមានប្រសិទ្ធភាពបានលុះណាតែការអនុវត្តត្រូវធ្វើឡើងតាមសមធម៌ និងមានតម្លាភាពដោយគ្មានការរើសអើង និងប្រកាន់បក្ខពួក។ លោកបណ្ឌិត យង់ ពៅ ជឿជាក់ថា ប្រសិនបើការងារនេះអាចអនុវត្តទៅបាន នោះនឹងកាត់បន្ថយសកម្មភាពក្មេងទំនើងអុកឡុកក្នុងសង្គមបានមួយកម្រិតផងដែរ។
ស្រដៀងគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានគាំទ្រចំពោះផែនការរបស់រាជរដ្ឋាភិបាល ដែលគ្រោងយកក្មេងទំនើង ដែលដើរបង្កបញ្ហាអុកឡុកសង្គមឱ្យជួយក្នុងកិច្ចការងារនៅសមរភូមិ តែលោកស្នើឱ្យមានការសិក្សាផ្នែកច្បាប់ឱ្យបានស៊ីជម្រៅបន្ថែមទៀត ដើម្បីបញ្ចៀសបញ្ហាផ្សេងៗ។ បើតាមអ្នកជំនាញរូបនេះ ដើម្បីឱ្យការអនុវត្តលើក្មេងទំនើងទទួលបានប្រសិទ្ធភាពលុះណាតែការអនុវត្តប្រកបដោយតម្លាភាព និងមានកំណត់លក្ខខណ្ឌច្បាស់លាស់ ការបញ្ចៀសអំពើពុករលួយ និងការអនុវត្តច្បាប់លើមន្រ្តីដែលធ្វើខុសគោលការណ៍ជាដើម។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធសិក្សាផ្នែកច្បាប់ ដើម្បីយកក្មេងទំនើងដែលអាជ្ញាធរបានចាប់ខ្លួនដោយសារការអុកឡុក និងបង្កបញ្ហាអសន្តិសុខឱ្យជួយការងារនៅសមរភូមិជួរមុខ ជាពិសេសការធ្វើលេណដ្ឋាន។ សម្តេចបានសង្កត់ធ្ងន់ថា នេះមិនមែនជាការបញ្ជូនពួកគេឱ្យទៅកាន់អាវុធនោះទេ ប៉ុន្តែគឺជាការបណ្ដុះមនសិការស្នេហាជាតិ និងវិន័យយោធា ដើម្បីឱ្យពួកគេក្លាយជាពលរដ្ឋល្អឡើងវិញ ស្របពេលដែលសមត្ថកិច្ចត្រូវបន្តយុទ្ធនាការក្តៅក្នុងការបង្ក្រាបឱ្យបានទូទាំងប្រទេស៕
អត្ថបទ៖ បូ ដូឡា